​តុលាការ​ស្នើឱ្យ​ស្រង់​ស្ថិតិ​បន្ទាន់​អំពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ​

694
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១​និង​ទី​២​នៃ​ក្រសួងមហាផ្ទៃ​និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ស្នើសុំ​ស្រង់​ស្ថិតិ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ និង ១២​ខែ ។

ស្រង់​ទិន្នន័យ​បន្ទាន់​ពាក់​ព័​ន្ឋ​ពិ​រុ​ទ្ឋ​ជន​និង​ទណ្ឌិត​ដែល​មានតែ​សម្រង់​សាលក្រម​ឬ​សាលដីកា ដែល​មិនទាន់​ចូល​ជា​ស្ថាពរ និង​ស្រង់​ទិន្ន័យ​បន្ទាន់​ពាក់​ព័​ន្ឋ​នឹង​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​គឺ​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​។​

​ប្រភពព័ត៌មាន​ពី​ពន្ធនាគារ​បានបញ្ជាក់​សេចក្តី​បង្គាប់​នេះ​តម្រូវ​ឲ្យ​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទាំង​២ និង​ប្រធាន​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ​ត្រូវ​ស្រង់​ទិន្នន័យ​ទាំងអស់​និង​ធ្វើ​របាយការណ៍​លម្អិត​ដាច់ដោយឡែក​ពីគ្នា​តាម​ករណី​នីមួយៗ​រួច​ផ្ញើ​ល​ទ្ឋ​ផល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​ជា​កំហិត​ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ជួយ​មាន​វិធានការណ៍​និង​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​អោយទាន់​ពេលវេលា​និង​មាន​ប្រ​សិ​ទិ្ឋ​ភាព​បំផុត​តាមច្បាប់​កំណត់​។​

​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់ នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ​ថា លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើ​អធិការកិច្ច នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​នៅ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។

​ប្រភពព័ត៌មាន​បន្តថា​ការចុះ​ធ្វើ​អធិការកិច្ច​មើលឃើញថា​មាន​បញ្ហា​ស្មុគស្មាញ​និង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បានកើត​ឡើងជា​យូរ​មកហើយ​ហើយ​ត្រូវការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជាបន្ទាន់ ។ ក្នុងនោះ​រកឃើញ​ជាក់ស្ដែង​មាន​ជន​ត្រូវ​ចោទ និង ជនជាប់ចោទ ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា ៣​ខែ ៦​ខែ ១២​ខែ ព្រមទាំង​មាន​ពិរុទ្ធជន​និង​ទណ្ឌិត ដែល​មានតែ​សម្រង់​សាលក្រម , សាលក្រម និង សាលដីកា​ដែល​ពុំទាន់​បាន​ចូល​ជា​ស្ថាពរ​នៅឡើយ ។

​លើសពីនេះទៅទៀត រកឃើញ​ជាក់ស្ដែង​នូវ​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​រួមមាន ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ត្រូវបាន​ឃុំខ្លួន​រហូតមកដល់​ស​ព្វ​ថ្ងៃ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ដែល​បញ្ហា​នេះ​គឺជា​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ ។

​ប្រភពព័ត៌មាន​បន្តទៀត​ថា ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​ដាច់ខាត​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ស្តីពី​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធតុលាការ​ព្រមទាំង​លុបបំបាត់​ឱ្យបាន​ទាំងស្រុង​នូវ​ការឃុំខ្លួន​ហួស​ថិរវេលា ,​លុប​ឱ្យបាន​ទាំងស្រុង​នូវ​ការចេញ​សម្រង់​សាលក្រម​ដែល​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ចូល​ជា​ធរមាន និង ប្រកាស​ឱ្យប្រើ​តាំងពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៧ ។

​ក្រោយ​ការប្រកាស​សាលក្រម​រួច​ច្បាប់​បានកំណត់​ត្រូវ​ចេញ​សាលក្រម​ក្នុង​រយៈពេល​យ៉ាងយូរ​៨​ថ្ងៃ​ឱ្យមក​ពន្ធនាគារ​ដើម្បី​អនុវត្ត​ជា​ប្រយោជន៍​ទូទៅ​ដល់​ទណ្ឌិត​ក្នុងការ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង លើកលែងទោស​តាមច្បាប់​ស្តីពី​ពន្ធនាគារ​និង​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក៏ដូចជា​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សុខុមាលភាព ជន​ជាប់ឃុំ ពិសេស​ដើម្បី​អនុវត្ត​ស្របតាម​បទដ្ឋាន​គតិយុត្ត​ជាតិ និង អន្តរជាតិ​ព្រមទាំង​បញ្ជៀ​ស​ឱ្យបាន​ទាំងស្រុង​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​របស់​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​ស្ទើរ​គ្រប់​ពន្ធនាគារ​ទូទាំងប្រទេស ៕S/​

តុលាការ​ស្នើឱ្យ​ស្រង់​ស្ថិតិ​បន្ទាន់​អំពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ​