​តុលា​ការចេញ​ដីកា​កោះហៅ​មេធាវី​សម្តេច​សខេង​បំភ្លឺ​រឿង​ប្តឹង​លោក​សម រង្ស៊ី​

1429
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​មេធាវី​ចំនួន​បីនាក់​(​មេធាវី​ពេជ្រ​សូរិយា​ចៅ​ប៊ុន​ហួន ហាក់ សៀក​លី​) តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៧​ខែកក្កដា​ខាងមុខនេះ​ពាក់ព័ន្ធ​ករណី​ប្តឹង​លោក​សម រង្ស៊ី អំពី​មរណៈភាព​លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។

ចំណែក​លោក​សមរង្ស៊ី​ត្រូវបាន​តុលាការ​កោះ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​ដីកាកោះ​ចេញ​ដោយ​លោក​សេង គឹម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យបណ្ដឹង​ចូលទៅ​តុលាការ​ប្ដឹង​ទណ្ឌិត​សមរង្ស៊ី​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​ការដាក់​ពាក្យបណ្ដឹង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​តាមរយៈ​លោក​ហាក់​សៀក​លី​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្ដេច​ក្រឡា​ហោម​សខេង​។​

​នៅក្នុង​ពាក្យបណ្ដឹង​បាន​ជម្រាបជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​ឈ្មោះ​សមរង្ស៊ី​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​អំពី​ការទទួល​មរណភាពរ​បស់​លោក​ហុក​ឡង់ឌី​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែលមាន​ខ្លឹមសារ​ថា​”​ឥឡូវនេះ​លោក​ឌី​វិជ្ជា​ដឹង​ច្បាស់​ពី​ឃាតកម្ម​លើ​បិតា​របស់លោក​លោក​ឌី​វិជ្ជា​កំពុង​គិតគូរ​អំពី​ផែន​ការសង់​សប្តាហ៍​របស់លោក​។

​ផែនការ​នេះ​មានការ​គាំទ្រ​ពី​លោក​សខេង​ពីព្រោះ​លោក​សខេង​ដឹងខ្លួន​ថា​លោក​ហ៊ុនសែន​កំពុង​រៀបចំ​ផែនការ​ដកតំណែង​រប​ស់​គាត់​ឬ​កម្ចាត់​គាត់​តែម្ដង​ដើម្បី​ឲ្យ​កូនប្រុស​បង្កើត​របស់លោក​ហ៊ុន សែន គឺ​លោក​ហ៊ុន​ម៉ា​ណែ​ត​លោក​ហ៊ុន​ម៉ានិត​និង​លោក​ហ៊ុន​ម៉ា​នី​មក​បន្តវេន​ពី​លោក​ហ៊ុនសែន​ដោយ​មិនមាន​នរណា​អាច​រារាំង​បាន​ចំពោះ​នយោបាយ​គ្រួសារនិយម​របស់លោក​ហ៊ុនសែន​នេះ​”​។

​ក្រោយមកទៀត​នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩​ឈ្មោះ​សមរង្ស៊ី​បានផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​VOA​ដោយ​ក្នុង​បទសម្ភាសន៍​នោះ​ឈ្មោះ​សមរង្ស៊ី​បាន​និយាយ​នូវ​ខ្លឹមសារ​ហាត់​ប្រហែល​និង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​។​

ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស​និង​មួលបង្កាច់​របស់​ឈ្មោះ​សមរង្ស៊ី​ខាងលើនេះ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មានការ​សង្ស័យ​គ្នា​នឹង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​អាចធ្វើ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​។​

​ទង្វើ​ទាំងនេះ​បញ្ជាក់​ច្បាស់​ថា​ឈ្មោះ​សមរង្ស៊ី​មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់​បំផុសបំផុល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​មាន​ចេតនា​និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម​បំភ្លេច​បំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ​និង​សន្តិភាព​របស់​ជាតិ​ទាំងមូល​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​ប្ដឹង​សុំ​ឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​ឈ្មោះ សម រង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​ឲ្យ​ឈ្មោះ សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​បួន​ពាន់ លាន​រៀល​និង​សុំ​លោក​រាជអាជ្ញា​មេត្តា​ពិនិត្យ​និង​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ​សមរង្ស៊ី​តាមច្បាប់​៕S/