​តួរង​ម្នាក់​ក្នុង​រឿង​ឃាតកម្ម​មួយ​បាន​បកស្រាយ​ពី​ការចាប់ខ្លួន​រូបគេ​ខុស​

1625
ចែករម្លែក
  • 115
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​:​បន្ទាប់ពី​បាន​ដេក​ក្នុង​ទ្រុង​នៅ​ទីបញ្ជាការ​អាវុធហត្ថ​៥​ថ្ងៃ​ហើយ​បន្តទៅ​ដេក​ក្នុង​ពន្ធនាគារ​រយៈពេល​៨​ថ្ងៃ​ទៀត​នោះ​តួរង​ម្នាក់​ក្នុង​រឿង​ឃាតកម្ម​ចាក់​សម្លាប់​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត បាន​ចេញមុខ​បកស្រាយ​ពី​ការចាប់ខ្លួន​រូបគេ​ខុស ដល់​អ្នកកាសែត​។​

​លោក​ព្រហ្ម សុ​ព្រឹក្ស តួរង ក្នុង​រឿង​ឃាតកម្ម​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨​នេះ បាន​បរិយាយ​ប្រាប់​អ្នកកាសែត​ថា អ្នកភូមិ​ក្បែរ​ខាង ក្រុម​សាច់ញាតិ ពិសេស​រូបលោក​ផ្ទាល់ មានការ​អាម៉ាស​និង​សោកស្តាយ​យ៉ាងខ្លាំង​ដែល​សុខៗ​ត្រូវគេ​ចាប់ខ្លួន​បញ្ជូនទៅ​ឲ្យ​ដេក​ក្នុង​គុក​ជាច្រើន​ថ្ងៃ​។ ក្រៅពី​ដេក​ក្នុង​គុក​ទាំង​គ្មាន​កំហុស​ហើយ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ថែមទៀត នេះ​គឺជា​រឿង​មួយ​ដែល​មិន​ធ្លាប់​ជួប​ក្នុង​ឆាកជីវិត​។

​លោក​បន្តថា រឿង​មួយ​នេះ​ប្រហែលជា​មិនអាច​បញ្ចប់​បាន​នោះទេ គឺ​ត្រូវតែ​ប្តឹង​តបត ទាំង​អ្នកផ្តល់​ព័​ត៏​មាន អ្នកផ្តល់​រូបភាព អ្នក​ផ្សាយ​មិន​ពិត ពិសេស​ស្ថាប​ន័​តុលាការ ដែល​មិន​ព្រម​ដោះលែង​ទោះបី​ដឹងថា​រូបគេ​(​ព្រហ្ម​សុ​ព្រឹក្ស​)​មិនមែនជា​ឃាតករ​ហើយ​(​ចាប់បាន​ឃាតករ​ពិត​)​។​សុ ព្រឹក្ស បន្ថែមថា កន្លងមក​រូបគេ​ពិតជា​ធ្លាប់​ស្គាល់ ជនរងគ្រោះ​ប្រាកដ​មែន តាមរយៈ​ទិញ​លក់​ដី ពីព្រោះ​រូបគេ​ជា​អ្នករកស៊ី​ដី​(​គួ​ជេ​ដី​ឡូ​ត៏​) ហើយក៏​ធ្លាប់​ថតរូប​ជាមួយគ្នា​ថែមទៀត កាលពី​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​។

ប៉ុន្តែ​ក្នុង​ថ្ងៃកើតហេតុ​(​ឃាតកម្ម​) រូបគេ​មិនបាន​ដឹង​នោះទេ ហើយក៏​មិនបាន​នៅក្នុង​ក្រុង​សៀមរាប​ទៀត គឺ​ទៅ​ដេក​ផ្ទះ​សង្សារ ឯ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ។​លុះ​ព្រឹក​ឡើយ​ទើប​ត្រឡប់មក​ទីតាំង​ដី​ឡូ​ត៏​វិញ​។ ចំពោះ​រឿង​ឃាតកម្ម​មួយ​នេះ មិន​ជាប់​ពាក់​ព​ន្ធ័​នឹង​រូបគេ​នោះឡើយ​។ ប៉ុន្តែ​បែ​ជា​ត្រូវ​រងគ្រោះ ដោយ​ភាព​អ​យុ​ត្តិ​ធ​ម៏​ទៅវិញ​។​

​ក្នុង​ឥរិយាបទ​បង្ហាញ​ពី​ការសោកស្តាយ សុ ព្រឹក្ស ក៏បាន​រៀបរាប់​អំពី​ការចាប់ខ្លួន​ដំបូង រហូត​ពេល​ចូលទៅ​ដេក​ក្នុង​ពន្ធនាគារ​។ ក្នុងពេល​ចាប់ខ្លួន សមត្ថកិច្ច​ក្នុង​ឯកសណ្ឋាន​ស៊ីវិល បាន​ទៅ​សួ​រក​ទិញ​ដី បន្ទាប់មក​ក៏​ចាប់​បញ្ចូល​ឡាន ហើយ​យកទៅ​សាកសួរ​នៅ​ទីបញ្ជាការ​ប៉េអឹម ចាប់ពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​រហូតដល់​ថ្ងៃទី​៣០​ខែ​ដដែល ទើប​បញ្ជូនទៅ​តុលាការ​។

បន្ទាប់ពី​សាកសួរ តុលាការ​ក៏បាន​បញ្ជូនទៅ​ពន្ធនាគារ រហូតដល់​ថ្ងៃទី​៧​ខែឧសភា វេលា​ម៉ោង​៦​ល្ងាច​ទើប​ចេញ​។ ឆ្លងកាត់​ការចាប់ខ្លួន​នេះ ថ្វីត្បិតតែ​មានការ​សាកសួ​រ តែ​មិនមាន​ការវ៉ៃតប់​ពី​សមត្ថកិច្ច​អី​នោះទេ​។ លុះ​ពេល​បញ្ជូន​ទៅដល់​ពន្ធនាគា​រ ក៏ត្រូវ​គេ​វ៉ៃ​ចំនួន​៦​ដៃ​ពីក្រោយ ខណៈ​កំពុង​អង្គុយ​ពេល​ប៉ូលិស​សាកសួរ តែ​មិនដឹងថា ន​ណា​ជា​អ្នក​វ៉ៃ​នោះទេ ព្រោះ​ត្រូវ​ទំងន់ដៃ​វិល​អស់ហើយ​។
​តួរង ដដែល​នេះ បញ្ចា​ក់ថា នៅ​ថ្ងៃទី​៧​ខែឧសភា​ទើប​ដឹងថា ឪពុក​របស់ខ្លួន​ពឹងពាក់​មេធាវី​ឲ្យ​ធានា​ខ្លួន​រូបគេ​ចេញពី​គុក តាមរយៈ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លេខ ២០១៩​ពស​.​ព្រ​ស​(​ឈ​)​ចុះ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៨​របស់​សាលាដំបូង​ខេ​ត្រ​សៀមរាប​។ តែ​មិនបាន​បញ្ជាក់​លំអិត​ថា ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទើបបាន​ចេញពី​គុក​នោះទេ គ្រាន់តែ​ដឹងថា សរុប អាច​អស់​ខ្ទង់ពាន់​ដុល្លារ​។ ចំណុច​នេះហើយ​ដេ​ល​រូបគេ ហាក់​មិន​អស់ចិត្ត ហើយ​មានបំណង​ចង់​ប្តឹង​តបត​ឡើងវិញ​។​

​ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម​ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ រូបគេ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨ ពាក់​ព​ន្ធ័​ការសង្ស័យថា ជា​ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម សម្លាប់​បុរស​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្រុង​សៀមរាប​។ ប៉ុន្តែ​ក៏ត្រូវ​បាន​ដោះលែង​មកវិញ​នៅ​ល្ងាច​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៨ ក្រោយពី​ចាប់បាន​ឃាតករ​ពិត​។​
សូមបញ្ជាក់ថា បុរស់​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង​9​យប់​ថ្ងៃទី​23​ខែមេសា​2018 ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង​7​ព្រឹក​ថ្ងៃទី​24​ខែ មេសា​។ ជនរងគ្រោះ​មាន ឈ្មោះ​ពិត បារាំង អាយុ​45​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ​។ ក្រោយ​ធ្វើ​សក ម្ម​ភាព​ឃាតករ​បាន​រត់គេចខ្លួន​បាត់ ហើយ​ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់​។​

លុះ​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ឃាតករ​ពិត​ម្នាក់​និង​បក្ខពួក​សមគំនិត​ម្នាក់​ទៀត ហើយ​នាំយក​ទៅធ្វើ​ត្រាប់ អំពី​សកម្មភាព​ចាក់​សម្លាប់​ទាំងស្រុង​វិញ​។ ជន​ដែល​ចាប់ខ្លួន​ទី​១​ឈ្មោះ​សយ ឡុង ហៅ​ជ្រូក ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ថ្នល់​ដាច់​ខាងលិច ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម​(​ជនដៃដល់​)​ទី​២​ឈ្មោះ​អ៊ុន ប៉ូឡូញ ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ដំ​ដែក​លើ​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​(​ជា​ជន​សមគំនិត​)​។​

នៅ​រសៀល​ថ្ងៃទី​៨​ខែឧសភា​ដដែល​នេះ ព្រហ្ម សុ​ព្រឹក្ស បានបញ្ជាក់​ចុងក្រោយ​ថា ឆ្លងកាត់​ការពិចារណា​ពី​ក្រុម​សាច់ញាតិ រូបគេ​សម្រេច​ឈប់​ប្តឹងផ្តល់​អី​ទាំងអស់ តែ​សុំ​មេត្តា កុំ​ឲ្យ​អ្នក​គ្មាន​កំហុស​រងគ្រោះ​និង​ខាតបង់​ដូច​រូបគេ​ទៀត​៕S/

​រូបភាពៈ​ពាក់អាវ​ស​ឈ្មោះ​ព្រហ្ម​សុ​ព្រឹក្ស ដោះអាវ​ពេល​ប៉េអឹម​ចាប់ ឯ​ពាក់​អាវខ្មៅ​ជាប់​ខ្នោះ​ឈ្មោះ​សយ​ឡុង​ជា​ជនដៃដល់​និង​ស្លៀកខោ​ក្រហម​ជន​សមគំនិត​ឈ្មោះ​អ៊ុន ប៉ូឡូញ​។​