​តួ​ស្ពាន​បា​ឡេ​មួយ​អាច​នឹងរង​ខូចខាត​ប្រសិនបើ​មាន​ដើមឈើ​ហូរ​តាម​ទឹក​មក​បុក​

280
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​តួ​ស្ពាន​បា​ឡេ​មួយកន្លែង​ដែល​ផ្សាភ្ជាប់​គ្នា​រវាង​ឃុំ​ចុង​ផ្លាស់​និង​ឃុំ​មេ​ម៉​ង​ប្រឈម​និង​ការខូចខាត​ប្រសិនបើ​មាន​ដើមឈើ​ដែល​ដួលរលំ​ហូរ​តាម​ទឹក​មក​បុក​ស្ពាន​នោះ​។​នេះ​បើតាម​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​។​
​លោក​យន់​សា​រ៉ោ​ម​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជន​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៧​សីហា​កម្រិត​ទឹក​នៅ​ជន់​លិច​លើ​ស្ពាន​កម្ពស់​ជាង​កន្លះ​ម៉ែត្រ​។​តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​តួ​ស្ពាន​នោះទេ​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ទឹកបាន​ជន​លិច​ស្ពាន​តាំងពី​វេលា​អា​ធ្រា​ត្រ​ថ្ងៃទី​៦​ចូល​ថ្ងៃទី​៧​សីហា​ដោយបាន​បន្ត​ជន​ឡើង​លិច​ដល់​ផ្លូវលំ​ទីប្រជុំជន​ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាំ​ដុះ​នៅ​ជិត​មាត់​អូរ​ទេរ​។​

​លោក​យន់​សា​រ៉ោ​ម​បញ្ជាក់ថា​ដោយ​ព្រួយបារម្ភ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​ចាំបាច់​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន និង​ជៀសវាង​មាន​ដើមឈើ​ធំៗ​ហូរ​តាម​ទឹក​ជន​មកពី​តំបន់​ផ្នែក​ខាងលើ ទៅបុក​តួ​ស្ពាន ។​លោក​បានឱ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កងកម្លាំង​វិស្វកម្ម​ដាក់​គ្រឿងចក្រ​ប្រចាំការ​ដើម្បី​ការពារ​ឈើ​ទៅបុក​ស្ពាន​នោះ​៕S/​