​តើ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី មាន​ភារកិច្ច​អ្វីខ្លះ​?

309
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន​
​ភ្នំពេញៈ
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដោយ​យោងតាម​តម្រូវការ ចាំបាច់ របស់​រាជរដ្ឋាភិបាល​។​

​បើ​យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ប្រការ ១. កំណត់​របៀបរបប​ការងារ និង​បែងចែក​ភារកិច្ច ជូន​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស សំដៅ​ធានា​ការអនុវត្ត​ច្បាប់ និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ ។​

​ប្រការ​២. នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម របស់​គណៈរដ្ឋមន្ត្រី និង​ចាត់ចែង​បញ្ហា​រាល់​សកម្មភាព របស់​រាជរដ្ឋាភិបាល លើ​គ្រប់​វិស័យ​។​

​ប្រការ​៣. ឧបនាយករដ្ឋមន្ត្រី​:
១- សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា នាយករដ្ឋមន្ត្រី​ស្តីទី ពេល​នាយករដ្ឋមន្ត្រី អវត្តមាន ជួយ​នាយករដ្ឋមន្ត្រី លើ​ការងារ​សន្តិសុខ​ជាតិ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស ការដឹកនាំ​ប្រតិបត្តិ​ការទប់ស្កាត់ និង​ប្រឆាំង​ភេរវកម្ម ការងារ​គណៈកម្មាធិកា​រ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​ការ​បំផ្លាញចោល​អាវុធ ព្រមទាំង​ការងារ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការងារ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។​

២. សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ការពារជាតិ ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុង​ការបញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កិច្ច​ការបញ្ជូន​កងកម្លាំង ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ និង​ទទួល​សិទ្ធិ​ពី នាយករដ្ឋមន្ត្រី ក្នុងការ​បញ្ហា​
​អង្គភាព​ពិសេស​ប្រឆាំង​ភេរវកម្ម ក្នុងពេល​នាយករដ្ឋមន្ត្រី អវត្តមាន​។​

៣-​ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ផ្ដល់យោបល់ ជូន​នាយករដ្ឋមន្ត្រី អំពី​ក្របខ័ណ្ឌ​គោលនយោបាយ​ក្រៅប្រទេស ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​សំណើសុំ​កូន ការសុំ​លា​សញ្ជាតិ និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

៤- លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី លើ​ការងារ​អធិការកិច្ច និង​សវនកម្ម ព្រមទាំង​ជួយ នាយករដ្ឋមន្ត្រី លើ​ការងារ​សង្គម​។​

៥- ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ សម្របសម្រួល​កិច្ចការ សម្រាប់​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និង​បណ្តា​ឧបនាយករដ្ឋមន្ត្រី ជួយ​នាយករដ្ឋមន្ត្រី ក្នុង​ការងារ​តាមដាន សម្របសម្រួល​ដំណើរការ តុលាការ​កាត់ទោស អតីត​មេដឹកនាំ​ខ្មែរក្រហម ដឹកនាំ​ផ្ទាល់​ក្រុមប្រឹក្សា​អ្នកច្បាប់ ព្រមទាំង​ជួយ​នាយករដ្ឋមន្ត្រី ក្នុងការ​រៀបចំ​ចម្លើយ​តប​នឹង​សំណួរ របស់​សមាជិក​រដ្ឋសភា ស្របតាម​នីតិវិធី ដូច​មានចែង​ក្នុង​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ ជំនួស​នាយករដ្ឋមន្ត្រី ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់ ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកលែងតែ​ការងារ ដែលមាន​វេទយិតភាព​ខ្ពស់ ដែល​តម្រូវឱ្យ​សុំ​ការណែនាំ ឬ​ការសម្រេច​ពី នាយករដ្ឋមន្ត្រី ជួយ​នាយករដ្ឋមន្ត្រី លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​។​

៦- ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដឹកនាំ​សម្របសម្រួល វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។​

៧- ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការងារ​ពិសេស​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។​

៨- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ការបរទេស ការសម្របសម្រួល ការបញ្ជូន​កងកម្លាំង​កម្ពុជា ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ និង​ការងារ​ពិសេស​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។​

៩- ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ គាំពារ​សង្គម ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់ របស់​នាយករដ្ឋមន្ត្រី​។​

១០- ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។​

​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​៖
១- ឯកឧត្តម ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​បញ្ជូន​កងកម្លាំង​កម្ពុជា ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដោយ​រួម​ការងារ​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ឯកឧត្តម ប្រាក់ សុខុន ការងារ​ស្វែងរក​អដ្ឋិធាតុ យុទ្ធជន​អាមេរិក និង​វៀតណាម និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

២- ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ អតីតយុទ្ធជន​និង​ជនពិការ ទទួលបន្ទុក​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

៣- ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​មីន និង​គ្រាប់​មិនទាន់​ផ្ទះ ការងារ​វិស្វកម្ម កងយោធពល​ខេមរភូមិន្ទ និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

៤- ឯកឧត្តម ឱម យិន​ទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រាជរដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

៥- ឯកឧត្តម អៀង ម៉ូ​លី ទេសរដ្ឋមន្ត្រី​ទទួល បន្ទុក​ដឹកនាំ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​។​

៦- ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​។​

៧-​ឯកឧត្តម យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​

៨- ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជា អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

៩- ឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជានា​យក​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

១០- ឯកឧត្តម ហ៊ុន ហ័ង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អនុប្រធាន​ប្រចាំការ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។​

១១- ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អេ​ស្តាប់ និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន​។​

១២-​ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី លើ​ការងារ​ចលនា​មូស្លីម និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់ របស់​នាយករដ្ឋមន្ត្រី​៕​v

#