​តេ​ក្វាន់​ដូ WT ចេញទៅ​ត្រាំ​ពិស នៅ​កូរ៉េ ត្រៀម​ស៊ី​ហ្គេម​

168
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពី​យប់ ថ្ងៃទី​១៦ កញ្ញា ២០១៩ កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ចំនួន ៩ រូប បានចេញ​ដំណើរ ឆ្ពោះទៅកាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ហ្វឹកហាត់ នៅ​ទីនោះ ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ។

ទិដ្ឋភាព​ប្រគល់​ប្រាក់ឧបត្ថម្ភ​

​ក្នុងចំណោម​អត្ត​ព​លិ​ក ទាំង ៩ រូបនោះ មាន​កីឡាករ ចំនួន ៥ រូប និង​កីឡាការិនី ចំនួន ៤ រូប ដែល​ក្នុងនោះ​មាន​កីឡាការិនី ស៊ន សៀវ​ម៉ី មួយរូប​ដែរ​។ ជាមួយនឹង​ការចេញ ទៅ​ហ្វឹកហាត់​នេះ ធនាគារ PPC Bank បានផ្ដល់​ថវិកា ចំនួន ១០.០០០ ដុល្លារ សម្រាប់​ដោះស្រាយ​សំបុត្រ​យន្ដហោះ និង​ការចំណាយ ផ្សេងៗ ។​

​លោក Shin Chang Moo ដែលជា​ប្រធាន​ធនាគារ PPC Bank បាន​បញ្ជាក់ថា ការ​ចេញទៅ​ហ្វឹកហាត់​នេះ ត្រូវតែ​គោរព​វិន័យ សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​កីឡាករ បើ​សម្រាក​មិនបាន​គ្រប់គ្រាន់​ទេនោះ វា​នឹង​បាត់បង់​កម្លាំង ហាត់​មិនបាន​គ្រប់គ្រាន់ ។​

ទិដ្ឋភាព​ប្រគល់​ប្រាក់ឧបត្ថម្ភ​

​លោក ជ្រិ​ន សុធា អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​មានប្រសាសន៍ថា ការ​ចេញទៅ​ហាត់ នៅ​កូរ៉េ​នេះ គឺ​យើង​ហ្វឹកហាត់ ជាមួយ​គ្រូ​ដែលមាន Ranking ល្អៗ នៅក្នុង​ប្រទេស​កូរ៉េ មិនតែប៉ុណ្ណោះ ក៏មាន​ការប្រកួត​ច្រើន​ដែរ ហើយ​បើ​នៅ​ប្រទេស​កូរ៉េ មាន​ព្រឹត្តិការណ៍​អ្វី​នោះ កម្ពុជា នឹងចូលរួម​ប្រកួត​ភ្លាម​។ តាម​ការគ្រោងទុក ពួកគេ ហ្វឹកហាត់ នៅ​ប្រទេស​កូរ៉េ រហូតដល់​ថ្ងៃទី​១៥ វិច្ឆិកា ទើប​ត្រឡប់មកវិញ និង​បន្ត​ហាត់​នៅ​ប្រទេស​ខ្មែរ ១៥ ថ្ងៃ​ទៀត មុន​ចេញដំណើរ ទៅ​ប្រទេស​ហ្វីលីពីន ។​

​លោក​អនុប្រធាន​សហព័ន្ធ បាន​អះអាងថា តេ​ក្វាន់​ដូ WT មិន​ត្រឹម​តែមាន​មហិច្ឆតា មេដាយ​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចូលរួម​ជម្រុះ​អូឡាំពិក​ហ្គេម សម្រាប់​អូឡាំពិក​តូ​ក្យូ ២០២០ ទៀតផង ។ លោក​បាន​បន្តថា ក្រៅពី​កីឡាការិនី ស៊ន សៀវ​ម៉ី កម្ពុជា​នៅមាន​កីឡាការិនី ខ្មែរ​សញ្ជាតិ​អាមេរិក និង​កីឡាករ​វ័យក្មេងៗ ដែល​ប្រកបដោយ​ឋា​ម​ភាព​ទៀតផង​។​

ទិដ្ឋភាព​ប្រគល់​ប្រាក់ឧបត្ថម្ភ​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​ធនាគារ PPC Bank បាន​ជួយ​ឩ​ប​ត្ថ​ម្ភ​ថវិកា ដល់​កីឡាករ កីឡាការិនី ក្នុងការ​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត នៅក្រៅ​ប្រទេស ។ នេះ​ក៏​មិនមែន ជា​លើកចុងក្រោយ​ទេ ធនាគារ​នេះ នឹង​នៅតែ​បន្ត​គាំទ្រ ដល់​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា ។​

​កីឡាការិនី ស៊ន សៀវ​ម៉ី ក៏បាន​និយាយ​ដែរ​ថា ពេលនេះ នាង​មាន​សុខភាព​ល្អ​ណាស់ ឯ​ជង្គង់​របស់​នាង ក៏​មិនមាន​បញ្ហា​ដែរ នាង​អាច​ប្រកួត​បាន ចំពោះ​កម្លាំង​របស់​នាង ក៏​ល្អ ប​ច្ចក​ទេស ក៏​រីកចម្រើន​ដែរ​៕v