​តែងតាំង​តំណែង​អគ្គមេបញ្ជាការ​-​នាយសេនាធិការ​ចម្រុះ​-​មេបញ្ជាការ​កងទ័ពជើងគោក​

1273
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​អគ្គមេបញ្ជាការ នាយសេនាធិការ​ចម្រុះ និង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​។​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

​នេះ​បើតាម​ការ​ឱ្យដឹងពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ​បាន​មានប្រសាសន៍ថា នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រសួងការពារជាតិ​នឹង​ប្រកាស​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​ចំនួន​បី​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​នៅក្នុង​ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ឯក​វង្ស​ពិ​សេន​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ដំឡើង​ឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​បួន​)​។

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សារ៉ាត់​ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​និង​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​សូមជម្រាបថា ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​បី​រូប នៃ​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ​ធ្វើឡើង​តាម​លិខិត​ទូល​ស្នើសុំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ក្នុង​លិខិត​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បានទូល​ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ​ថា យោងតាម​ការងារ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ដោយ​ផ្អែកទៅលើ​ស្នាដៃ​និង​បទពិសោធន៍​ក្នុង​ការបំរើ​ការងារ​ជូន​ជាតិ​មាតុភូមិ​កន្លងមក​។​

​តាងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុនសែន​សូម​ទ្រង់​ប្រោស​ព្រះរាជទាន​តែងតាំង​មុខងារ​និង​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ ដល់​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ទាំង ៣​រូប​ខាងលើនេះ​៕S/​