​តំណាង ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ទៅ ទទួល​មេដាយមាស​សំរាប់​ផលិតផល​៤​ប្រភេទ​នៅ​អេ​ស្ប៉ា​ញ​

1035
ចែករម្លែក

ដោយ​: គឹម ប៊ុន / ភ្នំពេញ​: លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានចេញ​ដំណើរ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៨ ដើម្បី​ទៅ​ទទួល​មេដាយមាស និង​មាស​កំពូល (Gold and Grand Gold Monde Selection Awards) សរុប​បួន​មេដាយ សម្រាប់​ផលិតផល​បួន​ប្រភេទ​របស់​ខ្លូន​។​

​លោក អគ្គនាយក បាន​ឲ្យ​ដឹងថា​ផលិតផល​បី​របស់​ក្រុមហ៊ុន គឺ​ស្រា​បៀរ​កម្ពុជា អាយ​ស៍​កូ​ឡា (Ize Cola) និង​វើក (Wurkz) បានឈ្នះ​មេដាយមាស Gold Monde Selection Award ម្នា​ក់មួយ ខណៈ អាយ​ស៍​ឡេ​មិន (Ize Lemon) បានឈ្នះ​មេដាយមាស​កំពូល Grand Gold Monde Selection Award ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​លោក​អគ្គនាយក បាន​បន្តថា «​ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស​ពីព្រោះ យើង​បានឈ្នះ​មេដាយ​បញ្ជាក់​គុណភាព​លំដាប់​អន្តរជាតិ ចំនួន​បួន​ក្នុងពេល​តែមួយ​។ ទាំងនេះ​បញ្ជាក់ថា ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ផលិតផល​ខ្មែរ​យើង​ពិត​ជាមាន​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន​អន្តរជាតិ​»​។ លោក​សង្កត់ធ្ងន់ថា «​ខ្មែរ​យើង​អាចធ្វើ​បាន ធ្វើ​បានល្អ និង ល្អជា​រៀងរហូត​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្រា​បៀរ​កម្ពុជា ដែលជា​ផលិតផល ដំបូង​របស់ ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស បានឈ្នះ​មេដាយ​អន្តរជាតិ​បញ្ជាក់​ពី​គុណភាព​នេះ សរុប​បួន​មេដាយ​រួចមកហើយ បើ​គិត​ត្រឹម​ឆ្នាំ​២០១៧​។ មេដាយមាស​ថ្មី​នេះ​នឹង​ក្លាយជា​មេដាយ​ទី​៥ ដែល​ស្រា​បៀរ​កម្ពុជា​ទទួលបាន​៕

#