​តំបន់​ធ្លា​ប់រង​ការលិចលង់ បាន​ខកខាន ដោយសារ​ទំនប់​វា​រី​អគ្គិសនី​

1044
ចែករម្លែក

ដោយ​៖ បូកគោ​ /
​កំ​ពតៈ ក្រៅពី​ការផ្តល់​ប្រយោជន៍ ជា​ឋា​ម​ពល​អគ្គិសនី សម្រាប់​ទូទាំងប្រទេស ទំនប់​វា​រី​អគ្គិសនី​កំចាយ អាច​កែប្រែ​ភាព​លិចលង់ ដោយ​ជំនន់​វស្សា លើ​ភូមិសាស្ត្រ​មួយចំនួន ក្នុងស្រុក​ទឹកឈូ និង​ក្រុង​កំពត បាន​ទាំងស្រុង​។

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​គ្រប់គ្រង គ្រោះមហន្តរាយ ប្រចាំឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី ២ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ អគ្គនាយករង ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​រៀបរាប់ថា ទំនប់​វា​រី​អគ្គិសនី​កំចាយ មាន​ចំណែក​យ៉ាងសំខាន់ ក្នុង​ការបង្ការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះទឹកជំនន់ នៅ​ខ្សែទឹក​ផ្នែក​ខាងក្រោម ដែល​តែង​កើតមាន​រៀងរាល់ឆ្នាំ នាពេល​កន្លងមក​។ ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ការ​ជន់​លិច រៀងរាល់​រដូវវស្សា​។

​លោក​អគ្គនាយករង​ក្រុមហ៊ុន បាន​បញ្ជាក់ថា បន្ទាប់ពី​ចាប់ដំណើរការ ក្រោយ​ការសាងសង់​ទំនប់ ហើយ​រួចរាល់ ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ ត្រូវបាន​កាត់បន្ថយ និង​ធានាបាន​នូវ ការផ្គត់ផ្គង់​ទឹកសាប នៅ​ផ្នែក​ខាងក្រោម បាន​គ្រប់គ្រាន់ ទាំង​ប្រាំង​វស្សា​។ ទាំងនេះ​បានបង្ហាញ ឱ្យឃើញ​ពី​ប្រសិទ្ធភាព របស់​ទំនប់ ក្នុងការ​ការពារ​ទឹកជំនន់ ក៏ដូចជា ការ​ទប់ទល់​ភាពរាំងស្ងួត នា​រដូវប្រាំង បន្ថែម​ពីលើ​ការផ្គត់ផ្គង់​អគ្គិសនី នៅ​ទូទាំងប្រទេស​នោះ​។​

​លោក ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្តកំពត បាន​បញ្ជាក់ថា ដោយ​ការយកចិត្តទុកដាក់ និង​បង្ការ​ជាមុន សម្រាប់​គ្រោះមហន្តរាយ អាជ្ញាធរ​ខេត្តកំពត សហការ​ជាមួយ អង្គការ​ដៃគូ បាន​ដំឡើង​ប្រព័ន្ធ​វាស់​ស្ទង់ កម្ពស់​ទឹកជំនន់ និង​ប្រព័ន្ធ​ប្រកាសអាសន្ន ឱ្យដឹង​ជាមុន ស្ថិត​ក្នុងភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខាងក្រោម​ផ្នែក​ខ្សែទឹក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​។​

​ជាមួយនឹង​ការរាយការណ៍ ឱ្យដឹង​ដូចខាងលើ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​មានប្រសាសន៍ថា បន្ថែម​លើ ការយកចិត្តទុកដាក់​ទាំងនេះ គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្តកំពត ត្រូវ​ណែនាំ​ដល់ អាជ្ញាធរ​មូលដ្ឋាន ឱ្យ​បន្ត​អប់រំ​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះដឹង ដល់​ប្រជាពលរដ្ឋ បាន​យល់​ជ្រួតជ្រាប អំពី​ការទទួល​ព័ត៌មាន​ផ្សេងៗ ទាក់ទិន​នឹង​សញ្ញា ឬ​ស្នូរ​ប្រកាសអាសន្ន មុនពេល​ហេតុការណ៍ ណាមួយ​កើតឡើង​។ លើសពីនេះ គ្រប់ផ្នែក​ពាក់ព័ន្ធ ត្រូវបំពេញ​ការងា​រឱស​កម្ម​ថែមទៀត ជុំវិញ​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​៕​V

#