​តំបន់​អន្លង់វែង​ជា​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ខ្ញុំ​

2437
ចែករម្លែក
  • 32
    Shares

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: អន្លង់វែង ជា​ស្រុក​មួយ​ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​មានជ័យ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​លាតសន្ធឹង​តាម​ជួរ​ភ្នំ​ដងរែក ហើយ​មាន​ព្រំប្រទល់​ជាប់​និង​ប្រទេស​ថៃ​។ សព្វថ្ងៃ អន្លង់វែង ជា​តំបន់​មួយ​មាន​សភាព​ស្ងប់ស្ងាត់ តែ​ពោ​ពេញ​ដោយ​ភាពស្រស់ស្អាត ដែល​លំអរ​ដោយ​ធម្មជាតិ​ព័ទ្ធជុំវិញ​។ ប្រជាជន​ភាគច្រើន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ចិញ្ចឹមសត្វ និង​មានជីវិត​រស់នៅ​ផ្សាភ្ជាប់​ជាមួយនឹង​ធម្មជាតិ​។

​ផ្ទុយទៅវិញ នៅ​ពី​ខាងក្រោយ​នៃ​ទឹកដី​ដែល​ពោរពេញ​ដោយ​ភាពស្រស់ស្អាត​និង​សន្តិភាព តំបន់​អន្លង់វែង ក៏មាន​រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង​ពី​អតីតកាល ដែល​យើង​នឹកស្មាន​ស្ទើរតែ​មិន​ដល់​។ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូលក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ​មួយ​ដឹកនាំ​ដោយ ប៉ុល ពត ដែល​ភាគច្រើន​ត្រូវបាន​គេ​ហៅថា​របប​ខ្មែរក្រហម​។ របប​ខ្មែរក្រហម​បានសម្លាប់​មនុស្ស​ប្រហែល​២​លាន​នាក់ និង​បាន​បន្សល់ទុក​ស្ត្រី​ម៉េ​ម៉ា​យ កុមារកំព្រា ជនពិការ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ឆ្នាំ​១៩៧៩ រាជរដ្ឋាភិបាល​បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម​ស្ទើរតែ​គ្រប់​តំបន់ តែ​ទោះបីជា​យ៉ាងណា មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​មិនទាន់​ចុះចាញ់​ទាំងស្រុង​ក្នុង​សង្គ្រាម​នេះឡើយ​។ មេដឹកនាំ​ខ្មែរក្រហម បាន​ប្រមូលផ្តុំ​គ្នា​តស៊ូ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​យ៉ាង​ស្វិតស្វាញ​នៅក្នុង​តំបន់​អន្លង់វែង​រហូតដល់​ឆ្នាំ​១៩៩៨​។

​កែវ ចាន់ ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ បាន​ចូលរួម​តស៊ូ​ជាមួយ​ខ្មែរក្រហម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​តំបន់​អន្លង់វែង​។ ក្នុងនាម ចាន់ ជា​កម្មាភិបាល​ខ្មែរក្រហម គាត់​ជឿថា​តំបន់​អន្លង់វែង​ជា​កន្លែង​តែមួយគត់​ដែល​អាច​ផ្តល់​សុវត្ថិភាព​សម្រាប់​គាត់ និង​ក្រុមគ្រួសារ​។ ចាន់ បន្ថែមថា ទោះបីជា​ក្នុង​ឆ្នាំ​១៩៩៨ ខ្មែរក្រហម​បាន​ដួលរលំ​ទាំងស្រុង ហើយ​ប្រទេសជាតិ​ចាប់ផ្តើម​ទទួលបាន​សន្តិភាព ដោយ​មិនមាន​ការប្រយុទ្ធ​គ្នា​ដូច​មុន តែ ចាន់ នៅតែមាន​ការភ័យខ្លាច​សង្គ្រាម​កើតឡើង​ម្តងទៀត​។ ចាន់ មិន​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ឡើយ ហើយ​ពេញ​ចិត្តនឹង​ការតស៊ូ​រស់នៅ​តំបន់​អន្លង់វែង​ជាមួយនឹង​កូន​៥​នាក់ បន្ទាប់ពី​គាត់​ត្រូវបាន​ប្តី​បោះបង់ចោល​។ តំបន់​អន្លង់វែង ជា​កន្លែង​មួយ​ដែល​បាន​បង្កើត​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់ ចាន់ ទាំង​ជីវិត​គ្រួសារ​និង​បទពិសោធន៍​ចូលរួម​ក្នុងការ​ធ្វើសង្គ្រាម​។ ដូច​ច្នេះ ចាន់ សម្រេចចិត្ត​មិន​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ម្តាយ​ឪពុក និង​សាច់ញាតិ​របស់គាត់​នៅ​ស្រុកកំណើត​រហូតដល់​សព្វ​ថ្ងៃនេះ​។ ចាន់ ជា​នារី​ម្នាក់​ក្នុងចំណោម​នារី​ជាច្រើន​ទៀត​ដែល​បាន​ឆ្លងកាត់​ក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ​នេះ​។ ខាងក្រោម​នេះ​គឺជា​បទពិសោធន៍​ជីវិត​របស់ កែវ ចាន់ ៖

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្លោងទ្វា​វត្ត​អូរ​គគីរ​កណ្តាល មានផ្ទះ​ឈើ​តូច​មួយ​មាន​ដំបូល​ប្រក់​ក្បឿង​នៅ​ដាច់​ឆ្ងាយ​ពី​គេ ស្ថិតនៅ​ខាងឆ្វេង​ដៃ ដែលមាន​ស្ត្រី​ចំណាស់​ម្នាក់​កំពុងតែ​ប្រលែង​លេង​ជាមួយ​កុមារ​តូចៗ​៣​នាក់​នៅខាងមុខ​ផ្ទះ​យ៉ាង​សប្បាយរីករាយ​។ ស្ត្រី​ចំណាស់​ម្នាក់​នោះ​ឈ្មោះ កែវ ចាន់​។ សព្វថ្ងៃ កែវ ចាន់ មាន​អាយុ​៦២​ឆ្នាំ រស់នៅ​ជាមួយ​ចៅប្រុស​តូចៗ​៣​នាក់ ខណៈដែល​កូនៗ​របស់គាត់​បាន​ចាកចេញ​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ​។ កែវ ចាន់ មាន​ស្រុកកំណើត​នៅក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត ហើយ​សព្វថ្ងៃ​រស់នៅ​ភូមិ​អូរ​គគីរ​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចាន់ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​ប្រុស​៥​នាក់​។

​ក្នុង​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចូលមក​ដល់ទី​កន្លែង​ដែល ចាន់ រស់នៅ​។ មិន​ខុសប្លែក​អ្វី​ពី​ប្រជាជន​ដ៏​ទៃ ចាន់ និង​ក្រុមគ្រួសារ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើការ និង​រស់នៅ​កន្លែង​ផ្សេង​ពីគ្នា​។ ចាន់ ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើការ​ក្នុង​កងចល័ត​មួយ​ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត​។ ចាន់ ប្រាប់ថា ប្រជាជន​ទាំងអស់​ទទួលបាន​ការ​ងារ និង​របប​អាហារ​ដូចៗ​គ្នា​។ ការងារ​ភាគច្រើន​គឺ ធ្វើស្រែ លើកភ្លឺស្រែ លើក​ទំនប់ និង​ជីក​ប្រឡាយ​។ នៅពេលនោះ ប្រជាជន​ភាគច្រើន​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយសារតែ​ការធ្វើ​ពុត​ជា​ឈឺ និង​ខ្ជិលច្រអូស​ក្នុង​ការធ្វើការងារ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការបំពេញ​ការងារ​កា​ន់​តែ​លំបាក​ខ្លាំង តែ​ការទទួល​របប​អាហារ​កាន់តែ​តិច​ទៅៗ​។ ប្រជាជន​ចាប់ផ្តើម​ស្លាប់​ដោយសារ​ជំងឺ​ឈឺ ការ​អត់​អាហារ ការសម្លាប់​ដោយសារតែ​មានការ​សង្ស័យ​ថា​ជា​ខ្មាំង និង​មិនអាច​អត់ធ្មត់​ជាមួយ​ការងារ​លើស​កម្លាំង​បាន​។

​មិនយូរប៉ុន្មាន ចាន់ ជា​នារី​ម្នាក់​ក្នុងចំណោម​នារី​ជាច្រើន​នាក់ ត្រូវបាន​ខ្មែរក្រហម​ជ្រើសរើស​ឲ្យ​ចូល​ហ្វឹកហាត់​ធ្វើជា​កងទ័ព​ជាមួយ​ក្រុម​នារី​មួយក្រុម​មាន​ចំនួន​ប្រហែល​១០០​នាក់ ដោយ​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​កង​យោធា​ប្រុសៗ​។ ចាន់ ប្រាប់ថា​ក្នុងពេល​ហ្វឹកហាត់​រយៈពេល​១​ខែ​នេះ ចាន់ និង​កងទ័ព​នារី​ដ៏ទៃទៀត បាន​ហាត់រៀន​បាញ់កាំភ្លើង រៀន​បោក​គ្រាប់បែក និង​រត់​លូត​កាត់​បន្លា​។ ការហាត់​រៀន​ពិតជា​លំបាក​ខ្លាំងណាស់ តែ ចាន់ បានទទួល​បាន​របប​អាហារ​គ្រប់គ្រាន់​ជាប្រចាំ​ថ្ងៃ​។

​ក្រោយមក ចាន់ ត្រូវបាន​មេកង ផ្លាស់​ឲ្យ​មក​រស់នៅ និង​ធ្វើការ​ក្នុង​ខេត្តសៀមរាប​វិញ​។ ចាន់ មិន​ចង់​មក​រស់នៅ​ខេត្តសៀមរាប​ទាល់តែសោះ ព្រោះ​គាត់​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ និង​សាច់ញាតិ​របស់គាត់ ។ មកដល់​សៀមរាប​ដំបូង ចាន់ រស់​នៅតាម​ដងស្ទឹង​សៀមរាប ទទួលបាន​តួនាទី​ជា​អ្នក​ក្តាប់​ភូមិ​ទឹកល្អក់ ឃុំ​គោកចក ស្រុក​សៀមរាប ខេត្តសៀមរាប ដោយ​ធ្វើ​ការងារ​ជា​អ្នក​អង្កេត​មើល​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុងភូមិ ហើយ​រាយការណ៍​ជូន​ថ្នាក់លើ​។ ក្រៅពី​ការងារ​នេះ ចាន់ ត្រូវបាន​ថ្នាក់លើ​ចាត់​ឲ្យ​ធ្វើការ​ងារ​ដក ស្ទូង និង​លើ​ទំនប់ ។ ចាន់ ប្រាប់ថា​គាត់​មានចិត្ត​អាណិត​ប្រជាជន​ក្រោម​ការគ្រប់គ្រង​របស់គាត់​ណាស់ ជាពិសេស​ស្ត្រី​ដែល​ធ្វើ​ការងារ​ធ្ងន់ៗ មិនសូវមាន​ពេល​ឈប់សម្រាក និង​មិន​ទទួលបាន​អាហារ​គ្រប់គ្រាន់​ឡើយ​។
​ប្រជាជន​នៅក្រោម​ការគ្រប់គ្រង​រប​ស់ ចាន់ បាន​ប្រាប់​គាត់​ថា អ្នកគ្រប់គ្រង​មុនៗ​នៅក្នុង​ភូមិ​ដែល ចាន់ រស់នៅ​បានសម្លាប់​ប្រជាជន​ស្លូតត្រង់​ជាច្រើន ហើយ​អ្នក​ទាំងអស់នោះ​ក៏​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ក្រោម​ការសង្ស័យថា​ជា​ខ្មាំង​ដែរ​។ ក្រោយមក ចាន់ សង្កេតឃើញ​មានការ​ចាប់ខ្លួន​ថ្នាក់លើ​របស់គាត់​ជា​បន្តបន្ទាប់ ដោយសារតែ​ការមិនទុកចិត្ត​គ្នា និង​មិនដែល​ឃើញ​វិល​ត្រឡប់មកវិញ​ឡើយ​។ ចាន់ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​មានការ​ភ័យខ្លាច​ថ្នាក់លើ​ស្រាវជ្រាវ​មកដល់​គាត់ ហើយ​យកទៅ​សម្លាប់​ដូច​អ្នក​ដ៏​ទៃ​។ ចាន់ ប្រាប់ថា រឿងរ៉ាវ​ដែល​គាត់​ខ្លាច​បំផុត​គឺ មិនដឹងថា​គាត់​នឹងមាន​ជីវិត​រស់នៅក្នុង​ថ្ងៃស្អែក​ដែរឬទេ ព្រោះ​ខ្មែរក្រហម​សម្លាប់​មនុស្ស​មិន​រើសមុខ​ឡើយ ហើយ​រឿងរ៉ាវ​ទាំងនេះ​នៅតែ​បន្តធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ភ័យខ្លាច​រហូតដល់​បច្ចុប្បន្ន​។

​នៅពេលដែល​កងទ័ព​វៀតណាម​បាន​ចូល​មកដល់​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​១៩៧៩ ចាន់ និង​កម្មាភិបាល​ខ្មែរក្រហម​ដ៏ទៃទៀត បាន​រត់​ភៀសខ្លួន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​សំដៅទៅ​ស្រុក​អន្លង់វែង​។ ក្រោយមក ចាន់ និង​ក្រុម​របស់ខ្លួន​បានសម្រេច​ចិត្ត​រត់​ចូលក្នុង​ព្រៃ​សំដៅ​មក​ស្រុក​អន្លង់វែង​វិញ ដោយសារ​តែមាន​ប្រជាជន​ជាច្រើន​ចាំ​ស្ទាក់ផ្លូវ​សម្លាប់​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​នារ​តី​។ ទោះបីជា​ប្រឈមមុខ​នឹង​ការបាញ់សម្លាប់​ពី​កងទ័ព​វៀតណាម​យ៉ាងណាក៏ដោយ ក៏ ចាន់ សប្បាយចិត្ត​ណាស់ ព្រោះ​គាត់​គិតថា​គ្មាន​ថ្នាក់លើ​ណា​ស្រាវជ្រាវ​យក​គា​ត់ទៅ​សម្លាប់​ទៀត​ទេ​។ ចាន់ បានឃើញ​កងទ័ព​ខ្មែរក្រហម​ជាច្រើន​បាន​ស្លាប់​តាមផ្លូវ នៅពេលដែល​គាត់​រត់គេច​ពី​កងទ័ព​វៀតណាម​កាត់​តាម​ស្រែ​ណូយ និង​ចូលទៅ​ក្នុងព្រៃ​ស្អា​ក យោធា​ខ្មែរក្រហម​បាន​ឲ្យ​កាំភ្លើង​១​ដើម​ម៉ាក​កា​សេ​ទៅ ចាន់ សម្រាប់​ការពារ​ខ្លួន​ពី​ការសម្លាប់​ពី​ប្រជាជន​ព្រោះ​ពេលនោះ​ប្រជាជន​ចងកំហឹង​យ៉ាងខ្លាំង​ជាមួយនឹង​កម្មាភិបាល​ម​ក​ពី​ភូមិភាគ​និរតី និង​មានការ​ប៉ុនប៉ង​កាប់សម្លាប់​កម្មាភិបាល​ទាំងនោះ​។ នៅតាម​ផ្លូវ ចាន់ ជា​អ្នក​បុក​អង្ករ និង​ចម្អិន​អាហារ​ឲ្យ​យោធា​ខ្មែរក្រហម រត់គេចខ្លួន​មក​ស្រុក​អន្លង់វែង ហើយ​ក្រៅពីនោះ ចាន់ ជួយ​សែង​កង​យោធា​ដែល​របួស​យកមក​ព្យាបាល​។ លុះ​មកដល់​អន្លង់វែង ចាន់ បាន​ជួប​ជាមួយ​ក្រុម​យោធា​របស់ តា​ម៉ុក ហើយក៏​ចូលរួម​ជាមួយគ្នា​តស៊ូ​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​វៀតណាម​។ ចាន់ បានរ​ត់ទៅ​រស់​នៅលើ​ភ្នំ​អណ្តែង​មុត​ក្នុង​កង​នារី​ដឹកជញ្ជូន​គ្រាប់​។ ការងារ​ប្រចាំថ្ងៃ​របស់ ចាន់ គឺ​លី​គ្រាប់កាំភ្លើង​មក​ដា​ក់នៅ​ជើងភ្នំ​រត់​ចំប៉ី ឲ្យ​ទៅ​កងទ័ព​ខ្មែរក្រហម​។​

​ចាន់ បាន​រៀបការ​ជាមួយ​ប្តី​របស់គាត់​ក្នុង​ឆ្នាំ​១៩៨១ ហើយ​មានកូន​ប្រុស​៥​នាក់​។ ប្តី​របស់ ចាន់ គឺជា​យោធា​ខ្មែរក្រហម ដែល​ក្រោយមក​គាត់​មាន​ប្រពន្ធ​ថ្មី​ហើយ​ចាកចេញ​ចោល​គាត់​រហូតដល់​សព្វថ្ងៃ​។
​ក្រៅពីនេះ កែវ ចាន់ ក៏បាន​ចែករំលែក​ពីបទ​ពិសោធន៍​របស់​ស្ត្រី​ដែល​ប្រឈមមុខ​នឹង​ភាពលំបាក​យ៉ាងខ្លាំង​ចំពោះ​ភាពអាម៉ាស​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ផ្នែកអនាម័យ​របស់​ស្ត្រី​ក្នុងសម័យ​ខ្មែរក្រហម​ជាដើម​។ ចាន់ និយាយថា ស្ត្រី​ត្រូវ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​ទោះបីជា គេ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​។ តែ​ទោះបីជា​យ៉ាងណា ការរក្សា​ជីវិត​សម្រាប់​ថ្ងៃស្អែក​បានធ្វើ​ឲ្យ​គាត់ និង​ស្ត្រី​ដ៏ទៃទៀត​មាន​ភាពក្លាហាន​ចំពោះ​ការប្រឈមមុខ​នឹង​ភាព​ខ្មាសអៀន​ទាំងអស់នេះ​បាន​។

​រឿងរ៉ាវ​របស់ កែវ ចាន់ បានបង្ហាញ​ឲ្យ​ដឹងថា ស្ត្រី​ជាច្រើន​បាន​ចូលរួមចំណែក​ក្នុង​ជួរ​ដឹកនាំ​ក្នុង​របប​ខ្មែរក្រហម ហើយ​កម្មាភិបាល​ខ្មែរក្រហម ដូចជា ចាន់ ផ្ទាល់​នៅមាន​ភាពភ័យខ្លាច និង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការរើសអើង​ពី​មនុស្ស​រស់នៅ​ជុំវិញខ្លួន​។ មូលហេតុ​ទាំងនេះ បានធ្វើ​ឲ្យ ចាន់ សម្រេចចិត្ត​តស៊ូ​រស់នៅ​ក្នុងស្រុក​អន្លង់វែង​រហូតដល់​ប​ច្ចុ​ប្បន្ន​៕ ល​