​ត្រី​ចម្រុះ បាន​ងាប់​ប្រមាណ​ជា ២៥ តោន នៅ​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ

441
ចែករម្លែក

ដោយ​៖ ទេព មង្គល​
​កំពង់ធំ​៖ ត្រី​ចម្រុះ ប្រមាណ​ជា ២៥ តោន បាន​ងាប់​អណ្ដែត​ពេញ​ទឹក នៅ​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ ក្នុង​តំបន់​បឹង​ទន្លេសាប នាពេល​កន្លងមក ថ្មីៗ​នេះ​។ ទាក់ទិន​នឹង​ករណីនេះ មន្ត្រី​ខ​ណ្ទ​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា បញ្ហា​ត្រី​ងាប់ នៅ​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ​នេះ បណ្តាលមកពី​មាន​ខ្យល់ព្យុះ កើតឡើង​ជិត ៣ ម៉ោង រួម​ជាមួយនឹង​ការប្រែប្រួល អាកាសធាតុ​ផងដែរ​។​

ខ​ណ្ទ​រដ្ឋបាល​ជលផល បញ្ជាក់ថា បញ្ហា​ត្រី​ងាប់ នៅ​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ បណ្តាលមកពី​ខ្យល់ព្យុះ​ជិត ៣ ម៉ោង

​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ករណី​ត្រី​ងាប់ នៅ​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ នៅក្នុង​ថ្ងៃនោះ មាន​ខ្យល់ព្យុះ រយះពេល ២​ម៉ោង ៥០​នាទី ដែល​ខ្យល់​បានចាប់ផ្តើម ពី​ម៉ោង ១៧:៥០ នាទី ដល់ ២០:៤០ នាទី ទើប​ខ្យល់​បាន​ស្ងប់​ទៅវិញ ក្នុងនោះ បណ្តាល​ឲ្យ​ត្រី នៅក្នុង​បឹង​អភិរក្ស​ជលផល​ទន្លេ​ឆ្មារ បាន​ងាប់​ចំនួន ២៥,៥​តោន ក្នុងនោះ​មាន​ប្រភេទ​ត្រី​រៀល ចំនួន ១២ តោន , ត្រី​ក្រពាត់ និង​ត្រី​សណ្តាយ ចំនួន ២​តោន , ត្រី​ឆ្លាំង ចំនួន​២​តោន , ត្រី​ច្រកែង ចំនួន​៣​តោន , ត្រី​ឆ្ពិន​ចំនួន ៣​តោន , ត្រី​តា​អោន ១​តោន , ត្រី​កេស​ចំនួន ០,៥ តោន​, ត្រី​ខ្មាន់ ចំនួន ២​តោន ។

​លោកនាយខ​ណ្ទ​ជលផល បាន​បញ្ជាក់ថា បញ្ហា​ត្រី​ងាប់​នេះ គឺ​បាន​កើតឡើង ជា​រៀងរាល់ឆ្នាំ តែ​កាល​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ បរិមាណ​ទឹក នៅ​បឹង​អភិរក្ស ជលផល​ទន្លេ​ឆ្មារ មាន​បរិមាណ​ជ្រៅ ទើប​មិន​បណ្តាល​ឲ្យ​ត្រី​ងាប់​។ ចំណែកឯ​ឆ្នាំនេះ អាកាសធាតុ​ក្តៅ លើសពី​ឆ្នាំមុនៗ បណ្តាល​ឲ្យ​បរិមាណ​ទឹក ក្នុង​បឹង​រាក់ បណ្តាល​ឲ្យ​ក្តៅ​ខ្លាំង នៅពេល​មាន​ខ្យល់ព្យុះ វាយបក់​ទៅមក ប្រៀបដូចជា​កញ្ជ្រោក​ត្រី ក្នុង​កញ្ច្រែង ជាច្រើន​ម៉ោង បណ្តាល​ឲ្យ​ត្រី​ងាប់​។ លោក​បាន​អះអាងថា ខណ្ឌ​រដ្ឋបាល​ជលផល ក៏ដូចជា អាជ្ញាធរខេត្ត ស្រុក សម្តែង​នូវ​ការសោកស្តាយ យ៉ាងខ្លាំង ដោយសារ​ត្រី នៅ​តំបន់​នេះ គឺជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​បន្តថា ចំណែក​ត្រី ដែល​នៅ​សេសសល់ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​យកចិត្តទុកដាក់ ចាត់វិធានការ ជួយសង្គ្រោះ​ត្រី នៅក្នុង​បឹង តាម​លក្ខណៈ​បច្ចេកទេស តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​រក្សា​ត្រី​មេ​ពូជ តែ​បើសិនជា មាន​ភ្លៀង​ជា​បន្តបន្ទាប់ ត្រី​ក្នុង​បឹង​អភិរក្ស និង​អា​ចៀស​ផុតពី​ការ​ងាប់​បន្តទៀត ៕