​ត្រី​សម្រាប់​ផ្អក​ប្រហុក​ធ្វើចរាចរ​ពី​ទន្លេសាប​ដល់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​ហើយ​

666
ចែករម្លែក

​ដោយ​៖​គង់​ហេង​/​កំពង់ចាម​:​ត្រី​សម្រាប់​យកមក​ធ្វើ​ផ្អក​ប្រហុក​បាន​ចរាចរ​ពី​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង​មកដល់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​ហើយ​។​អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​មិនទាន់​បានធ្វើ​ផ្អក​ប្រហុក​កាលពី​ខ្នើត​មុន​សូម​រួសរាន់​មក​ធ្វើ​គឺជា​ខ្នើត​ចុងក្រោយ​នៃ​ការធ្វើ​អាហារ​ដ៏​ពេញនិយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

​លោក អ៊ុន ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម​បាន ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ មករា​នេះ​ថា ហ្វូង​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក បានធ្វើ​ដំណើរ​ចូលដល់​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម​កាលពី​ម្សិលមិញ គឺ​ចំ​ថ្ងៃ​១១​កើត​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ពី​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល​។​

​លោកនាយ​ខណ្ឌ​ជលផល​បាន​ឲ្យ​ដឹង​ទៀតថា ខាង​លោក​ពិនិត្យ​ជាក់ស្តែង​ចំណុច​ស្ពាន​ព្រែក​តា​មាក់​, កំពង់​ដក​ស្វាយ​អាត់ ខេត្តកណ្តាល និង​ដៃ​គន្លង​លេខ​១៥ ជាប់​ព្រំប្រទល់​តំបន់​ខ្លា​គ្រ​ហ៊ឹម ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ចាម​គឺ​ត្រី​ត្រូវ​ខ្លាំង​។​ផ្អែក​តាម​សន្ទុះ​ល្បឿន​ត្រី​ត្រូវ​សម្រាប់​ខ្នើយ​នេះ​គឺ​នៅ​ទន្លេមេគង្គ​ខេត្តកំពង់ចាម រយ​:​ពេល​ត្រី​ត្រូវ​អាច​នៅ​ប្រមាណ​មួយ​សប្តាហ៍​ទៀត គឺអាច​ដល់​ថ្ងៃ មួយ រោជ ទៅ ពីរ រោជ​។​

​លោក ណារិន បាន​បន្តថា តាម​ទំហំ​ផល​ត្រី​ដែល​ប្រជាពលរដ្ឋ​នេសាទ​បាន​នៅ​ខាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល​នោះ​គឺ​ត្រី​នៅ​ខ្នើត​នេះ​សម្បូរ​ជាង​ខ្នើត​មុន​ពិសេស​ពពួក​ត្រី​រៀល​ច្រើន​ហើយ​ធំៗ​គួរសម​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក ឬក៏​មិនទាន់​ធ្វើ​កាលពី​ខ្នើត​មុន​នោះ គឺ​សូម​អញ្ជើញ​រួសរាន់ ប្រញាប់​មកកាន់​ទន្លេមេគង្គ​ខេត្តកំពង់ចាម ជា​ខ្នើត​ចុងក្រោយ​ហើយ​។​

​លោក​បន្ថែមថា ក្នុងនោះ​ទីតាំង​សម្រាប់​ជាវ​ត្រី​ផ្អក​ប្រហុក​មាន​: ខាងមុខ​វត្ត​ជ្រោយ​ថ្ម , កំពង់​រង់ចាំ ,​កំពង់​សាឡាង​ចាស់ ក្នុង​ក្រុង​កំពង់ចាម​, កំពង់ដ​ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​ង​មាស​, កំពង់ដ​ភូម​ខ្ញូ​ង ឃុំ​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​នៅ​ភូម​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ដោយមាន​ឧបករណ៍​ម៉ាញ់​សរុប​ចំនួន​៧០​វង់​គឺ​នៅ​ម្តុំ​ក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​ចំនួន​២៨​វង់​និង​នៅ​ខាង​ស្រុក​កងមាស និង​ស្រុក​កោះសូទិន​ចំនួន ៤២ វង់​ទៀត​។​

​លោក​ហ៊ាន់​ប៊ុនធឿន​អាយុ​៤២​ឆ្នាំ​ជា​ម្ចាស់​មា​ញ់​មួយ​វង់​នៅ​ភូមិ​រកា​គយ​«​ខ​»​ឃុំ​រកា​គយ​ស្រុក​កងមាស​បាន​ឲ្យ​ដឹងថា​ហ្វូង​ត្រី​ពិតជា​ឡើង​ពី​បឹង​ទន្លេសាប​មកដល់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ១៦ មករា​ម្សិលមិញ​មែន​។​ដោយនៅ​ថ្ងៃទី​១៧​មករា​នេះ​ចាប់ផ្តើម​ត្រូវ​គួរសម​គឺ​លើក​មួយ​ម៉ាញ់​ភាគច្រើន​ជា​ប្រភេទ​ត្រី​រៀល ធម្មតា​ពី ៥០ ទៅ ១០០ គីឡូក្រាម និង​បើ​ប៉ះចំ​ហ្វូង​ពី ២០០ ទៅ ១.០០០ គីឡូក្រាម​។​

លោក​ប៊ុនធឿន​បាន​បន្តថា​ខ្នើត​នេះ​ត្រី​ត្រូវ​ច្រើនជាង​ខ្នើត​មុន​គឺមាន​ស្នូរ​សំឡេង​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​ពេល​ឃើញ​ត្រី​ចូល​ម៉ាញ់​ច្រើន​នោះ​។ ផ្ទុយ​ពី​ខ្នើត​មុន គឺ​លើក​ម្តង​ពី ប្រាំ ទៅ​១០​គីឡូក្រាម​ប៉ុណ្ណោះ​៕S/

រូប​: ត្រី​សម្រាប់​ប្រហុក​ផ្អក​ចរាចរ​ពី​បឹង​ទន្លេសាប មកដល់​ទន្លេមេគង្គ​ខេត្តកំពង់ចាម ហើយ​។ សកម្មភាព​នេសាទ​ដោយ​ឧបករណ៍​ម៉ាញ់​ចំនួន ៧០​វង់​នៅ​ខេត្តកំពង់ចាម​។​