​ត្រូវតែ​បន្ត​ផ្តល់ឱកាស ឲ្យ​ជន​ខ្សោយសតិ​បញ្ញា នៅ​ទូទាំងប្រទេស តាមរយៈ​កីឡា​

972
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក សែម សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ ស្ប៉េ​ស្យា​ល់ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ត្រូវតែ​បន្ត​ផ្ដល់ឱកាស ឲ្យ​ជន​ខ្សោយសតិ​បញ្ញា នៅ​ទូទាំងប្រទេស តាមរយៈ​កីឡា ។ លោក​បាន​ថ្លែង បែបនេះ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​បន្ត​ទិសដៅ​ការងារ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ នា​គណៈកម្មាធិការ​ជាតិ អូឡាំពិក​។​

ទិដ្ឋភាព​មហាសន្និបាត​

​លោក សែម សុខា បាន​បន្តថា គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា មានការ​ទទួលខុសត្រូវ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា ជនពិការ​ខ្សោយសតិ​បញ្ញា នៅ​ប្រទេស​កម្ពុជា សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រីក​សាខា​របស់ខ្លួន ដោយបាន​បង្កើត​អនុគណៈកម្មាធិការ រាជធានី ខេត្ត ដែល​បច្ចុប្បន្ន យើង​មាន​ចំនួន ១៣ ហើយ និង​បន្ត​ពង្រីក​ទៅ បណ្តា​ខេត្ត​មួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ឲ្យ ជន​ខ្សោយសតិ​ប​ញ្ញ ទាំង​ក្មេង ទាំងចាស់ នៅ​ទូទាំងប្រទេស បាន​ចូលរួម​សកម្មភាព​សង្គម តាមរយៈ​វិស័យ​កីឡា​។​

ទិដ្ឋភាព​មហាសន្និបាត​

​អនុគណៈកម្មាធិការ រាជធានី​-​ខេត្ត ចំនួន​១៣ ដែល​បាន​បង្កើត​រួចហើយនោះ មាន​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម​។​

​ជាមួយនឹង​ការធ្វើ​មហាសន្និបាត បូកសរុប​ការងារ​ប្រចាំ​ឆ្នាំនេះ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក​កម្ពុជា ក៏មាន​ការចែក​ប្រាក់រង្វាន់ លើកទឹកចិត្ត​ដល់ កីឡាករ​-​កីឡាការិនី ខ្សោយសតិ​បញ្ញា គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នក​មើលថែ ពី​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ថ្នាក់​អនុតំបន់​មេគង្គ សរុប​ទឹកប្រាក់ ២២០.៥០០.០០០ រៀល​។​

ទិដ្ឋភាព​មហាសន្និបាត​

សម្រាប់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នានា កន្លងមក យើង​ទទួលបាន​មេដាយ ៩៥ គ្រឿង ក្នុងនោះ មេដាយមាស ៣៤ គ្រឿង មេដាយប្រាក់ ៥៣ គ្រឿង និង​មេដាយសំរិទ្ធ ៨ គ្រឿង​៕v