​ត្រៀម​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ក្រោម​ដី​ដើម្បី​ធានា​គុណភាព​ខឿន​ច្រាំងទន្លេ​ក្រុង​កំពង់ចាម​

608
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជា​អ្នកអនុវត្ត​គម្រោង​ស្ថាបនា​ខឿន​ច្រាំង​ទន្លេមេគង្គ​នៅ​ក្រុង​កំពង់ចាម​ដោយផ្ទាល់​។​គឺ​បាននិងកំពុង​ត្រៀម​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ក្រោម​ដី​តាម​លក្ខណ​:​បច្ចេកទេស​ដើម្បី​ធានា​គុណភាព​នៃ​សំណង់​ច្រាំងទន្លេ​មួយ​នេះ​ឱ្យមាន​អាយុកាល​យូរអង្វែង ទុកជា​គំរូ និង​ស្នា​ដៃដល់​មនុស្ស​ជំនាន់​ក្រោយៗ ទៀត​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ២២ ឧសភា​ឆ្នាំ​២០១៩​នេះ​ថា​បន្ទាប់ពី​ក្រុម​ជាង​បាន​ដំណើរការ​ចាក់​សង់​ជើងទេរ​ហើយ​យើង​នឹង​រៀបចំ​ក្រាល​ក្រណាត់​ជម្រាប​ទឹក ទើប​ចាក់​បេតុង​ពីលើ​ដើម្បី​កុំឱ្យ​ដី​ហូរ​ចេញ​បានតែ​ទឹក​អាច​ចេញចូល​បាន​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​បច្ចេកទេស​បន្ត​គឺ​យើង​ប្រើប្រាស់​បំពង​ទុយោ​ជ័រ​អារ​អង្កន់​ច្រើន​រន្ធ​លើ​ផ្ទៃ​ទុយោ​ហើយ​យក​ក្រណាត់​ជម្រាប​ទឹក​ដដែល​មក​រុំ​ដេរ​ព័ទ្ធជុំវិញ​ទុយោ​ប្រយោជន៍​ដើម្បី​ឲ្យ​ទឹក​ជ្រាប​ចេញចូល​ឬ​ហូរ​ចុះចូល​ទន្លេ​។​ដោយ​បំពង់​ទុយោ​អាច​ជ្រាប​ទឹកបាន​នេះ​យើង​នឹងដាក់​ពង្រាយ​ឃ្លាត​ពីគ្នា​ចម្ងាយ ៦​ម៉ែត្រ​មួយ​គ្រប់​ទាំង​ប្រវែង​ច្រាំង​សរុប ១៧០ ម៉ែត្រ​នោះ​។​

​លោក វិបុល បាន​បន្ថែមថា លក្ខណ​:​បច្ចេកទេស​សំណង់​ច្រាំងទន្លេ​ខាងលើ គឺ​ក្រសួង​ធនធាន​ទឹកបាន អនុវត្តន៍​គ្រប់​គម្រោង​ជា​សំណង់​ច្រាំងទន្លេ​ទាំងអស់​របស់​ក្រសួង​ដើម្បី​ធានា​គុណភាព​នៃ​សំណង់​ពោល គឺជា​បច្ចេកទេស​ធ្វើ​បែបណា​ឲ្យ​ទឹក​អាច​ជ្រាប​ចេញចូល​បាន មិន​ប៉ះពាល់​ដល់​សំណង់​របស់​យើង​។ ដោយ​មិនឱ្យ​ដី​ជ្រាប​ឬ​ហូរ​ដាច់​ទៅតាម​ទឹក​បង្ក​គ្រោះថ្នាក់​ដល់​ការបាក់​ស្រុត​ដូច​កាល​កន្លងមក​បន្ត​ទៀត​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ខឿន​ច្រាំងទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​ស្ថាបនា​បាន​ជាង​១០ ភាគរយ គឺ​កំពុងដំណើរការ​សាងសង់​សសរ​គ្រឹះ​និង​ចាក់​ធ្នឹម​ខឿន​ច្រាំងទន្លេ​ជាន់​ទី​២​។​ដោយ​ដំណើរ​សាងសង់​ហាក់​មាន​យឺត​យាវ​បន្តិច​ពី​ខាង​ក្រុមហ៊ុន​ផលិត​បាយអរ​បេតុង​ឧស្សាហ៍​មាន​បញ្ហា​រអាក់រអួល​ម៉ាស៊ីន​គឺ​ខូច​ស្ទើរ​រាល់ថ្ងៃ​។​ម្យ៉ាង​រថយន្ត​ជា​គ្រឿងចក្រ​ដឹក​បេតុង​នោះ​អត់​មាន​ប្រមោយ​ជា​ទុយោ​បង្ហូរ​វែង​ចុះទៅ​ក្រោម​ច្រាំង គឺ​រថយន្ត​ចុះ​ចាក់​បេតុង​ដល់​ក្រោម​តែម្តង​។​

​គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ថវិកា​ចំនួន ១,៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ស្ថាបនា​ខឿន​ច្រាំង​ទន្លេមេគង្គ​ខាងលើ​ដែល​បាន​រអិល​បាក់​ដី​ពី​គ្រោះថ្នាក់​ទឹកទន្លេ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៨​ជាបន្ទាន់​ឡើងវិញ​នៅ​រដូវប្រាំង​ឆ្នាំ​២០១៩​។​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជុំវិញ​តំបន់​នោះ​៕S/​