​ថែរក្សា និង​លើកកម្ពស់​កេរ្តិ៍តំណែល​វប្បធម៌​របស់​ប្រជាជន​ខ្មែរ​នៅ​បណ្តា​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​

1097
ចែករម្លែក

ប្រែ​សម្រួលៈ ​រតនៈ
​ក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ ប្រជាជន​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម បានរៀបចំ​តុបតែង​ផ្ទះ ដើម្បី​អបអរសាទរ​បុណ្យ​សែនដូនតា (​នៅ​កម្ពុជា​ហៅថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​)​។ ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​បក្ស និង​រដ្ឋ​របស់​វៀតណាម បានធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​ភាគខាងត្បូង កាន់តែ​ប្រសើរឡើង ហើយ​ការចូលរួម​ពិធីបុណ្យ​សែនដូនតា​នេះ កាន់​តែមាន​លក្ខណៈ​កាន់តែ​អ​ធឹ​ក​អធម​ឡើង​ផងដែរ​។​

សិល្បៈ​អបអរសាទរ​ក្នុង​ពិធីបុណ្យ​សែនដូនតា ឆ្នាំ​២០១៨

​ពិធីបុណ្យ​ប្រពៃណី​សែនដូនតា​របស់​ប្រជាជន​ខ្មែរ​នៅ​វៀតណាម​ក្នុងឆ្នាំនេះ គឺ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៨ ទី​៩ និង​ទី​១០​ខែតុលា​ឆ្នាំ​២០១៨​។ ដូច្នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ខេត្ត គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ភាគ​និរតី​វៀតណាម ដែលមាន​បងប្អូន​ប្រជាជន​ខ្មែរ បានរៀបចំ​ពិធីបុណ្យ​សែនដូនតា ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព សប្បាយរីករាយ និង​សន្សំសំចៃ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​កេរ្តិ៍ដំណែល​ដ៏​ល្អ​ផូរផង់​របស់​ប្រជាជន​ខ្មែរ​។ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមមាន អាជ្ញាធរ​រណសិរ្ស​មាតុភូមិ និង​អង្គការ​នយោបាយ​របស់​បក្ស​នៅតាម​បណ្តា​ខេត្ត​នេះ បានរៀបចំ​ក្រុម​ចុះទៅ​សួរសុខទុក្ខ​តាម​វត្ត​អារាម តាម​គ្រួសារ ក្នុងនោះ​ដូចជា ព្រះសង្ឃ ប្រជាជន​ខ្មែរ​ដែលមាន​មុខមាត់ មាន​ស្នាដៃ​ក្នុងសង្គម ដើម្បី​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ខ្មែរ ដែលមាន​ជីវភាព​លំបាក​វេទនា ក៏ដូចជា​ការចូលរួម​អបអរសាទរ​បុណ្យ​សែនដូនតា ឲ្យ​បាន​រីករាយ​ដូចគ្នា​ផងដែរ​។ ស្ថាប័ន ឬ​អង្គភាព​រដ្ឋការ និង​កងកម្លាំងប្រដាប់អាវុធ ដែលមាន​ប្រជាជន​ខ្មែរ​ធ្វើការ ក៏មាន​ការសួរសុខទុក្ខ និង​មានការ​លើកទឹកចិត្ត​ឲ្យ​ទៅ​ចូលរួម​ទស្សនា ឬ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ឈប់សម្រាក​ដើម្បី​ទទួល​ស្វាគមន៍​ពិធីបុណ្យ​សែនដូនតា​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​។ ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន ក៏មាន​រៀបចំ​សកម្មភាព​កម្សាន្ត វប្បធម៌ និង​កីឡា ដោយមាន​ភាពសប្បាយ​រីករាយ​ទៅតាម​គន្លង​ប្រពៃណី​របស់​ជនជាតិខ្មែរ​ទៀតផង​។​

​អាជ្ញាធរ​ក៏បាន​ទៅសួរសុខទុក្ខ​គ្រួសារ​របស់លោក ថាច់ សុគ​ន្ធេ និង​លោកស្រី លី ធី​ញ៉​ក នៅ​ភូមិ​ត្រា​ដឹក ឃុំ​វៀន​អាយ ស្រុក​ឌ្រិ​ន​ដេ ខេត្ត​សុង​ត្រាង (​ស្រុក​ឌ្រិ​ន​ដេ ជាទី​កន្លែង​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ជាង​៩០​ភាគរយ​)​។ គ្រួសារ​របស់លោក​ស្រី លី ធី​ញ៉​ក បានរៀបចំ​តុ​សែនព្រេន​នៅ​កណ្តាល​ផ្ទះ និង​មាន​ដាក់តាំង​រូប​អ៊ំ​ហូ​ផង​។ លោកស្រី ធី​ញ៉​ក រីករាយ និង​ប្រាប់​ជា​ព័ត៌មាន​ថា ក្រោយពី​គ្រួសារ​លោកស្រី​បាន​តស៊ូ​លំបាក​វេទនា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ ពេលនេះ​លោកស្រី​មានផ្ទះ​ធំ​ទូលាយ​ល្មម​សម្រាប់​ទទួល និង​រៀបចំ​ពិធីបុណ្យ​សែនដូនតា​នៅ​ឆ្នាំនេះ​។ ជាមួយនឹង​ផ្ទះ​ថ្មី គ្រួសារ​លោកស្រី នឹង​ព្យាយាម​ប្រកប​របរ​រកស៊ី ដើម្បី​គេចផុត​ពី​ភាពក្រីក្រ និង​ឲ្យ​កូនៗ​រៀន​បាន​ខ្ពង់ខ្ពស់​។

សិល្បៈ​អបអរសាទរ​ក្នុង​ពិធីបុណ្យ​សែនដូនតា ឆ្នាំ​២០១៨

​លោក លី ប៊ិ​ញ​កាង ដែលជា​ប្រធាន​គណៈកម្មាការ​ជនជាតិ​ខេត្ត សុង​ត្រាង បាន​ឲ្យ​ដឹងថា គ្រួសារ​របស់លោក ថាច់ សុគ​ន្ធេ និង​លោកស្រី លី ធី​ញ៉​ក ក៏ដូចជា​គ្រួសារ​ខ្មែរ​ក្រីក្រ​ប្រមាណ​២០​គ្រួសារ​ទៀត​នោះ ត្រូវបាន​រដ្ឋ​ផ្តល់​ជា​គ្រឿងឥស្សរយស ឬ​ជ័យលាភី ជា​អ្នក​ដែលមាន​មហា​សាមគ្គី​ក្នុងឱកាស​ពិធីបុណ្យ​សែនដូនតា​នេះ​។ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​សែនដូនតា​របស់​ប្រជាជន​ខ្មែរ ក៏ដូចជា​ការលើកកម្ពស់​ការយកចិត្តទុកដាក់ អនុវត្ត​ដើម្បី​គោលនយោបាយ​របស់​បក្ស និង​រដ្ឋ យកចិត្តទុកដាក់​ដល់​បងប្អូន​ជនជាតិភាគតិច​នៅក្នុង​ប្រទេស​វៀតណាម​។​

​ក្នុងឱកាស​បុណ្យ​សែនដូនតា​ឆ្នាំនេះ សមាជិក​បក្ស​ខេត្ត ក្រុមប្រឹក្សា​ប្រជាជន គណៈកម្មាធិការ​ប្រជាជន គ្រប់លំដាប់​ថ្នាក់ បានរៀបចំ​គណៈប្រតិភូ ចុះសួរសុខទុក្ខ និង​ជូនពរ​ទៅដល់​គណៈសង្ឃ និង​ប្រជាជន​ខ្មែរ​។ ជាមួយគ្នានេះដែរ ខេត្ត​ក៏បាន​រៀបចំ​ជា​សកម្មភាព​ល្បែង​កំសាន្ត​នានា​នៅ​បរិវេន​វត្ត​សំ​រៀង ក្នុងឱកាស​បុណ្យ​សែនដូនតា​ឆ្នាំ​២០១៨ ជាមួយនឹង​ប្រធានបទ «​ផឹកទឹក​នឹក​ដល់​ប្រភព​-​ឆ្ពោះទៅរក​អនាគត​រុងរឿង​»​។​
​ថ្លែង​នៅក្នុង​ពិធីបុណ្យ​សែនដូនតា​នេះ ព្រះ​តេជគុណ លី មិញ​ដុក អនុប្រធាន​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​សុង​ត្រាង បាន​ថ្លែង​នូវ​ក្តីរំភើប​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​បក្ស និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ចំពោះ​ប្រជាជន​ខ្មែរ​។ ទន្ទឹមនឹងនោះ ព្រះ​តេជគុណ បាន​ប្តេជ្ញាចិត្ត​ដើម្បី​បន្ត​បំផុស​ព្រះសង្ឃ និង​ប្រជាជន ឲ្យ​មាន​ស្មារតី​អនុវត្ត​ឲ្យ​បានល្អ​នូវ​ស្មារតី​សតិអារម្មណ៍ មាគ៌ា​នយោបាយ​របស់​បក្ស និង​គោរព​ច្បាប់ ខំប្រឹងប្រែង​ធ្វើការ​ងារ បង្កបង្កើនផល ចូលរួម​ចលនា​ប្រឡងប្រណាំង​ស្នេហា​ជាតិ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ និង​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កសាង​ខេត្ត​សុង​ត្រាង ឲ្យ​កាន់តែ​រីកចម្រើន​។​

​ជាមួយគ្នានេះដែរ ការអបអរសាទរ​ពិធីបុណ្យ​សែនដូនតា​របស់​ប្រជាជន​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ ក៏មាន​សេចក្តី​រីករាយ ជាមួយនឹង​ជីវភាព និង​ការរៀបចំ​តាម​ផ្ទះ ក៏មាន​លក្ខណៈ​ស្រស់បំព្រង​ដែរ​។ នៅ​ស្រុក​ច្រា​គូ គឺជា​កន្លែង​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ជិត​៦២​ភាគរយ​នោះ នៅក្នុង​ថ្ងៃ​ទទួល​ដូនតា​នេះ ក៏មាន​ភាពសប្បាយ​រីករាយ និង​មានការ​ផ្លាស់ប្តូរ​ជាច្រើន ដូចជា កាលពី​អតីតកាល ផ្លូវ​ដែល​ហុយ​នៅ​រដូវប្រាំង និង​បែក​ភក់​នៅ​រដូវវស្សា ត្រូវបាន​កែលម្អ​ឡើងវិញ ផ្ទះ​តូចៗ​សង់​ពី​ឬ​ស្សី​ជំនួស​មកវិញ​នូវផ្ទះ​ប្រក់​ក្បឿង​។ ជាពិសេស​ទៅទៀត ប្រជាជន​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ មាន​លក្ខណៈ​ល្អ​ឡើង​ច្រើន ជាពិសេស​ទាក់ទង​នឹង​ជីវភាព​រស់នៅ​។ ពួកគេ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​។ គួរតែ​និយាយថា ពី​អតីត គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្ត​ភាគខាងត្បូង​ប្រទេស​វៀតណាម​នេះ ក៏បាន​រៀបចំ​សកម្មភាព ការអប់រំ ប្រពៃណី​ដែល​បងប្អូន​ប្រជាជន​ខ្មែរ​ឲ្យ​បាន​យល់ច្បាស់ និង​អនុវត្ត​ឲ្យ​ល្អប្រសើរ ចំពោះ​គោលនយោបាយ​រប​ស់ប​ក្ស ហើយ​និង​ការគោរព​ច្បាប់​រដ្ឋ​។ ពិសេស គឺ​ការអនុវត្ត​គោលនយោបាយ​មហា​សាមគ្គី​ជនជាតិភាគតិច ដូចជា គោលនយោបាយ​ជនជាតិ សាសនា និង​សកម្មភាព​មហាជន​សក​ម្ម ឆ្ពោះទៅរក​ការប្រឡងប្រណាំង​ស្នេហា​ជាតិ ចលនា​សកម្មភាព​នៅតាម​មូលដ្ឋាន ផ្សាភ្ជាប់​ជាមួយ​ការកសាង​ជនបទ​ថ្មី និង​ទីក្រុង​ស៊ី​វិ​ល័យ​។​ប្រជាជន​ខ្មែរ​បាន​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត និង​ងើបឡើង​ដើម្បី​បង្កើន​ការផលិត ការធ្វើ​ជំនួយ ដើម្បី​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ និង​អនុវត្ត​គោលនយោបាយ​សន្សំសំចៃ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ កសាង​ជីវភាព​មួយ​កក់ក្តៅ និង​សុភមង្គល​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​ពី​បក្ស និង​រដ្ឋ​វៀតណាម​នោះ ប្រជាជន​ខ្មែរ​នៅ​ខេត្ត​ភាគខាងត្បូង​វៀតណាម បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សែនដូនតា ប្រក​ដោយ​អត្ថន័យ​។ នេះ គឺជា​កម្លាំងចលករ​មួយ ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​បន្ត​ថែរក្សា និង​គោរព​ប្រពៃណី​ដ៏​ល្អ​ផូរផង់​នេះ ដោយ​ឈរលើ​ស្មារតី​មហា​សាមគ្គី​ជនជាតិ ចូលរួម​អនុវត្ត​ដើម្បី​ទទួលជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​៕ ល​