​ថ្ងៃទី​១​ខែមករា​ក្លាយជា​ថ្ងៃ​ចូលឆ្នាំ​សកល​តាំងពី​ជិត​៥​ទសវត្ស៍​មុន​គ​.​ស​

521
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ​មាន​មនុស្ស​មិនតិច​លាន​នាក់​ទេ​ដែល​នៅតែ​គិតថា​ថ្ងៃទី​១​ខែមករា​ដែលជា​ថ្ងៃ​ចូលឆ្នាំ​សកល ជាការ​ចូលឆ្នាំ​របស់​គ្រិស្តសាសនា​។​ហេតុនេះ​ប្រសិនបើ​អ្នក​ក៏​បែប​នោះដែរ អ្នក​ត្រូវ​គិត​ឡើងវិញ​ដ្បិត​ការចូល​ឆ្នាំ​នៅ​ថ្ងៃទី​១​ខែមករា​នេះ​ត្រូវបានធ្វើ​តាំងពី​១៥៣​ឆ្នាំមុន​ព្រះ​យេស៊ូគ្រិស្ត ប្រសូត​ឯណោះ ។​ប៉ុន្តែ​ទើបតែ​ត្រូវបាន​ទទួលយក​ជាទូទៅ​ជិត ៥ ទសវត្ស៍​មុន​គ្រិស្តសករាជ ចំណែក​ខែ មករា បាន​មានកំណើត​ក្នុង​លោក​នេះ​តាំងពី ៧១៣ ឆ្នាំ មុន​ព្រះ​គ្រិស្ត​ប្រសូត​មកម្ល៉េះ ។

​ដោយហេតុតែ​គេ​ឃើញ​ប្រតិទិន​សកល បាន​ប្រើប្រាស់​គ្រិស្តសករាជ​គឺ​ឆ្នាំ នៃ ការ​ប្រសូត របស់​ព្រះ​យេស៊ូគ្រិស្ត​ទើប​ប្រជាជន​ខ្មែរ​រាប់លាន​នាក់​ក៏ដូចជា​មនុស្ស​រាប់រយ​លាន់​នាក់​ផ្សេងទៀត​លើ​ពិភពលោក​គិតថា​ឆ្នាំ​សកល​គឺជា​ឆ្នាំ​របស់​គ្រិស្តសាសនា​។​រីឯ​ការចូល​ឆ្នាំ​សកល​ក៏​ជាការ​ចូលឆ្នាំ​របស់​គ្រិស្តសាសនា​ដែរ​។​

​ប្រការនេះ​បណ្តាលឱ្យ​មនុស្ស​ដែល​មិនមាន​ជា​អ្នក​គ្រិស្ត​និយម​ហើយ​ជា​អ្នក​អភិរក្ស​សាសនា​របស់ខ្លួន​មាន​អារម្មណ៍​មិន​ចង់​ទទួលយក​ទិវា​ចូលឆ្នាំ​សកល​ដោយ​ពួកគេ​បានចាត់ទុក​ថ្ងៃ​ចូលឆ្នាំ​សកល​ប្រហាក់ប្រហែល​នឹង​ថ្ងៃបុណ្យ​ណូអែល​ឬ​បុណ្យ​Christmas​ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​ដើម្បី​ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា​ដែរ ។

​ប៉ុន្តែ​តាមពិតទៅ​ប្រតិទិន​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​សកល​រាល់ថ្ងៃនេះ​មានកំណើត​ឡើង​ក្នុង​លោក​តាំងពី​ពេល​ព្រះ​យេស៊ូគ្រិស្ត​មិនទាន់​មានកំណើត​ក្នុង​លោក​នេះឡើយ​ម្ល៉េះ ។ និយាយ​ម្យ៉ាង​ទៀតថា ប្រតិទិន​សកល​ពុំមែន​ជា​ប្រតិទិន​របស់​គ្រិស្តសាសនា​ឬ​កើតចេញពី​គ្រិស្តសាសនា​ឡើយ​គឺ​ពួក​គ្រិស្ត​និយម​ទេតើ ដែល​យក​ប្រតិទិន​សកល​ទៅប្រើ​ប្រាស់ ។

​តាម​ការសិក្សា​យើង​បានដឹងថា ប្រតិទិន​ដែល​ពិភពលោក​កំពុង​ប្រើប្រាស់ ឬ ដែល​យើង ហៅថា ប្រតិទិន​សកល នេះ ឈ្មោះ ប្រតិទិន ហ្គ្រេ​ហ្គោ​រាន មាន​ដើមកំណើត​ចេញមក​ប្រតិទិន​រ៉ូ​ម៉ាំង ឈ្មោះថា ប្រតិទិន រ៉ូ​មូ​លូ​ស (Calendar of Romulus)​ដែល​ត្រូវបាន​រៀបរៀង​បង្កើតឡើង​ដោយ​លោក រ៉ូ​មូ​លូ​ស​(Romulus)​ជា​សហ​ស្ថាបនិក​ទីក្រុង​រ៉ូម​កាលពី​៧៥៣​ឆ្នាំមុន​គ​.​ស​។​ប្រតិទិន​នេះ​ក្នុង​មួយ​ឆ្នាំមាន​១០​ខែ​ស្មើនឹង​៣០៤​ថ្ងៃ​ដោយ​នៅសល់​៦១​ថ្ងៃ​នៃ​សិសិររដូវ​ពុំ​ត្រូវបាន​កំណត់​ឬ​ចាត់​ចូលក្នុង​ខែ​ណាមួយ​ឡើយ ហើយ​ខែ​ទី ១ នៃ ប្រតិទិន​នេះ គឺ​ខែ មីនា ។

​អ្វីដែល​គប្បី​កត់ចំណាំ​នៅទីនេះ​គឺថា​នៅ​សម័យ​កាលនោះ​ខែមករា​និង​ខែកុម្ភៈ​ពុំទាន់​មាន​វត្តមាន​នៅក្នុង​លោក​យើង​នៅឡើយ ។​៤០ ឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​ទី ៧១៣​មុន​គ​.​ស​ឬ​មុន​ព្រះ​គ្រិស្ត​ប្រសូត ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង​ព្រះនាម​នូ​ម៉ា​ប៉ុ​ម​ពី​លី​យឺ​ស​(NumaPompilius)​បាន​កែប្រែ​ប្រតិទិន​រ៉ូ​មូ​លូ​ស​ឱ្យទៅជា​ប្រតិទិន​ថ្មី​មួយ​ផ្សេងទៀត​ដោយ​ការបញ្ចូល​ខែ​ចំនួន​២​នៅ​ខាងដើម​គឺ​ខែមករា​និង​ខែកុម្ភៈ​ហើយ​គេ​បានឱ្យ​ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “ ប្រតិទិន នូ​ម៉ា ” (Numa Calendar) ។

​ចំណុច​គួរ​កត់ចំណាំ​ដ៏​សាមញ្ញ​នៅទីនេះ​គឺថា​ថ្ងៃទី​១​ខែមករា​ក៏បាន​ចាប់ផ្តើម​មាននៅ​ក្នុង​លោក​ចាប់ពី​ពេល​ដែលមាន​ប្រតិទិន នូ​ម៉ា នេះឯង​។​ប៉ុន្តែ​ទោះជា​គេ​បានចាត់ទុក​ខែមករា​ថា​ជា​ខែ​ចូលទៅក្នុង​ឆ្នាំ​ក្តី ក៏​គេ​នៅ​មិនទាន់​សម្រេចយក​ខែ មករា សម្រាប់​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នៅឡើយ​ដែរ ។​ព្រះ​ចៅ នូ​ម៉ា បានដាក់​ឈ្មោះ​ខែ​ទី​១ នៃ ឆ្នាំ​ក្នុង​ប្រតិទិន​របស់​ព្រះអង្គ​ថា January(​មករា​)​នេះ​​គឺ​សំដៅ​ដល់​ឈ្មោះ​ទេវតា ជេ​នូ​ស (Janus) ឬ ឡា​នួ​រី​យើ​ស (Ianuarius) ជា​ទេវតា​រក្សា​ទ្វារ នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង និង ជា​ទេវតា​មានមុខ ២ ដែល​មើលទៅ​ក្នុង​អតីតកាល​ផង និង អនាគតកាល ផង ។ ប្រជាជន​រ៉ូ​ម៉ាំង បាន​ឧទ្ទិស​ថ្ងៃទី ០១ ខែ មករា ដល់​ទេវតា​អង្គ​នេះឯង ។​

​នៅក្នុង​អំឡុង​សម័យកាល​ប្រវត្តិសាស្ត្រ​រ៉ូ​ម៉ាំង​មានការ​ផ្លាស់ប្តូរ​ជាច្រើនលើក​ច្រើនគ្រា​នូវ​ថ្ងៃ​ចូលឆ្នាំថ្មី ។ នៅ​សតវត្សរ៍ ទី ៣ មុន គ​.​ស រហូតដល់ ២២២ មុន​គ​.​ស ត្រូវគេ​អះអាងថា ថ្ងៃ​ចូលឆ្នាំថ្មី​ធ្វើ​នៅ​ថ្ងៃទី ០១ ខែ ឧសភា ខណៈ​ឯកសារ​ខ្លះ​អះអាងថា ថ្ងៃទី​១ ខែ កក្កដា ខ្លះ​ថា ថ្ងៃទី ១៥ ខែ មីនា ។ លុះដល់​ឆ្នាំ ១៥៣ មុន​គ​.​ស ទើប​គេ​ចាប់ផ្តើម​កំណត់​យក​ថ្ងៃទី ០១ ខែ មករា ធ្វើជា​ថ្ងៃ​ចូលឆ្នាំថ្មី បន្ទាប់ពី​អ្នកកាន់អំណាច​រ៉ូ​ម៉ាំង​ចូលកាន់​តំណែង​។

​សូម​រំលឹកថា​កាលណោះ​ប្រតិទិន​រូ​ម៉ាំង​ដែល​បាន​ក្លាយជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ននេះ​ពុំមាន​ការរាប់​ឆ្នាំ​ដូច​ជាគ​.​ស​ឡើយ​ប៉ុន្តែ​គេ​បានចាប់ផ្តើម​រាប់​ឆ្នាំ​នៃ​ការចូល​កាន់អំណាច​នៃ​អ្នកដឹកនាំ​ណា​ម្នាក់ ដូចជា​ថា ឆ្នាំ​ទី​១​ទី​២…..​នៃ​រជ្ជកាល​ស្តេច​….​ដូច្នេះ​ជាដើម​។​លុះដល់​មាន​ស្តេច​ណា​ឡើង​គ្រងរាជ្យ​ថ្មី គេ​ក៏​ចាប់ផ្តើម​រាប់​ឆ្នាំ ជាថ្មីទៀត ។
​ក្រោយមក​ទើប​ពួក​អ្នកប្រវត្តិសាស្ត្រ​និង​ពួក​អ្នកប្រាជ្ញ​បានជ្រើសរើស​យក​ឆ្នាំ​បន្ទាប់ពី​ការសាងសង់​ទីក្រុង​រ៉ូម ថា​ជា​ឆ្នាំ​ទី ០១ របស់​ពួកគេ ជា​និរន្តរ៍​ហើយ​ពាក្យ​ដែល​គេ​ប្រើ​នោះ​ជា​ភា​សារ៉ូ​ម៉ាំង​ថា ab urbe condita (AUC)​ដែល​មានន័យថា “​បន្ទាប់ពី​ការកសាង​ទីក្រុង ( រ៉ូម ) “ ។​
​នៅ​ឆ្នាំ​ទី​៤៦​មុន​គ​.​ស​ព្រះ​ចៅ​អធិរាជ​ជូ​លី​យើ​ស​សេ​ហ្សា​បានរៀបចំ​បង្កើត​ប្រតិទិន​មួយ​ដែល​ត្រូវគេ​ឱ្យឈ្មោះ​ថា ប្រតិទិន ជូ​លាន ដោយ​កែតម្រូវ​កាលបរិច្ឆេទ​មួយចំនួន ពី​ប្រតិទិន នូ​ម៉ា របស់​រ៉ូ​ម៉ាំង និង កំណត់​យក​ឆ្នាំ​ទី ៤៦ មុន​គ​.​ស ឱ្យ​ត្រូវ​នឹង​ឆ្នាំ ៧០៨ នៃ AUC ។​

​ព្រះ​ចៅ​អធិរាជ​សេ​ហ្សា​បានកំណត់​យក​ថ្ងៃទី​១​ខែមករា​ថា​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​។​បន្ទាប់ពីនោះ​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ភាគច្រើនបំផុត​បានទទួល​យក​ថ្ងៃទី​០១​ខែមករា ថា​ជា​ថ្ងៃ​ចូលឆ្នាំថ្មី ជា​បន្ត​បន្ទាប់មក ។​ឆ្នាំ ១៥៨២​នៃ​គ​.​ស​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣​បានរៀបចំ​សម្រួល​ប្រតិទិន​ជូ​លាន​ដែល​ត្រូវបាន​គេ​ហៅថា ប្រតិទិន ហ្គ្រេ​ហ្កូ​រាន​ហើយ​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​១៥៨២​ទើប​ប្រតិទិន​នេះ​បាន​ត្រូវ​ប្រើ​ជំនួស​ប្រតិទិន ជូ​លាន រហូតមក​ក្តី ក៏​ថ្ងៃ​ចូលឆ្នាំថ្មី​នៅតែ​ជា​ថ្ងៃទី ០១ ខែ មករា ដដែល ។​

​សរុបមក ថ្ងៃទី​០១​ខែមករា បាន​មានកំណើត​ក្នុង​លោក​យើង​នេះ​តាំងពី​៧១៣ ឆ្នាំ មុន​គ​.​ស​មកម្ល៉េះ ប៉ុន្តែ​ថ្ងៃទី​១​ខែមករា​នៅ​មិនទាន់​ត្រូវបាន​គេ​ជ្រើស​រើសយក​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ឡើយ​។​លុះដល់​ឆ្នាំ​ទី​៤៦​មុន​គ​.​ស​ជា​ពេលដែល​លោក​ជូ​លី​យើ​ស​សេ​ហ្សា​រៀបចំ​ប្រតិទិន​ឡើង​នោះ​ទើប​គេ​ឃើញ​មាន​ភាពប្រាកដប្រជា​ឡើង​ថា ថ្ងៃទី​០១ ខែ មករា ជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល រហូតមក​៕S/

-​ចំណងជើង​រូបៈ ស្វាគមន៍​ឆ្នាំ ២០១៩ ( 2020 , new year , new year 1)- រូបៈ អ៊ី​ន​ធឺ​ណេ​ត​