​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរ សម្លាប់​មនុស្ស បួន​នាក់ របួស ១៤​នាក់​

.​គ្រោះ​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ កើតឡើង​ពីរ​ករណី នៅ​ខេត្តកំពង់ចាម និង​នៅ​ខេត្តព្រះវិហារ​

399
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣ លើក បណ្តាល​ឲ្យ​ស្លាប់ បួន​នាក់ និង​របួស ១៤​នាក់​។ បើ​ធៀប​នឹង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន គឺ​គ្រោះថ្នាក់​ចរាចរ នៅ​ថ្ងៃ​សែន ចូលឆ្នាំ​ចិន​នៅ​ឆ្នាំនេះ ចំនួន​បាន​កើនឡើង តែ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ថយចុះ​។

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា កាលពី​ថ្ងៃ​សែន ចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរ បានកើត​ឡើង ១០​លើក បណ្តាល​ឲ្យ​ស្លាប់ ប្រាំ​បីនាក់ និង​របួស ១៦​នាក់​។ ដោយឡែក មូលហេតុ​គ្រោះថ្នាក់​ចរាចរ នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នៅថ្ងៃនេះ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​មិន​គោរព​សិទ្ធិ ជាដើម​។ អ្នកស្លាប់​ទាំង​បួន​នាក់ នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នេះ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព​បីនាក់​។​

​ចំណែក​នាយកដ្ឋាន​នគ​របាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានប្រកាសថា នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ យ៉ាងហោចណាស់ មាន​ករណី​គ្រោះ​អគ្គិភ័យ ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ កើតឡើង​ពីរលើក គឺ​នៅ​ខេត្តកំពង់ចាម និង​នៅ​ខេត្តព្រះវិហារ​។ គ្រោះ​អគ្គិភ័យ​ទាំងនោះ កើតឡើង​ពី​ការធ្វេសប្រហែស​ភ្លើង​ធូប ដែល​បណ្តាល​ឲ្យ​ឆេះ​រាន​កុងម៉ា និង​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​អាយុជីវិត ឬ​ទ្រព្យសម្បត្តិ​ផ្សេង​ឡើយ​។​

​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ១:៣០ រសៀល ថ្ងៃទី​៤ ខែកុម្ភៈ​នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ មួយ​លើក ម្ចាស់​ឈ្មោះ ជុំ ផាត ភេទ​ប្រុស អាយុ ៧៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​។ ការ​ខូច​ខាតៈ​ឆេះ​រាន​កុងម៉ា​ចំនួន​មួយ​និង​មិន​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ផ្សេង​ទៀតឡើយ​។ មូលហេតុ ធ្វេសប្រហែស​ភ្លើង​ធូប​។
​ក្នុងករណីនេះ អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បានចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ មួយគ្រឿង ប្រើប្រាស់​ទឹក​អស់​មួយ​រថយន្ដ ទើប​ភ្លើង​រលត់​អស់​មិន​បណ្ដាល​ឲ្យ​ឆេះ​រីក​រាលដាល​បន្ដ និង​មិន​បណ្ដាលអោយ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ទ្រព្យសម្បត្តិ​ផ្សេង​ឡើយ​។​

​ដោយឡែក នៅ​ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​ប្រកាសថា មាន​ករណី​អគ្គិភ័យ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ១​ករណី បានកើត​ឡើង នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ពិស្តារ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ នៅតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ស្រុក​ខណ្ឌ​ក្រុង គឺ​កងកម្លាំង​នគ​បាល​ពន្លត់​អគ្គិភ័យ បាន​ត្រៀមកម្លាំង​ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់​ជួយ​ប្រជាពលរដ្ឋ ពេល​មាន​អគ្គិភ័យ កើតឡើង រួមទាំង​ដាក់​ក្រុម​ប្រចាំការ តាម​វេន ក្នុងការ​ជួយសង្គ្រោះ ពេល​មាន​អគ្គិភ័យ ក្នុង​ទឹកដី​របស់ខ្លួន​៕ ល​