​ថ្ងៃ​១៥​កក្កដា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នឹង​បិទទ្វារ​ទឹក​សាកល្បង​តួប៊ីន​ទី​១

330

(​ស្ទឹងត្រែង​)៖​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​គ្រោង​នឹង​ទប់ទឹក​ទន្លេ​សាកល្បង ជា​លើកដំបូង ឱ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​ខាងមុខនេះ​ក្រោយពី​ក្រុមហ៊ុន​បាន​សាងសង់​ជិត​រួចរាល់​មកហើយ​នោះ​។​
​ ​
ការប្រកាស​សេចក្តីជូនដំណឹង​ខាងលើនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ជម្រាប​ទៅឱ្យ​អាជ្ញាធរ​ដើម្បី​ត្រៀមលក្ខណៈ​ជាមុន​។ ពីព្រោះថា ស្ពានដែក​បេ​ឡេ​ឆ្លងកាត់​ទន្លេស្រែពក​ប្រវែង​២៥២​ម៉ែត្រ ដែល​ត្រូវ​លិច​ទឹក កំពុងមាន​ចម្រូងចម្រាស ជាមួយនឹង​ពលរដ្ឋ​ហាម​មិនឱ្យ​រុះរើ​។​ពលរដ្ឋ​ខ្លះ មិនទាន់បាន​ចាកចេញ ពី​ផ្ទៃ​អាង​ទំនប់​ដែល​នឹងត្រូវ​លិច​ទឹក​អស់ទាំង​ស្រុង​នៅឡើយ​។​

​លោក ស៊ុយ សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​ដឹកនាំ​គណៈប្រតិភូ​រួម​និង​ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ សែន បាន​ចុះមក​ពិនិត្យមើល ស្ថានភាព​ជាក់ស្តែង​នៅ​ការ​រដ្ឋា​ន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៧​។​
​ពេលនោះ​លោក​រដ្ឋមន្ត្រី​បាន​និយាយប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា​មូលហេតុ​គណៈប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ខុទ្ទកាល័យ​សម្តេច​ចុះ​មើល​ការដ្ឋាន​សាងសង់​ទំនប់​គឺ​ដើម្បី​ពិនិត្យ​កន្លែង​ប្រារព្ធ​ពិធី​បិទ​ទំនប់​ទឹកទន្លេ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០១៧​ខាងមុខ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​បញ្ជាក់ថា​ក្រោយពី​មាន​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ដាក់ឱ្យ​ដំណើរការ​តទៅ​នោះ​វា​នឹង​បាន​ចូលរួមចំណែក​សំខាន់​ណាស់​ក្នុង​ការបន្ថែម​ប្រភព​ថាមពល ទៅឱ្យ​ក្រុម​បណ្តាញ​ចែកចាយ​ក្នុងប្រទេស របស់​យើង​និង​ក្នុង​តំបន់​។​លោ​កថា​ចាប់ពី​ឆ្នាំ​២០១៧​ទៅដល់​ឆ្នាំ​២០២០ តម្លៃប្រើប្រាស់​ថាមពល អគ្គិសនី នឹង​ធ្លាក់ចុះ ប​ន្តិ​ត​ម្តងៗ​ទៅតាម​ផែនការ​ដែល​បានកំណត់​រួចហើយ​។​
​ ​
​ទាក់ទង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​និយាយ​បន្ថែមទៀតថា​ការអភិវឌ្ឍន៍​គឺ​តែងតែមាន​ផលប៉ះពាល់ ដោយ​ជៀស​មិន​ផុត​។ ប៉ុន្តែ​ផលប៉ះពាល់​ទាំងនោះ​ត្រូវតែ​ដោះស្រាយ​។​ដោយឡែក​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​បាត​អាង ពុំទាន់​យល់ព្រម​ទទួលយក​សំណង​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល បានគិត​គូ​រក​ទីតាំង​សង់ផ្ទះ​ទុកឱ្យ​និង​ត្រៀម​ដីស្រែ​ជូន​ដល់​ពួកគាត់​រួច​អស់ហើយ​។​

ផលប៉ះពាល់​នៅ​តំបន់​ទំនប់​មាន​ចំនួន​៣​ឃុំ​គឺ​ឃុំ​ភ្លុក​ឃុំ​ក្បាល​រមាស​និង​ឃុំ​ស្រែគ​អាជ្ញាធរ​ជាមួយ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជិត​រួចរាល់​ទាំងស្រុង​ហើយ​គឺ​នៅសល់តែ​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​មិនបាន​យល់ព្រម​ទទួលយក​សំណង​ចាក​ចេញពី​ភូមិ​ចាស់​។​
​ប៉ុន្តែ ពេល​ទប់ទឹក​ទំនប់​បណ្តាលឱ្យ​លិច​គណៈកម្មាការ​ដោះស្រាយ​ផលប៉ះពាល់​បាន​ត្រៀមលក្ខណៈ​ទុកជាមុន​ជួយ​អ្នកភូមិ​អស់ហើយ​។​

​សូមបញ្ជាក់ថា​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​គឺជា​ការវិនិយោគ​រួមគ្នា ដោយ​ក្រម​ហ៊ុន​វិនិយោគ មកពី​ប្រទេស​ចិន Hydrolancang International Energy​មាន​ភាគហ៊ុន​៥១​ភាគរយ​។​ក្រុមហ៊ុន​នៅ​កម្ពុជា​គឺ​ក្រុមហ៊ុន​Royal Group របស់​អ្នក​ឧក​ញ្ញា​គិត​ម៉េង​មាន​ភាគហ៊ុន​៣៩​ភាគរយ​និង​ក្រុមហ៊ុន​EVN​ មកពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន​១០​ភាគរយ សរុប​ទឹកប្រាក់​វិនិយោគទុន​ជាង​៨០០​លាន​ដុល្លារ​។​
​ ​
​ទំនប់​សេសា​ន​ក្រោម​២​បានចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០១៣​។​មាន​អនុភាព​រហូតដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង​និង​មាន​តួប៊ីន​ចំនួន​៨​។​គ្រោង​នឹង​បញ្ចប់​ចុងឆ្នាំ​២០១៧​ឬក៏​ដើមឆ្នាំ​២០១៨​។​វា​រី​អគ្គិសនី​មួយ​នេះ​អាច​នឹង​ផ្តល់ប្រាក់​ចំណូល​ពន្ធ​ដល់​រដ្ឋ​បាន ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។​

យោងតាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន វិនិយោគ​និង​រាជរដ្ឋាភិបាល បន្ទាប់ពី​ដំណើរការ​រយះពេល​៤០​ឆ្នាំ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នឹងត្រូវ​ជូន​រដ្ឋាភិបាល ជា​អ្នកគ្រប់គ្រង​បន្ត​។​
​ ​
ចំណែក​ផ្ទៃដី​សំអាត​បាត​អាង​មាន​ទំហំ​៣​ម៉ឺន​៦​ពាន់​ហិកតា​និង​មាន​កម្ពស់​ទំនប់​សរុប​៨០​ម៉ែត្រ​ក្នុងនោះ​កម្ពស់​៧៥​ម៉ែត្រ​គឺជា​កម្ពស់​សម្រាប់​ទប់ទឹក​។ ដោយឡែក កម្ពស់​៥​ម៉ែត្រ​ទៀត​សម្រាប់​ការពារ​ហានិភ័យ​ពី​កម្រិត​កម្ពស់​ទឹក​ខ្ពស់​ដែល​យូរៗ ហូរ​ជ្រុល កើតមាន​ម្តងម្កាល​នៃ​ទំនប់​។ តាម​ការ​ព្យា​រក​រណ៍​ថា ពេល​បិទ​ទំនប់​កម្ពស់​ទឹក នឹង​អាច​កើត​ឡើងដល់​កម្រិត​៧២​ម៉ែត្រ​ធៀប​ទៅនឹង​នីវ៉ូ​ទឹកសមុទ្រ​ដែល​អាចឱ្យ​លិច​ភូមិ​និង​ស្ពាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ​៕ ​ដោយ ៖សុខុម