​ថ្ងៃ​២០​ឧសភា ទិវា​ជាតិ​នៃ​ការចងចាំ បាន​ក្លាយជា​ថ្ងៃបុណ្យ​ជាតិ​

2621
ចែករម្លែក
  • 175
    Shares

.​កម្មករនិយោជិត ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ការងារ ដោយមាន​ប្រាក់​ឈ្នួល នៅ​ថ្ងៃទី​២០ ខែឧសភា ចាប់ពី​ឆ្នាំនេះ​តទៅ​
ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ថ្ងៃទី​២០ ខែឧសភា ជា​ទិវា​ជាតិ​នៃ​ការចងចាំ​។ រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃ​២០​ឧសភា​នេះ ជា​ថ្ងៃ​បុណ្យជាតិ ដោយ​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៨​នេះ​តទៅ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ប្រកាស ស្តីពី ការឈប់​សម្រាក​ទិវា​ជាតិ​នៃ​ការចងចាំ ដោយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ឈប់សម្រាក​ការងារ ដោយមាន​ប្រាក់​ឈ្នួល នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​។

​ដោយ​ថ្ងៃ​២០​ឧសភា នៅ​ឆ្នាំនេះ ចំ​ថ្ងៃអាទិត្យ ដូច្នេះ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​ឲ្យ​កម្មករ និយោជិត ត្រូវបាន​ឈប់សម្រាក​មួយថ្ងៃ​បន្តទៀត គឺ​ឈប់សម្រាក​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែឧសភា​។

អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​រូបថត បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ កំណត់​យក​ថ្ងៃ​២០ ឧសភា រៀងរាល់ឆ្នាំ​ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដោយបាន​កំណត់​យក​ជា​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ ដើម្បី​រម្លឹក​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រួមទាំង​ប៉ះប៉ូវ​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​អ្នក​ដែល​ឆ្លងកាត់​សម័យ​ខ្មែរក្រហម ចូលរួម​ផ្សះផ្សា​ជាតិ និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​យល់ដឹង​ពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​ខ្មែរក្រហម​។​

​នៅ​ថ្ងៃ​២០​ឧសភា ឆ្នាំ​២០១៨ ដែលជា​ឆ្នាំ​ដំបូង ដែល​រាជរដ្ឋាភិបាល កំណត់​ថ្ងៃ​២០​ឧសភា ជា​ទិវា​ជាតិ​នៃ​ការចងចាំ ត្រូវបាន​លោក ឈិន កេ​ត​នា អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ មិនបាន​ចាត់ចែង​រៀបចំ​ពិធី​ជួបជុំ​អ្វី​ទេ នៅ​ថ្ងៃទី​២០ ខែឧសភា​នេះ​។ មានតែ​ខាង​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ពិធី ដូច​រៀងរាល់ឆ្នាំ នៅ​បឹង​ជើងឯក​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ទិវា​រម្លឹក​ដល់​ការឈឺចាប់​នៃ​របប​ខ្មែរក្រហម​ដោយ​ធ្វើ​ពិធី​ជួបជុំ នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ទិវា​ថ្ងៃ​២០​ឧសភា ប្រព្រឹត្តទៅ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។

​ក្រៅពី​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ និង​ជនរងគ្រោះ ក្នុង​ពិធី​ជួបជុំ ថ្ងៃ​២០​ឧសភា ក៏មាន​ពិធីរាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

ទិដ្ឋភាព​គេហដ្ឋាន​នៅលើ​ផ្លូវ​សាល​ដឺ​ហ្គោល ម្តុំ​ផ្សារ​ថ្មី​ដែល​ម្ចាស់ផ្ទះ​ត្រូវ​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅកាន់​ទីជនបទ​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥​។ រូបថត​នេះ​ត្រូវបាន​ថត​នា​អំឡុង​ដើមឆ្នាំ​១៩៧៩ ក្រោយ​កងទ័ព​រំដោះ​ផ្តួលរំលំ​របប​ខ្មែរក្រហម ​(​រូបថត បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្នុង​ពិធី​ជួបជុំ​រម្លឹក​ថ្ងៃ​២០​ឧសភា ក៏មាន​ការសម្តែង​រប​ស់​ក្រុមយុវជន បង្ហាញ​ពី​ការកាប់សម្លាប់​ជីវិត​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ រួមទាំង​ការធ្វើ​ទារុណកម្ម ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ជិត ២​លាន​នាក់ ត្រូវ​បាត់បង់​ជីវិត​។​

​ក្នុង​ពិធី​ជួបជុំ​នៅ​ជើងឯក​ជា​រៀងរាល់ឆ្នាំ តំណាង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម បាន​ឡើង​ថ្លែង​សុន្ទរកថា ដោយ​សម្តែង​ការឈឺចាប់ ចំពោះ​របប​ខ្មែរក្រហម និង​បាន​សម្តែង​ការគាំទ្រ​ចំពោះ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ជំរុញ​ឲ្យ​តុលាការ ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​កុំ​ឲ្យ​មាន​របប​វាលពិឃាត​នេះ កើតឡើង​សាជាថ្មី នៅ​ប្រទេស​កម្ពុជា​យើង​។​

​ក្រុមយុវជន​ស្លៀកខោ​អាវខ្មៅ​ដែលជា​ទាហាន​ខ្មែរក្រហម បាន​ចាប់​ប្រជាជន​ស្លូតត្រង់ វាយ​សម្លាប់​នឹង​គល់​ឫស្សី និង​ត្បូងចប​។ ឈុត​ឆាក​នោះ បានធ្វើ​ឲ្យ​អ្នកចូលរួម​ពិធី​ជាច្រើន តក់ស្លុត និង​ស្រក់​ទឹកភ្នែក ដោយសារ​ពួកគាត់​នឹកឃើញ​ដល់​អតីតកាល​ដ៏​ខ្មៅ​ងងឹត ក្នុង​របប​ខ្មែរក្រហម​។​

ក្រោយ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​ដែល​ហេវ​ហត់ អស់កម្លាំង និង​មាន​ជំងឺផ្លូវចិត្ត បាន​វិលត្រឡប់​មកកាន់​លំនៅដ្ឋាន​វិញ ដោយ​នាំមក​ជាមួយ​នូវ របស់របរ​ដែល​ខ្លួន​អាច​យួរ កាន់ ឬ​ទូល​បាន ដើម្បី​ចិញ្ចឹមជីវិត​បន្តទៀត​។ អ្នក​ទាំងនោះ​មិនបាន​ដឹង​សោះ​ថា តើ​បងប្អូន​របស់ខ្លួន​ប៉ុន្មាន​នាក់​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​(​រូបថត បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដោយឡែក នៅតាម​ខេត្ត​នានា ទូទាំងប្រទេស អាជ្ញាធរខេត្ត រួមទាំង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​ពិធី​ជួបជុំ ដើម្បី​អបអរ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ដើម្បី​រម្លឹក​ពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត នៃ​ការធ្វើ​ទារុណកម្ម និង​ការកាប់សម្លាប់​របស់​ខ្មែរក្រហម លើ​ប្រជាជន​ស្លូតត្រង់​។ ពិធី​ជួបជុំ​ជាច្រើន ត្រូវបាន​ធ្វើឡើង នៅតាម​បណ្តា​ខេត្ត​នានា នៅមុន​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​។​

​ដូច្នេះ ដើម្បី​កុំ​ឲ្យ​របប​វាលពិឃាត​ខ្មែរក្រហម​វិល​មក​ជាថ្មីទៀត មានតែ​ប្រជាជន​កម្ពុជា​យើង រួមគ្នា​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ពោលគឺ​ត្រូវ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុនសែន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែមួយគត់​។​

​សូម​រម្លឹក​បន្ថែមថា របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​ការផ្តួលរំលំ​របប​ខ្មែរក្រហម​បានសម្រេច​កាលពី​ឆ្នាំ​១៩៨៣ ដោយ​យក​ថ្ងៃ​២០​ឧសភា ជា “​ទិវា​ចងកំហឹង​” ចំពោះ​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ក្រោយមក ទិវា​ថ្ងៃ​២០​ឧសភា ត្រូវបាន​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ខេត្ត រាជធានី​ទូទាំងប្រទេស​។ នៅ​ភ្នំពេញ ក៏​តែងតែ​ប្រារព្ធ​ពិធី​ជួបជុំ នៅ​ជើងឯក ដែលជា​កន្លែង​សម្លាប់​មនុស្ស ក្នុងសម័យ​ខ្មែរក្រហម​។​

​ថ្ងៃ​២០​ឧសភា​ជា​ថ្ងៃ​ដែល​សម័យ​ខ្មែរក្រហម​បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​ប្រល័យពូជសាសន៍​ឈានដល់​ការសម្លាប់​មនុស្ស​យ៉ាង​ចំហ និង​យ៉ាង​ឃោរឃៅ ព្រៃផ្សៃ ចំពោះ​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​។​ខ្មែរក្រហម​បាន​អនុវត្ត​គោលការណ៍​នោះ​នៅ​ឆ្នាំ​១៩៧៦ ក្រោយពី​ឡើងកាន់​អំណាច នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥៕ ល​

ការបង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​ប្រជាជន​គ្រប់រូប​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ទាំងអស់​(​រូបថត បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)