​ថ្នាក់ដឹកនាំ​នគរបាល​ខេត្តកំពត​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង​ចំពោះ​ខ្មែរ​អ៊ិ​ស្លាម​

557
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖​ស្នងការ​នគរបាល​ខេត្តកំពត​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​កុំឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ពាក់ព័ន្ធ​នឹង​ករណី​កូ​វីដ​១៩​។​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ផ្ទាល់ខ្លួន នា​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​អំពាវនាវ​ថា សូម​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជាពិសេស​អ្នក​នៅ​ខេត្តកំពត​មេត្តា​កុំ​មានការ​រើសអើង​ទៅលើ​បងប្អូន​ជនជាតិខ្មែរ​អ៊ិ​ស្លាម​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​បាន​បន្តថា​នេះ​មិនមែន​ពួកគាត់​ចង់​ចម្លង​កូ​វីដ​១៩​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​នោះទេ​គឺ​ពួកគាត់​ក៏​ខ្លាច​ស្លាប់​ដែរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ចា​ក់ថា​ប្រការ​សំខាន់​ត្រូវ​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការពារ​ទាំងអស់​គ្នា​។​គ្រានេះ​មិនមែនជា​ពេលវេលា​សម្រាប់​ដាក់បន្ទុក​ទៅលើ​នរណាម្នាក់​នោះឡើយ​។​សង្ឃឹមថា​បងប្អូន​ជនរួមជាតិ​ទាំងអស់​នឹង​យល់​អំពី​បញ្ហា​នេះ​ក្នុងនាម​ជា​ខ្មែរ​ត្រូវ​រួបរួមគ្នា​។​

​សូមបញ្ជាក់ថា​ការផ្ញើ​សារ​របស់លោក​ស្នងការ​ខេត្តកំពត​បានធ្វើ​ឡើង​ក្រោយ​មាន​បណ្តាញ​ព័ត៌មាន​សង្គម​ក៏ដូចជា​ពាក្យ​អត្ថាធិប្បាយ​ពី​ជន​មួយចំនួន​តូច​ឆ្លើយតប​នឹង​ការកើនឡើង​នូវ​តួលេខ​នៃ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​​ក្នុងនោះ​មាន​បងប្អូន​អ៊ិ​ស្លាម​កម្ពុជា​បាន​ចម្លង​មកពី​ក្រៅប្រទេស​ផងដែរ​។​

​ក្រៅពី​ពាក្យ​អំពាវនាវ​កុំឱ្យ​មានការ​រើសអើង​បែប​នោះ​លោក​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ក៏បាន​អង្វរ​ដល់​ឱសថស្ថាន​ក្នុង​ខេត្តកំពត​និង​នៅ​ទូទាំងប្រទេស​កុំ​យក​ឱកាស​នេះ​ដំឡើងថ្លៃ​ម៉ាស់​អាល់កុល​និង​សារធាតុ​សម្លាប់​មេរោគ​ផ្សេងៗ​ទៀត​៕S/​