​ថ្នាក់ដឹកនាំ​ស្រុក​ឃុំ​ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​

109

(​កំពត​)៖​ក្នុងនាម​ជា​អ្នកដឹកនាំ​នៃ​អាជ្ញាធរ​ស្រុក​និង​មូលដ្ឋាន​ដាច់ខាត​ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​លើ​កិច្ចការងារ​របស់ខ្លួន ពិសេស​ចំពោះ​ការផ្តល់​សេវាសាធារណៈ​។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ​នៅ​ស្រុក​ជុំ​គិរី​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាស្រុក លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក ក៏ដូចជា​អស់លោក លោកស្រី​ជា​មេឃុំ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​សុទ្ធចិត្ត​គឺ​បញ្ចៀស​ឱ្យបាន​ដាច់ខាត​នូវ​ភាព​ថ្នាំងថ្នាក់​ពី​អារម្មណ៍​ប្រជាពលរដ្ឋ​ចំពោះ​សកម្មភាព​ដឹកនាំ​របស់ខ្លួន ពិសេស​លើ​ការងារ​ផ្តល់​សេវាសាធារណៈ​។

រាល់​បាតុភាព​អវិជ្ជមាន​ទាំងឡាយ ត្រូវ​យកចិត្តទុកដាក់​កាត់បន្ថយ​ពី​ច្រើន​មក​តិច និង​ពី​តិច​រហូតដល់​គ្មាន​។ បញ្ហា​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​គឺ​ការងារ​អត្តសញ្ញាណ​កម្ម​។
លោក អភិបាល ខេត្ត​បាន​បន្តថា ក្នុងករណី​ការផ្តល់​ប័ណ្ណគ្រួសារ លិខិត​កំណើត ឬ​អត្តសញ្ញាណប័ណ្ណ​ខុស​ភេទ អាយុ ឬ​ទីលំនៅ​ដោយ​ប្រជាពលរដ្ឋ​សុំឱ្យ​កែ​ឡើងវិញ អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ស្រុក​ប្រញាប់ប្រញាល់​គិតគូរ ហើយ​បើ​ក្នុង​ចំនួន​ច្រើន​ត្រូវ​ធ្វើជា​កញ្ចប់​បញ្ជូនមក​អាជ្ញាធរខេត្ត​ដើម្បី​ដាក់​ឆ្លង​ចូល​អគ្គ​អត្តសញ្ញាណ​កម្ម​ក្នុងការ​ឈានដល់​កែតម្រូវ​ជូន​ពួកគាត់​។

នេះ​ជា​រឿង​សំខាន់​ព្រោះ​ពលរដ្ឋ​តែង​ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​។ ប៉ុន្តែ​បើ​មានការ​ស្នើសុំ​ប្តូរ​ឈ្មោះ ឬ​អាយុ​របស់​សាមីខ្លួន​នោះ​ត្រូវ​ដាក់ចូល​ស្ថាប័ន​តុលាការ​ទើប​មាន​សិទ្ធិ​ក្នុងការ​សម្រេចបាន​។​បញ្ហា​ទាំងនេះ​តម្រូវឱ្យ​ថា្នក់​ដឹកនាំ ឬ​មន្ត្រី​មូលដ្ឋាន​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ពី​ផ្លូវច្បាប់​ដើម្បី​ពួកគាត់​បាន​ជ្រាប និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក ជាវ តា​យ បាន​មានប្រសាសន៍​បន្ត ទៀតថា​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ជឿជាក់​លើ​ការដឹកនាំ​ទាំង​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ស្រុក​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជា​ចម្បង​។

​យ៉ាងណាមិញ​ថ្នាក់ដឹកនាំ​អាជា្ញធរ​មូលដ្ឋាន​ក៏​មិនត្រូវ​ភ្លេច​នូវ​ការជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​សម្រាប់​ការងារ​បង្កបង្កើនផល​ទាំង​ស្រូវវស្សា​ស្រូវប្រាំង​និង​ដំណាំ​បន្លែ​ផ្សេងៗ​ហើយ​អាជ្ញាធរខេត្ត​នឹង​ខិតខំ​រក​ទីផ្សារ​កសិផល​ជូន​បងប្អូន​ប្រជាកសិករ​ស្របតាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​ដោយ​៖​បូកគោ​

​ថ្នាក់ដឹកនាំ​ស្រុក​ឃុំ​ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​