​ថ្នាក់​ពង្រឹង​ស្រុក​ព្រៃឈរ​បង្ហើប​ប្រាប់​ពលរដ្ឋ​អំពី​ក្តី​សុ​បិ​ន្ត​ធំ​ក្នុង​ជីវិត​

899
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​បង្ហើប​ប្រាប់​និវត្តជន​និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​អំពី​ក្តី​សុ​បិ​ន្ត​ធំ​ប្រចាំ​ឆាកជីវិត​។​គឺ​ការ​ប្រាថ្នា​ចង់ឃើញ​ប្រជាពលរដ្ឋ រស់នៅក្នុង​ជីវភាព​ល្អប្រសើរ​ប្រកបដោយ​សេចក្តីសុខ សុភមង្គល ជាមួយ​ក្រុមគ្រួសារ នៅក្រោម​ម្លប់​សន្តិភាព និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​។​
​ ​
​ការលើកឡើង​ខាងលើនេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ បានធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ទូទាំង​ស្រុក​ព្រៃឈរ​ចំនួន​ជាង​៤០០​នាក់​។​

ការជួបជុំ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ដែនដី និង​មន្ត្រីរាជការ​ជាច្រើនរូប​។​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ​ចេញពី​គំនរ​ផេះផង់​នៃ​ភ្លើងសង្គ្រាម​រហូត​ទទួលបាន​នូវ​សុខសន្តិភាព​ពេញ​បរិបូរ​និង​វឌ្ឍនភាព​គ្រប់​វិស័យ​។​

​លោក​បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ក​ម្ពុ​ជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជាតិ​រឹងមាំ ហើយ​រាជរដ្ឋាភិបាល​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​សង្គម សំដៅ​ឆ្លើយតប​ក្តីកង្វល់ និង​បំណងប្រាថ្នា​ភាគច្រើន​របស់​ប្រជាជន តាមរយៈ​ការបង្កើត​មូលនិធិ​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ និង​សេវា​គាំពារ​សង្គម​ជូន​ប្រជាពលរដ្ឋ​ទូទៅ រួមទាំង​និវត្តជន​ផងដែរ​។

​ឆ្លៀត​ក្នុង​ពិធី​នោះ លោក​ក៏បាន​ជម្រាបជូន​អង្គពិធី អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ជួយឧបត្ថម្ភ និង​គាំពារ​សុខមាលភាព​ជរា​ជន និង​និវត្តជន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​។ ដើម្បី​មនុស្ស​ចាស់ និង​គោលនយោបាយ​ជាតិ សម្រាប់​មនុស្ស​ចាស់​នៅ​កម្ពុជា ឆ្នាំ​២០១៧-២០៣០ ដែល​ផ្តោត​សំខាន់​លើ​ការពង្រីក​គម្រោង​ចូលនិវត្តន៍ និង​សោធន​សម្រាប់​កម្មករនិយោជិត ព្រមទាំង​ការបង្កើត និង​ដាក់​អ្នកជំនាញ​ដែលមាន​ការបណ្តុះបណ្តាល​ផ្នែក​ថែទាំ​មនុស្ស​ចាស់ នៅ​គ្រប់​មណ្ឌល​សុខភាព​ទូទាំងប្រទេស​។​
​ ​
​បន្ថែម​លើ​នោះ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ព្រៃឈរ រួមទាំង​និវត្តជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ទាំងអស់ នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​កុំបី​ខាន​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ដឹកនាំ កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​រុងរឿង​ខ្លាំងក្លា​ថែមទៀត​៕S/

ថ្នាក់​ពង្រឹង​ស្រុក​ព្រៃឈរ​បង្ហើប​ប្រាប់​ពលរដ្ឋ​អំពី​ក្តី​សុ​បិ​ន្ត​ធំ​ក្នុង​ជីវិត​