​ថ្លើម​មិនតូច​!​ហ៊ាន​បោះបង្គោល​ហ៊ុមព័ទ្ធ​យក​ដី​បម្រុង​ធ្វើ​អាកាសយានដ្ឋាន​របស់រ​ដ្ឋ​

829
ចែករម្លែក
​ថ្លើម​មិនតូច​!​ហ៊ាន​បោះបង្គោល​ហ៊ុមព័ទ្ធ​យក​ដី​បម្រុង​ធ្វើ​អាកាសយានដ្ឋាន​របស់រ​ដ្ឋ​(រូបថតសាតចាន់បុត្រ)

ដោយៈ សាត ចាន់​បុត្រ​/ ​មណ្ឌលគិរីៈ អាជ្ញាធរ​មូលដ្ឋាន​និង​ខេត្ត​ដឹកនាំ​ដោយ​អភិបាលខេត្ត​មណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា បាន​ចុះទៅ​ដក​បង្គោល​ថ្ម​ជាច្រើន​ដើម​ដែល​ត្រូវ​ជន​ឆ្លៀតឱកាស​បោះ​ក្នុង​បំណង​រំលោភ​យក​ដី​បម្រុង​ទុក​ធ្វើ​អាកាសយានដ្ឋាន​យកមក​រក្សាទុក​ធ្វើជា​ភស្តុតាង​។​ដី​បម្រុង​របស់​រដ្ឋ​នេះ​មាន​ទីតាំង​ស្ថិតក្នុង ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ។​


​ ​អភិបាលខេត្ត​លោក​ស្វាយ​សំ​អ៊ាង​បាន​ឲ្យ​ដឹងថា​ដោយ​មើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំដី​យក​ធ្វើជា​កម្ម​សិ​ទ្ឋ​ផ្ទាល់ខ្លួន​លើដី​ទីនោះ​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី បរិស្ថាន នគរបាល និង​អាវុធហត្ថ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល ស្រុក​អូររាំង ដើម្បី​ស្រាវជ្រាវ​បន្តទៅ​តាម​នី​តី​វិធី​។


​ ​លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា មិន​ត្រឹមតែ​ដី​ទីតាំង​អាកាសយានដ្ឋាន​នេះ​ទេ​ដែល​អាជ្ញាធរ​ចុះ​អនុវត្ត​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ​គឺ ​សូម្បី​ដីចម្ការ​ស្រល់​ដែល​កំពុង​រង​នូវ​ការទន្ទ្រាន​ពី​ជន​មួយ​ក្តាប់​តូច​នោះ​ក៏​លោក​ដាក់បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​ពាក់​ព័​ន្ឋ​ទាំងអស់​ចុះ​ត្រួតពិនិត្យ​រឹបអូស​យកមក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ដែរ​។​


​កន្លងមក អាជ្ញាធរខេត្ត​នេះ​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​អាកាសចរណ៍​ស៊ីវិល​ចុះ​កំណត់​ព្រំដី​និង​សិក្សា​បន្ថែម​ដើម្បី​ឈានដល់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​៩០០​ហិកតា​ស្ថិតនៅ ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ។


​ ​លោក សៀក មុនី អភិបាល ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​ប្រតិភូ​របស់​អាកាសចរណ៍​ស៊ីវិល​បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់​ ​ស្តែង​ដែល​បាន​កំណត់ទុក​តាំងពី​យូរ​មកហើយ​សម្រាប់​អភិវឌ្ឍន៍​ទៅជា​អាកាសយានដ្ឋាន​។ ដោយសារតែ​នៅ​ទីតាំង​នេះ​ត្រូវ​អភិវឌ្ឍន៍​មាន​គម្រោង​ច្រើន ដូច្នេះ​ផ្ទៃដី​ដែល​ទុក​សម្រាប់ធ្វើ​អាកាសយានដ្ឋាន​នេះ​មាន​ទំហំ​ធំ​។​ពោល គឺមាន​ការសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​បន្ថែមទៀត​។


​ ​លោក​អភិបាល ខេត្តមណ្ឌលគិរី បាន​ថ្លែងថា «​ខេត្ត​និង​អាកាសចរណ៍​ស៊ីវិល​បាន​
​សហការគ្នា​ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​អាកាសយានដ្ឋាន​។​នេះ​ជា​គម្រោង​មួយ​ដែល​ខេត្ត​បានរ​កដី​ទុក​។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ជាក់ស្តែង​លោក​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ ។​តែ​ការសំខាន់​យើង​ត្រូវ​ត្រៀម​ដី​បម្រុង​ទុក​ចៀសវាង​គ្មាន​ទីតាំង​នៅពេល​ ​ដែល​គម្រោង​ត្រូវ​ចាប់ផ្តើម​។ បើ​យើង​មិន​ធ្វើ​អីចឹង​ទេ​គឺ​អត់​មាន​ទីតាំង​សម្រាប់​សាងសង់​ទេ​។ ដូច្នេះហើយ​បានជា​អាជ្ញាធរខេត្ត​ខិតខំ​ការពារ​ដី​ទុក​មាន​ទំហំ​ជាង​៩០០​ហិកតា​៕សរន