​ទន្លេ​ផ្សះផ្សា ជួរ​ភ្នំ​សន្តិភាព​

553
ចែករម្លែក
  • 15
    Shares

ដោយ​: ឆាំង យុ​
​គោល​គំនិត និង​និមិត្តសញ្ញា គឺមាន​សារសំខាន់​ណាស់ ក្នុងការ​ផ្សព្វផ្សាយ បណ្ដុះ​គំនិត និង​ដឹកនាំ​ជា​សមូហភាព​ពី​ខ្លឹមសារ​និង​ការផ្តួចផ្តើម​ទាំងឡាយ​។​នៅក្នុង​ប្រទេស​កម្ពុជា ទឹក​គឺជា​និមិត្តសញ្ញា​នៃ​ជីវិត​។ យើង​ប្រារព្ធ​រដូវវស្សា ដើម្បី​ជាការ​ចាប់ផ្ដើម​ថ្មី​នៃ​រដូវ​ច្រូតកាត់​របស់​យើង ដែល​ទាក់ទង​នឹង​អំណោយ ដ៏​ច្រើន​របស់​ផែនដី​ទៅដល់​មនុស្សលោក​។ ទីជនបទ មាន​ភាព​រស់រានមានជីវិត​ជាមួយនឹង​ការ​កើន ឡើង​របស់​ដើមឈើ​ពណ៌​បៃតង​ស្រស់ ផ្កា​រីក​ស្គុះស្គាយ និង​អាហារ​ដ៏​សម្បូរបែប​។

ភ្នំហាឡាសាន នៃកោះជេជូ ប្រទេសកូរ៉េខាងត្បូង

​ផ្ដើម​ពី​ការណែនាំ​ជាបឋម​អំពី​ការងារ​មួយចំនួន​របស់​យើង យើង​ជួបប្រទះ​ការលំបាក​ជាមួយនឹង​គោល​គំនិត​នៃ​ការផ្សះផ្សា រវាង​ជនរងគ្រោះ ជនដៃដល់ និង​គ្រួសារ​របស់គេ ជាមួយនឹង​ទំនាក់ទំនង​រវាង​ទន្លេ​ពីរ គឺ​ទន្លេមេគង្គ​និង​ទន្លេសាប​របស់​ប្រទេស​យើង​។ ទន្លេ​ទាំងពីរ​មាន​លក្ខណៈពិសេស​ខុសពី​គ្នា​នៅត្រង់​ដំណើរ​នៃ​ចរន្ត​ខ្សែរ​ទឹក​របស់​វា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ទន្លេ​ទាំងពីរ​ក៏បាន​ប្រសព្វ​គ្នា នៅ​ចំ​ពីមុខ​ព្រះបរមរាជវាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។​នៅពេលដែល​ទន្លេ​ទាំងពីរ​ត្របាញ់​ចូលគ្នា ទន្លេ សាប មិនបាន​បាត់បង់​ភាព​វិសេសវិសាល របស់ខ្លួន​នោះទេ​។ ដោយសារតែ​ជំនន់​ទឹកភ្លៀង​រដូវវស្សា​ដ៏​ឆាប់រហ័ស​ពី​ទន្លេមេគង្គ ទន្លេសាប​បានក្លាយ​ទៅជា​ប្រព​ន្ធ័​ធារាសាស្ត្រ​ដ៏​អច្ឆរិយ​មួយ ដែល​ប្រឆាំង​ទៅនឹង​ទំនាញផែនដី ដោយ​ផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​បញ្ច្រាស​ទៅលើ​ចាក់​ចូលទៅក្នុង​បឹង​ទន្លេសាប ដែលជា​អាង​នេសាទ​ទឹកសាប​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ដែល​សម្បូរ​ទៅដោយ​ជម្រក​មច្ឆា​។​

​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​ប្រៀបបាន​ទៅនឹង​ភាព​ប្រសព្វ​គ្នា​រវាង​ទន្លេ​ទាំងពីរ​ដូច្នេះ​ដែរ​គឺ​មិនបាន បំផ្លាញ​បុគ្គលភាព​មនុស្ស​ម្នាក់ៗ បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​អត្តសញ្ញាណ​សហគមន៍​ឡើយ​។ ផ្ទុយទៅវិញ ដូចជា​ទន្លេសាប ភាព​ត្រ​គួ​ញ​ចូលគ្នា​បានក្លាយ​ទៅជា​កត្តា​មួយ ដែល​ផ្តល់​អំណាច​ដល់​បុគ្គល​ម្នាក់ៗ​គ្រួសារ​និង​សហគមន៍​ក្នុង​ទម្រង់​នានា​ដែល​មិនអាច​ព្យាករណ៍​បាន​។​
​ប្រៀប​ដូច​ទៅនឹង​ការងារ​មនុស្សធម៌​ទាំងអស់​ដែរ ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​គឺ​ពិបាក​ណាស់​។ សង្គម​បន្ទាប់ពី​ជម្លោះ​គឺអាច​ត្រូវបាន​ពិពណ៌នា​ថា​ជា​ទឹកដី​ដែល​ពោរពេញ​ទៅដោយ​កំហឹង ការ​ស្អប់ខ្ពើម ភាព​សោកសៅ និង​ការប៉ះទង្គិច​ផ្លូវចិត្ត​ដែល​មិនអាច​ពិពណ៌នា​បាន​។
​ដំណើការ​ទៅមុខ​និង​ការវាស់វែង នៃ​ភាពជោគជ័យ មិនអាច​សម្រេចបាន​ដោយ​គ្មាន​មនុស្ស​ដែលមាន​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន ចំពោះ​ជនរងគ្រោះ​និង​អ្នក​រស់រានមានជីវិត​។ ប៉ុន្តែ​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​តែ​ឯកឯង​គឺ​មិន​គ្រប់គ្រាន់​ទេ​។ មនុស្ស​ដែល​ធ្វើការ​នៅក្នុង​បរិយាកាស​ទាំងនេះ​ត្រូវតែមាន​ភាពក្លាហាន​និង​នៅពេល​ខ្លះ​គួរតែ​ឆ្កួត​បន្តិច​ផង​។​

​នៅ​ចន្លោះ​ឆ្នាំ ១៩៩២ និង ១៩៩៣ ខ្ញុំ​ត្រូវបាន​អង្គការសហប្រជាជាតិ​ចាត់តាំង​ឲ្យ​ធ្វើជា​បុគ្គលិក​អន្ដរ ជាតិ​នៅ​ស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ ក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (​អ៊ុនតាក់​)​។ តួនាទី​របស់ខ្ញុំ​គឺ គាំទ្រ​និង​រៀបចំ​ដល់​ការបោះឆ្នោត​ដែល​អង្កេត​ដោយ​អង្គការសហប្រជាជាតិ​។ ក្នុងអំឡុងពេល​បោះឆ្នោត​អ៊ុនតាក់​ខេត្តកំពង់ស្ពឺ​មាន​ការិយាល័យ បោះឆ្នោត​ចំនួន ១០១​កន្លែង ហើយ​តំបន់​របស់ខ្ញុំ​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​២៥០.០០​នាក់​។​

​កាលនោះ​ខេត្តកំពង់ស្ពឺ​ពាក់កណ្ដាល​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​នៅឡើយ​ហើយ​ក្នុង នាម​ជា​ជនជាតិខ្មែរ​ដែល​អាច​និយាយ​ភាសារ​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ល្អ ខ្ញុំ​ក៏​ក្លាយទៅជា​ការ​គំរាម​គំហែង​ចំពោះ​ខ្មែរក្រហម ដែលមាន​បំណង ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​។ ខ្ញុំ​អាចធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកបោះឆ្នោត​និង​អាច​ស្ដាប់​ពី​ការទាក់ទង​គ្នា​របស់​ខ្មែរក្រហម​តាមរយៈ​វិទ្យុ​ចល័ត​របស់ខ្ញុំ​។ លេខ​កូដ​របស់ខ្ញុំ​គឺ សំល​ឡេង​ខ្ទ័រ​១៥​បំពង់ក​ត្រី​។​

ប្រជានេសាទកំពុងបង់សំណាញ់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ

​នៅក្នុង​ឆ្នាំ​១៩៩៣ ស្រុក​ភ្នំស្រួច​គឺជា​តំបន់​មួយ​ដែល​តានតឹង ។ នៅពេលនោះ​ស្រុក​ភ្នំស្រួច​គឺ​នៅក្រោម​ការកាន់កាប់​ដោយ​ខ្មែរក្រហម​ទាំងស្រុង ហើយ​វា​ពោរពេញ​ទៅដោយ​គ្រាប់មីន​។ វា​ពិតជា​កន្លែង​មួយ ដែល​គួរ​ឲ្យ​ភ័យខ្លាច​ហើយ​ខ្ញុំ​ក៏​ទទួលរង​ការ​គំរាម​គំហែង​ដល់​ជីវិត​ខ្ញុំ​អស់​ជាច្រើនលើក​។​ខ្មែរក្រហម​បាន ដាក់​គ្រាប់មីន​មុនពេល​ខ្ញុំ​មកដល់​ការិយាល័យ ដូចជា​នៅក្រៅ​បន្ទប់ទឹក និង​នៅ​អាគារ​ដែលជា​កន្លែងធ្វើកា​រ​របស់ខ្ញុំ​។ ខ្ញុំ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ម្នាក់​បានជា​ន់​ចំ​គ្រាប់មីន​ហើយ​ក៏បាន​បាត់បង់​ជើង​ម្ខាង​របស់គាត់​។​

​នៅ​ថ្ងៃមួយ​រថយន្ត​របស់ខ្ញុំ​បាន​ខូច​នៅក្នុង​ព្រៃ​ហើយ​ខ្ញុំ​មិនបាន​ចេះ​ពី​របៀប​ជួសជុល​វា​នោះទេ​។ ការពិត​វា​គឺជា​កំហុស​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនបាន​ដឹងថា​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​ប្រេង​នៅក្នុង​រថយន្ត​ឡើយ​។ ខ្ញុំ​បើក រថ យន្ត រហូត​ទាល់តែ​ម៉ាស៊ីន​ឡាន​បាន​ឆេះ​សន្ធោសន្ធៅ​។ ដោយមាន​ផ្សែង​ចេញពី​គម្រប​រថយន្ត ខ្ញុំ​ក៏បាន​ទាក់ទង​វិទ្យុ​ទៅ​ក្រុម​សន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​សុំ​ជំនួយ​។ ជំនួយ​បានមក​ដល់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​រហូតដល់​ព្រឹក​បន្ទាប់​។ រថយន្ត​របស់ខ្ញុំ​បាន​ខូច​ភ្លាមៗ​បន្ទាប់ពី​កង​ល្បាត​ខ្មែរក្រហម​ទើបតែ បាន​ឆ្លង កាត់​ទៅ​ផុត​។ ប្រសិនបើ​វា​ខូច​មុននេះ​តែ​បន្តិច​ខ្ញុំ​ប្រហែលជា​នឹងត្រូវ​ខ្មែរក្រហម​ចាប់ខ្លួន និង​យកទៅ សម្លាប់ចោល​ជាក់​ជាមិនខាន​។ នៅ​សម័យ​នោះ​ខ្មែរក្រហម​គឺជា​ការគំរាមកំហែង​ពិតប្រាកដ​។ ខ្មែរ ក្រហម បាន​បំភិតបំភ័យ​ប្រជាជន និង​សម្លាប់​ប្រជាជន ដោយ​ឈាម​ត្រជាក់​។ ប៉ុន្តែ​បើ​សម្លឹងមើល ទីកន្លែង​ដែល​យើង​រស់នៅ​សព្វថ្ងៃនេះ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​បាន​ដើរ​ដល់​ចំណុច​មួយ​ដែល ឆ្ងាយ​ពីអ្វី​ដែល​បានកើត​ឡើង​។ មេដឹកនាំ​ខ្មែរក្រហម​មួយ ចំនួន​ត្រូវបាន​កាត់ទោស​ដោយ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​ចំណែកឯ​ពេលនេះ​គ្រប់​សាលារៀន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​សិក្សា​និង​រៀន​អំពី​ប្រវត្តិសាស្ត្រ​នៃ​គ្រា​ដ៏​រន្ធត់​នេះ​។ យើង​បាន​ដើរ​រហូតដល់​ចំណុច​នេះ ប៉ុន្តែ​ការងារ របស់​យើង​ទើបតែ​បានចាប់ផ្ដើម​នោះទេ​។​

​ខ្ញុំ​រៀបរាប់​រឿងរ៉ាវ​ទាំងនេះ ពីព្រោះ​ខ្ញុំ​ចងចាំ​ថា​តើ​វា​ផ្សងព្រេង និង​គ្រោះថ្នាក់​យ៉ាងណា​នៅពេលដែល​បំពេញការងារ​នាពេលនោះ ព្រមទាំង​ថា តើ​វា​មាន​សារសំខាន់​យ៉ាងណា ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ យើង​សម្រាប់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។ ការខិតខំ​ប្រឹងប្រែងរ​បស់​យើង​សព្វថ្ងៃនេះ ក៏​ដូច​ពីមុន​ដែរ គឺ​អាស្រ័យទៅលើ​សមត្ថភាព​ក្នុងការ​ប្រមូលផ្តុំ​ចំពោះ​បុគ្គល​និង​សហគមន៍​។​

​នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​ប្រើ​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល​នៃ​ទឹក ភ្លៀង និង​រដូវវស្សា ដែល​គឺជា និមិត្តសញ្ញា​សម្រាប់​បំផុសគំនិត និង​ណែនាំ​ពី​គោល​គំនិត​ក្នុង​ការឈាន​ទៅមុខ​។ នៅ​ឧបទ្វីប​កូរ៉េ ជួរ​ភ្នំ​ជា​របាំង​ធម្មជាតិ ប៉ុន្តែ​ជួរ​ភ្នំ​ទាំងនោះ​ក៏​អាច​ឈរ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​សាមគ្គីភាព​និង​សន្តិភាព​នៅ ក្នុង​វប្បធម៌​កូរ៉េ​។ ឧបទ្វីប​កូរ៉េ គឺ​ពោរពេញ​ទៅដោយ​ភ្នំ ដែល​បង្កើតជា​តំបន់ និង​សហគមន៍​ដាច់​ដោយ ឡែក​ពីគ្នា​។ តាម​មធ្យោបាយ​ខ្លះ យើង​អាច​ក្រឡេក​មើលទៅ​ជួរ​ភ្នំ​ដងរែក ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​ថៃ​និង​កម្ពុជា ដែលជា​និមិត្តរូប​ស្រដៀង​គ្នា​ទៅនឹង​ជួរ​ភ្នំ​នៃ​ឧបទ្វីប​កូរ៉េ​។ នៅលើ​ភ្នំ​ដងរែក យើង​បាន បង្កើត​និង​រក្សាទុក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​មួយ គឺ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ អន្លង់វែង គឺជា​ស្រុក តូច​មួយ​ដែល​ស្ថិតក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ហើយ​លាតសន្ធឹង​តាម​ព្រំប្រទល់​ខ្មែ​¬​រ​ថៃ​។ អន្លង់វែង ត្រូវបាន​ពិពណ៌នា​ជាទូទៅ​ថា ជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។ បន្ទាប់ពី​ខ្មែរក្រហម បាន​ធ្លាក់ចុះ​ពី​ការកាន់កាប់​អំណាច​ក្នុង​ឆ្នាំ ១៩៧៩ ខ្មែរក្រហម​បាន​បែកខ្ញែក​គ្នា​ចូលទៅ​រស់នៅ​ក្នុងព្រៃ លើ​ភ្នំ និង នៅតាម​តំបន់​ព្រំដែន ដែលជា​កន្លែង​ដែល​ខ្មែរក្រហម​បាន​បន្តធ្វើ​សង្គ្រាម​ទ័ពព្រៃ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍​បន្ថែមទៀត​។ ជារឿយៗ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​រស់​នៅតាម​តំបន់ នេះ តែងតែ​ចាត់ទុក​ខ្លួនឯង​ថា​ជា ”​អ្នកចាញ់​សង្គ្រាម​”​។ ក្នុង​ផ្នត់គំនិត​របស់​ខ្មែរក្រហម គឺមាន​ទំនាក់ទំនង​យ៉ាង​រឹងត្អឹង​រវាង​សន្តិភាព​និង​បរាជ័យ​។

​យើង​បានធ្វើការ​ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ចំពោះ​អត្តសញ្ញាណ​របស់​សហគម​ន៍ និង​ទំនាក់ទំនង​ជាមួយ​ប្រជាជន​កម្ពុជា ព្រោះ​វា​មានការ​ទាក់ទង​ជាមួយនឹង​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង​ដែលជា​ផ្នែក​មួយ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅលើ អតីត​ទីបញ្ជាការដ្ឋាន​របស់​មេ​ខ្មែរក្រហម​ម្នាក់​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ស្វាគមន៍​ដល់​និស្សិត កម្ពុជា សាស្ត្រាចារ្យ និង​បញ្ញាវន្ត​បរទេស សម្រាប់​វគ្គ​សិក្សាអប់រំ​នៅតាម​តំបន់​និង​ប្រទេស​។ យើង​ក៏បាន​ធ្វើការ ដើម្បី​ភ្ជាប់​ចំណងមិត្តភាព និង​កាត់បន្ថយ​ភាពខុសគ្នា​រវាង​កម្ពុជា​និង​ថៃ ដែល​បាន​ប្រឆាំង​គ្នា​អស់​រយៈពេល​ជាច្រើន​ស​ត្ស​វត្ស​មកហើយ​ដែរ​។ សម្ភារៈ​បង្រៀន​របស់​យើង​ផ្តល់ព័ត៌មាន​ដល់​សិស្សានុសិស្ស​កម្ពុជា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ហើយ​វា​ផ្តល់​ឲ្យ​សិស្ស​និង​គ្រូៗ​នូវ​ឱកាស​ដើម្បី​និយាយ​និង​សួរ​សំណួរ​ដល់​អតីត​កម្មាភិបាល​ខ្មែរក្រហម​។ យើង​ក៏បាន​ផ្សព្វផ្សាយ​ជូន​ប្រជាជន​កម្ពុជា​អំពី​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ថា​តើ​ជំលោះ​បែបនេះ​ផ្តល់​ផលប៉ះពាល់​ដល់​សហគម​ន៍​នៅក្នុង​ប្រទេស ថៃ​យ៉ាងច្រើន​ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​។ ការងារ​ចំបង​របស់​យើង គឺ​ដឹកនាំ​មនុស្សជាតិ​ឲ្យ​រួបរួមគ្នា​សម្រាប់​គោលដៅ​រួម​នៃ​សន្តិភាព​។ យើង​មាន​អតីត​ខ្មែរក្រហម​នៅក្នុង​សហគមន៍​ដែល​បាន ចូលរួម នៅក្នុង​វគ្គ​អប់រំ​របស់​យើង​ដល់​សិស្សានុសិស្ស និង​គ្រូបង្រៀន ហើយ​យើង​ក៏​បើក​ឲ្យ​មានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​លើ​ប្រធានបទ​ដែល​ទាក់ទង​នឹង​សន្តិភាព​ក្នុងប្រទេស​និង​តំបន់​។​

​សន្តិភាព មិនមែន​ត្រូវតែ​មានន័យថា​មាន​អ្នកឈ្នះ​និង​អ្នកចាញ់​នោះឡើយ​។ សន្តិភាព អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ការចងចាំ និង​យុត្តិធម៌ តាមរបៀប​ដូចគ្នា​នៅពេលដែល​ការផ្សះផ្សា​បាន​ផ្សាភ្ជាប់​ទៅនឹង​ទន្លេ ភ្នំ និង​និមិត្តសញ្ញា​ដ៏ទៃទៀត​នៃ​វប្បធម៌​ជាតិ​និង​ជាតិ​។

ទិដ្ឋភាពទីរួមស្រុកអន្លង់វែងមើលពីខ្នងភ្នំដងរែក

​ការស្វែងរក​និមិត្តសញ្ញា​ឲ្យ​បាន​សមស្រប​ទៅនឹង​ថ្នាក់មូលដ្ឋាន​ដើម្បី​កសាង​សាមគ្គីភាព​គឺ​ពិត​ជាមាន​សារៈសំខាន់​ដូចជា​ការស្វែងរក​និមិត្តសញ្ញា​ដ៏​ត្រឹមត្រូវ​មួយ​នូវក្នុង​កម្រិត​យុទ្ធសាស្ត្រ​។ វា​មិនមែន​គឺជា​រូបខ្ញុំ​ទេ​ដែល​អាច​និយាយបានថា​អ្វី​គឺជា គោល​គំនិត និង​និមិត្តសញ្ញា​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​ណែនាំ បំផុសគំនិត និង​ដឹកនាំ​ការងារ​សមូហភាព ដែល​ត្រូវធ្វើ​នៅ​ឧបទ្វីប​កូរ៉េ​ឬ​នៅ​កន្លែង​ផ្សេងៗ​ក្នុង​ពិភពលោក​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​គិត​អំពី​អ្វីដែល អាច​បំផុសគំនិត និង​លើកទឹកចិត្ត​ដល់​មនុស្ស លើ​កម្រិត​មូលដ្ឋាន​មួយ នៅក្នុង​ផ្នែក​នៃ​យុទ្ធសាស្ត្រ សាកល​។
​យុទ្ធសាស្ត្រ​សាកល​ដើម្បី​ប្រឈមមុខ​និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ គឺ​ពិត​ជាមាន សារៈសំខាន់​ណាស់​ក្នុង​ការកំណត់​លក្ខខណ្ឌ​ទូទៅ និង​ផ្តល់​ឪ​កាស​សម្រាប់​កិច្ចប្រតិបត្តិការ​និង​សហប្រតិបត្តិការ​។ ទោះបីជា​យ៉ាងណាក៏ដោយ សូម្បីតែ​សាកលលោក​របស់​យើង បញ្ហា​ទាំងអស់​និង​ដំណោះស្រាយ​របស់​យើង​ត្រូវបាន​ជំរុញ នៅក្នុង​កម្រិត​មូលដ្ឋាន​។ ប្រសិនបើ​យើង​ទទួលស្គាល់ថា​មនុស្ស​ម្នាក់ៗ​មាន​សក្តានុពល ក្នុងការ​ជះឥទ្ធិពល​ទៅលើ​ការផ្លាស់ប្តូរ​នោះ ទាំង​បុគ្គល​នឹង​សហគមន៍ ត្រូវតែមាន​ចំណែក​មួយ​យ៉ាងសំខាន់​ចំពោះ​យុទ្ធសាស្ត្រ​សាកល​នីមួយៗ​។​

​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សកម្មភាព​ថ្នាក់មូលដ្ឋាន គឺមាន​អទិភាព​ជាង​របៀបវារៈ​អន្តរជាតិ​និង​សាកលលោក​។ ភាពជោគជ័យ​នៃ​សកម្មភាព​ណាមួយ មិន​ថា​អ្នកមាន​ធនធាន​យ៉ាងណាក៏ដោយ នឹង​តែងតែ​ពឹង​ផ្អែកលើ​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន ថ្នាក់ដឹកនាំ និង​ស​ម៉ី​ខ្លួន​ផ្ទាល់​។

​កំណត់សម្គាល់ៈ​លោក ឆាំង យុ គឺជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ឯករាជ្យ​មួយ ដែល​ធ្វើការ​ចងក្រង​ឯកសារ​ពី​ភាព​ឃោ​ឃៅ​របស់​របប​ខ្មែរក្រហម អប់រំ​សាធារណៈជន​ខ្មែរ​ពីរ​បប​ខ្មែរក្រហម និង​គាំទ្រ​ដល់​សាលាក្តី ខ្មែរក្រហម​។ កាលពី​ខែ​មុន​កន្លង​នេះ លោក ឆាំង យុ បានទទួល​ពានរង្វាន់ រ៉ា​ម៉ុ​ន ម៉ាក្ស​សេ​យ៍​សេ​យ៍ ឆ្នាំ​២០១៨ ដែល​ត្រូវ បាន​គេ​ស្គាល់​ថា​ជា ”​ពានរង្វាន់​ណូបែល​អាស៊ី​” សម្រាប់ ”​ការថែរក្សា​ការចងចាំ​” នៃ​អំពើ​ប្រល័យពូជសាសន៍ នៅ​កម្ពុជា និង​ការស្វែងរក ”​យុត្តិធម៌​សម្រាប់​ប្រទេសជាតិ​និង​សាកលលោក​។​” ៕ ល​