​ទប់ស្កាត់​ទាន់ពេលវេលា​ឃាត់​គ្រឿងចក្រ​ឈូស​ព្រៃ​យក​ដី​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

792
ចែករម្លែក

​ដោយៈ សុខុម​/​ស្ទឹងត្រែងៈ​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​ទប់ស្កាត់​និង​បាន​ឃាត់​គ្រឿងចក្រ​អា​ប៊ុល​ឈូស​ព្រៃ​មួយគ្រឿង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក អឿ គឹម​ហេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​-​អន្លង់​ជ្រៃ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​ថា​លោក​បាន​សហការ​ជាមួយ កម្លាំងយោធា ដឹកនាំ​ដោយ​លោក អ៊ុក ចាន់ថន​អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

ក្រុមការងារ​ជាង​ដប់​នាក់​ចុះទៅ​កាន់​ចំណុច​អូរ​ខ្លា​ព្រំប្រទល់​ភូមិសាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​ឃុំ​សន្តិភាព​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ការងារ​ចុះទៅ​នោះ យើង​បាន​ជួប​គ្រឿងចក្រ​មួយ​ខូច បែក​បា​ដាង​បូម​និង​បាន​ដោះ​ម៉ាស៊ីន​មួយ​ចំហៀង​ចេញមកក្រៅ​ស្ថិតក្នុង​បរិវេណ​ឈូស​ព្រៃរបស់​រដ្ឋ ដោយ​ខុសច្បាប់​។​

លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់ថា យើង​បាន​រកឃើញ​ទំហំ​ព្រៃ​ទើបនឹង​ចាប់ផ្តើម​ឈូស​ព្រៃ​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ប្រហែល​មួយ​ហិកតា​។​ប៉ុន្តែ ជនខិលខូច​គ្រោង​នឹង​វាទ​ទន្ទ្រានព្រៃ​យក​ដី បាញ់ថ្នាំ​ជាប់​នឹង​ដើមឈើ​ជា​សញ្ញា​សម្គាល់ មាន​ទំហំ​រហូតដល់​២.០០០​ម៉ែត្រ​ក្បាលដី​និង​បណ្តោយ​មិន​កំណត់​។​

​តាម​ការបំភ្លឺ​បាន​បញ្ជាក់ថា​គ្រឿងចក្រ​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​យោធា​ម្នា​ក់នៅ​តំបន់​នោះ​។​ម្នាក់​នោះ​ឈ្មោះ​វ៉ាត​ដា​រា​រិ​ទ្ធ​មាន​តួនាទី​ជា​នាយការិយាល័យ​អភិរ​ឌ្ឍ​ន៍​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​។​យោធា​រូបនេះ​បាន​នាំ​មេការ​ម្នាក់ទៀត​ឈ្មោះ សៀន​ដើម្បី​ចូលទៅ​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​ខាងលើ​។​

​ពេល​ពិនិត្យឃើញ​ជាក់ស្តែង​ថា​គ្រឿងចក្រ​ខូច​មិនអាច​នាំ​ចេញមកក្រៅ​បាន​ក្រុមការងារ​ក៏បាន​ដក​កម្លាំង​ថយ​មួយ​រយះ​សិន​ដើម្បី​រាយការណ៍​និង​សុំ​គោលការណ៍​ថ្មី​ពី​ថ្នាក់ដឹកនាំ​ជា​បន្តទៀត​។​ជុំវិញ​ការចោទប្រកាន់​នេះ​លោក​វ៉ាត​ដា​រា​រិ​ទ្ធ​ហៅ​រិ​ទ្ធ​ខ្មៅក្រាក់​បាន​តប​ជាមួយ​អ្នកកាសែត​រស្មី​កម្ពុជា​ថា​លោក​ពិតជា​ទទួល​ស្គាល់ឈ្មោះ​សៀន​ដែល​យក​គ្រឿងចក្រ​មក​ផ្ញើ​នៅ​បន្ទាយ​លោក​ពិតមែន​។​

​តែ​លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​លើកឡើងថា​នាំ​មេការ​ទៅ​ឈូស​ព្រៃ​នោះឡើយ​។​យោធា​ខាងលើ​បាន​បញ្ជាក់ថា​បើសិនជា​ឈ្មោះ​សៀន​ធ្វើ​សកម្មភាព​នៅក្នុង​បន្ទាយ​លោក​ទទួលស្គាល់​តែ​គេ​យក​គ្រឿងចក្រ​ទៅ​ឆ្ងាយ​ធ្វើ​អ្វី​នោះ​លោក​មិនបាន​ដឹង​ទេ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ​។​លោ​កថា​ម្ចាស់​គ្រឿងចក្រ បាន​ទៅ​ឈូស​ព្រៃ​កាលពី​កន្លះ​ខែ​មុន​ហើយ​ចំ​ដី​កំពុងតែ​មានទំនាស់​។​

​ពេល​ទៅ​ឈូស​ព្រៃ​ចម្ការ​បាន​ប្រហែល​មួយ​ហិកតា គ្រឿងចក្រ​ខូច​ម្ចាស់​ក៏​ទុកចោល​នៅ​ទីនោះ​។ ម្ចាស់​ដី​ដែល​កំពុងមាន​ជម្លោះ​ចេះតែ​រាយការណ៍​រឿង​ទើប​អាជ្ញាធរ​ស្រុក​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះទៅ​ឃាត់​៕S/​

​ទប់ស្កាត់​ទាន់ពេលវេលា​ឃាត់​គ្រឿងចក្រ​ឈូស​ព្រៃ​យក​ដី​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​