​ទស្សនៈ​យល់ឃើញ​របស់ខ្ញុំ​អំពី​អត្ថន័យ “​ឃ្លាន​” នៅក្នុង​របប​ខ្មែរក្រហម​

305
ចែករម្លែក

ដោយ​: ឃិន សិលា និស្សិត​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
​ភ្នំពេញ​: «​ឃ្លាន​»​ត្រូវបាន​សម្តេច​សង្ឃរា​ជ​ជួន​ណាត​ឲ្យ​និយមន័យ​ថា «​ចង់​បរិភោគ​អាហារ​»​។ ពាក្យ «​ឃ្លាន​» នេះ​ត្រូវបាន​មនុស្ស​គ្រប់គ្នា​និយាយ​រហូតមក​មិន​ថា ក្មេង ចាស់ ប្រុស​ស្រី ឡើយ រាល់​ពេលដែល​អ្នក​ទាំង​អស់នោះ​ចង់​បរិភោគ​អាហារ​ណាមួយ​ដើម្បី​តម្រូវការ​ក្រពះ​។ វា​មិន​ខុស​ទេ​គ្រាន់តែ​និយាយ​ពាក្យ​ថា​ឃ្លាន​លើសពីនេះ​អ្វីដែល​មិន​ខុស​នោះ​គឺ​បរិភោគ​អាហារ​តាម​ចំណង់​ចំណូលចិត្ត ដោយ​សមស្រប​តាម​លទ្ធ​ភាព​របស់​យើង​មាន ព្រោះ​ជីវិត​មនុស្ស​គ្រប់រូប​ត្រូវការ​បរិភោគ​ជា​ចាំបាច់​។ វា​អាចជា​កំហុស​ប្រសិនបើ​យើង​មិន​បរិភោគ​អាហារ​រាល់ពេល​យើង​ឃ្លាន ព្រោះថា​សារពាង្គកាយ ឬ​កោសិកា​អាចធ្វើ​ចលនា​បានល្អ​គឺ​អាស្រ័យ​លើ​ការបរិភោគ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ល្អ​។​

លោកតា ឈឺ​ន ឆួ​យ មាន​អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ខាងកើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​យើង​អាច​ដឹងថា ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ បញ្ហា​អត់ឃ្លាន​បាន​កើតឡើង​ចំពោះ​ប្រជាជន​ខ្មែរ​។ បើ​និយាយ​អំពី​ពេលវេលា​អតីតកាល​មួយ​នេះ ប្រជាជន​ខ្មែរ​ស្ទើរតែ​ទាំងអស់​គឺ​បានដឹង និង​ចងចាំ​ជានិច្ច ពិសេស​ប្រជាជន​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ​។ បី​ឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ គឺជា​ពេលដែល​របប​កុម្មុយនីស្ត​កម្ពុជា ឬ​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​នៅក្នុង​ប្រទេស​ខ្មែរ ហើយ​វា​ក៏​ជា​ពេល​មួយ​ដែល​ប្រជាជន​ជួប​បញ្ហា​អត់ឃ្លាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​ខ្មែរក្រហម​បាន​រំលោភសិទ្ធិ និង​បញ្ជា​ឲ្យ​ប្រជាជន​ធ្វើការ​នៅតាម​វាលស្រែ​ក្រោម​ភ្លៀង និង​កម្តៅថ្ងៃ​។​ប្រជាជន​បាន​ប្រើប្រាស់​កម្លាំង​ធ្វើការ​ស្ទើរតែ​ដើរ​លែងរួច​ដើម្បី​ទទួលបាន​របប​អាហារ​សម្រាប់​ខ្លួន និង​គ្រួសារ ប៉ុន្តែ​របប​អាហារ​ដែល​ប្រជាជន​ទទួល​។ ក្នុង​មួយថ្ងៃ​ប្រជាជន​ទទួលបាន​របប​ត្រឹមតែ​បបរ​មួយ​ចាន​ក្នុង​មួយពេល ដែល​សម្បូរ​ទៅដោយ​ទឹក​ច្រើនជាង​កាក​បាយ​ប៉ុណ្ណោះ​។ នៅពេល​ខ្លះទៀត ប្រជាជន​ស្ទើរតែ​គ្មាន​ទឹក​សម្រាប់​ផឹក​នៅពេល​ធ្វើការ​នៅតាម​ការដ្ឋាន​។ យើង​សាក​ស្រមៃ​ថា តើ​មានរឿង​អ្វី​កើតឡើង​នាពេលនោះ​? បញ្ហា​គ្មាន​អាហារ​បរិភោគបាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សារពាង្គកាយ និង​អារម្មណ៍ ដូច្នេះ​ប្រជាជន​ចាប់ផ្តើម​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់ខ្លួន​បន្តរ​ស់​ទៅមុខទៀត ទោះបី​មានពេលខ្លះ​អាចឈាន​ដល់​ការបាត់​បង់ជីវិត​រប​ស់​ខ្លួន ។ ប្រជាជន​មួយចំនួន​ធ្លាប់តែ​ជាម​នុស្ស​ដែល​ស្មោះត្រង់ និង​មាន​ក្រមសីលធម៌​នៅក្នុង​ខ្លួន​បាន​ប្រែក្លាយជា​មនុស្ស​ចេះ​លួចលាក់ និង​ចេះ​និយាយ​កុហក ហើយ​ពេលខ្លះ​ប្រែ​ទៅជា​កាច​សាហាវ​ក៏​ព្រោះតែ​បំពេញតម្រូវការ​ក្រពះ​ជា​ចាំបាច់​។

ពេញ សារ៉េត មាន​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ខាងកើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ប្រជាជន​ភាគច្រើន​ដែល​បាន​ឆ្លងកាត់​របប​ដ៏​ឃោរឃៅ​នេះ សុទ្ធតែ​ធ្លាប់​លួចលាក់​នូវ​ចំណីអាហា​បន្តិចបន្តួច​ម​ក​បរិភោគ​បន្ថែម ព្រោះ​មិនអាច​ទ្រាំ​បាន​នូវ​ការស្រេកឃ្លាន​បាន​។ យើង​ក៏​អាច​សួរ​ខ្លួនឯង​ថា ប្រសិនបើ​ស្ថិតនៅក្នុង​កាលៈទេសៈ​មិនមាន​អាហារ​បរិភោគ តើ​យើង​ដោះស្រាយ​យ៉ាងណា​? វា​អាចជា​កំហុស​របស់​យើង​ចំពោះ​ការមិន​គោរព​វិន័យ​របស់​ខ្មែរក្រហម ប៉ុន្តែ​វា​កាន់តែ​ខុស​ថែមទៀត ព្រោះថា​យើង​បាន​ក្បត់​នូវ​ក្រពះ​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​របស់​យើង​។​

​ប្រជាជន​ដែល​បានរស់នៅ​ក្នុង​របប​ខ្មែរក្រហម​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ផ្សេងៗ​គ្នា ប៉ុន្តែ​មានរឿង​មួយ ដែល​ដូចគ្នា​គឺ​ការហូប​មិន​គ្រប់គ្រាន់ និង​ភាពអត់ឃ្លាន ហើយ​ដែល​រឿងរ៉ាវ​ទាំងនេះ​ស្ថិតនៅក្នុង​ការចងចាំ របស់​ប្រជាជន​រហូតមកដល់​ស​ព្វ​ថ្ងៃ​។

រូប​ទី​១​រាប់​ពីស្តាំ ឃិន សិលា​, ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមទាំង និស្សិត​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចុះ​សម្ភាសន៍​ប្រជាជន​ពីរ​បប​ខ្មែរក្រហម​នៅ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោកតា ឈឺ​ន ឆួ​យ មាន​អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ខាងកើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា «​នៅពេលដែល​ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​កាប់​ដើម​ពពេល ខ្ញុំ​បានឃើញ​ក្មេងប្រុស​អាយុ​៦​ឬ​៧​ឆ្នាំ​ម្នា​ក់បាន​ដើរទៅ​ដក​ដំឡូង​យកមក​ដុត​ដើម្បី​បរិភោគ​។ នៅពេលនោះ​មាន​បុរស​យាម​ចម្ការ​ចំណាស់​ម្នាក់​ដែលមាន​ដងខ្លួន​ពេញ​ទៅដោយ​សាក់ និង​មាន​សម្បុរ​ខ្មៅ​ដែល​មើលទៅ​ហាក់ដូចជា​មិនមែន​មនុស្ស បានមក​ចាប់ចង​ក្មេងប្រុស​នោះ​ដាក់​នៅ​នឹង​គល់ឈើ​ងាប់​មាន​កម្ពស់​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​និង​ពេញ​ទៅដោយ​ស្រមោច​ក្រហម​ឬ​ស្រមោច​ភ្លើង​។ បុរស​យាម​ចម្ការ​នោះបាន​ដាក់​ឲ្យ​ស្រមោច​ខាំ​ក្មេង​នោះ​ពេញ​ខ្លួន​។ បន្ទាប់មក​បុរស​នោះបាន​ស្រាយ​យក​ក្មេង​នោះ​ចេញ និង​បាន​ទាត់​ក្មេង​នោះ​ពីរ​បី​ដង​ជើង​ពេញទំហឹងៗ បណ្តាល​ឲ្យ​ក្មេង​នោះ​ដួល​បួន​ប្រាំ​ត្រឡប់ ប៉ុន្តែ​ក្មេង​នោះ​មិនបាន​យំ​ឡើយ​។ ពេល​ឃើញបែបនេះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ឡើយ ហើយ​ខ្ញុំ​ក៏​ដើរ​ចេញទៅ​ព្រោះថា​អាណិត​ក្មេង​។ ខ្ញុំ​គិត​ក្មេង​នោះ​ប្រហែលជា​មិន​រស់​។ ដោយសារ​ស្រេកឃ្លាន​ក្មេង​នោះ​ហ៊ាន​ប្រថុយ​ជីវិត​ទៅ​ដក​ដំឡូង​។

​ពេញ សារ៉េត មាន​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ខាងកើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​សាច់រឿង​ឪពុក​របស់គាត់​ទាំង​ទឹកភ្នែក​ថា «​ដោយសារតែ​ឃ្លាន​ស្រេកឃ្លាន​ខ្លាំង និង​អស់កម្លាំង​ខ្លាំងពេក ឪពុក​របស់ខ្ញុំ​បាន​ដេក​នៅលើ​គ្រែ​។ គាត់​បាន​យក​កំបិត​មក​ឆ្កឹះ​យក​សាច់ដូង​ដែល​ទុកចោល​មក​ហូប ប៉ុន្តែ​ដោយសារតែ​គាត់​គ្មាន​អាហារ​ហូប​ច្រើន​ថ្ងៃ​មកហើយ ក៏​បណ្តាល​ឲ្យ​គាត់​ស្លាប់​នៅលើ​គ្រែ​បន្ទាប់ពី​ហូប​ដូង​រួច​ដោយមាន​ទាំង​កាំបិត​នៅលើ​ទ្រូង​របស់គាត់​»​។ សារ៉េត បាន​បន្ថែមថា «​ខ្ញុំរ​ស់បាន​មកដល់​ស​ព្វ​ថ្ងៃនេះ គឺ​ដោយសារតែ​ហូប​ត្រួយ​ដំឡូង ហើយ​ពេលខ្លះ​ខ្ញុំ​មាន​មើមដំឡូង​មី​មួយ​មើម ខ្ញុំ​សឹង​ថា​មិន​ហ៊ាន​លេប​ចូលក្នុង​ពោះ​ផង​»​។​

កងកុមារ​ហូបបាយ​រួម បន្ទាប់ពី​ធ្វើ​ពលកម្ម​នៅតាម​ការដ្ឋាន​ការងារ នៅ​ឆ្នាំ​១៩៧៨​។​

​ភាពអត់ឃ្លាន​នៅក្នុង​របប​ខ្មែរក្រហម បាន​បណ្តាល​ឲ្យ​ប្រជាជន​រងទុក្ខវេទនា និង​ស្លាប់​អស់​ជាច្រើន​។ រឿងរ៉ាវ​នៃ​ភាពអត់ឃ្លាន​នៅតែ​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​ប្រជាជន​ដែល​ធ្លាប់​ឆ្លងកាត់​របប​នេះ និង​ត្រូវបាន​លើក​យកមក​និយាយ​រហូតដល់​ពេលបច្ចុប្បន្ន​៕ ល​