​ទស្សនៈ​យល់ឃើញ​របស់​ប្រជាជន​ពី​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ​របស់ តា​ម៉ុក មកជា​មេដឹកនាំ​ដែល​ប្រព្រឹត្ត​ល្អ​នៅ​អន្លង់វែង​

236

រូប​រាប់​ពីឆ្វេង សែម សុ​ផា រស់នៅ​ឃុំ​ថ្លា ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ថត​ជាមួយ ឆេង ហាក់ និស្សិត​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុងអំឡុង​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​

អន្លង់វែង គឺជា​តំបន់​តស៊ូ​ចុងក្រោយបង្អស់​របស់​ខ្មែរក្រហម ដែល​សព្វថ្ងៃ​បានក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូល ទស្សនា​។ ប្រជាជន​រស់នៅក្នុង ស្រុក​អន្លង់វែង​ភាគច្រើន​ជា​អតីត​ទាហាន​ខ្មែរក្រហម​។ តា​ម៉ុក ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម​ធំៗ ដែល​គ្រប់គ្រង​នៅ​តំបន់​អន្លង់វែង ទាំងមូល ។ ប្រជាជន​ជាច្រើន​បាន​យល់ថា តា​ម៉ុក ជា​មេដឹកនាំ​សាហាវឃោរឃៅ ប៉ុន្តែ ក៏មាន​ប្រជាជន និង​ជា​អតីត​យោធា​ខ្មែរក្រហម​មួយចំនួន​តូច​ដែល​ធ្លាប់​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក ក្នុង​តំបន់​អន្លង់វែង នៅតែ​គោរព​ស្រឡាញ់ និង​ដឹងគុណ តា​ម៉ុក ដូចជា សែម ផា​។​

​សែម ផា មាន​អាយុ​៦៤​ឆ្នាំ កើត​នៅ​ភូមិ​វិ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។ សព្វថ្ងៃ​រស់នៅ​ឃុំ​ថ្លា ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មានកូន​ចំនួន​៣​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់​។​មុន​ឆ្នាំ​១៩៧៥ ផា រស់នៅក្នុង​ទីក្រុង​ភ្នំពេញ លុះ​ក្រោយ​ពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទូទាំងប្រទេស​នៅ​ថ្ងៃទី ១៧ មេសា ឆ្នាំ​១៩៧៥ ផា ត្រូវ​ខ្មែរ ក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់​នៅឯ​ស្រុកកំណើត​វិញ ក្នុង​ខេត្តព្រៃវែង​។ អំឡុង​ឆ្នាំ​១៩៧៥ ផា ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​នារី​ឈ្លប​ឃុំ ដោយ​គ្រប់គ្រង​នារី​ជាង​៥០០​នាក់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ផា ត្រូវបាន​កម្មាភិបាល​ថ្នាក់លើ​គាបសង្កត់​សព្វបែបយ៉ាង ដោយសារ ពូ​របស់គាត់​បីនាក់​ត្រូវបាន​ខ្មែរក្រហម​ស៊ើប​ដឹងថា​ជា​អតីត​ទាហាន​ក្នុង​របប លន់ នល់ ហើយ​យកទៅ​សម្លាប់ ដោយ ផា បានឃើញ​ផ្ទាល់​នឹង​ភ្នែក ប៉ុន្តែ​គាត់​មិនមាន​លទ្ធភាព ដើម្បី​ជួយសង្គ្រោះ​ជីវិត​ពូ​របស់គាត់​ទេ​។​

​ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​វៀតណាម​បានរួម​គ្នា វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ ពេលនោះ ផា បាន​រត់គេចខ្លួន​ទៅ​រស់នៅក្នុង​ទឹកដី​ថៃ​អស់​រយៈពេល​ជិត​មួយឆ្នាំ​។ លុះដល់​ឆ្នាំ​១៩៨០ សែម ផា បានមក​រស់នៅ​ក្នុងស្រុក​អន្លង់វែង​វិញ​។ ផា បាន​ប្រាប់​បន្ត​ឲ្យ​ដឹងថា នៅពេលដែល​គាត់​មក​រស់នៅ​ស្រុក​អន្លង់វែង​ដំបូង កាលណោះ តំបន់​អន្លង់វែង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក នៅឡើយ​។

​តា​ម៉ុក បាន​ចែក​ដីធ្លី និង​ឈើ​ដល់​គាត់​សម្រាប់​សាងសង់​ផ្ទះសម្បែង និង​បាន​ចែក​ស្បៀងអាហារ​ដល់​ប្រជាជន​ជា​រៀងរាល់ខែ ដោយ​ម្នាក់ៗ​ទទួលបាន​អង្ករ​៤០​កំប៉ុង ត្រីខ ស្ករ ប៊ីចេង អំបិល និង​គ្រឿងទេស​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ តា​ម៉ុក បាន​ចែក​ដូង​មួយ​ដើម និង​ស្វាយ​មួយ​ដើម ដល់​គ្រប់​គ្រួសារ​ទាំងអស់​នៅក្នុង​តំបន់​នេះ​។ ចំណែកឯ​ប្រជាជន​ដែល​ទើបតែ​រៀបការ​ថ្មីថ្មោង តា​ម៉ុក បាន​ចែក​គោមួយ​នឹម ជា​ចំណងដៃ​ចំពោះ​មង្គលការ​ទៀត​។ ផា បាន​បញ្ជាក់ថា ប្រជាជន​នៅក្រោម​ការដឹកនាំ​របស់ តា​ម៉ុក ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា និង​ចេះ​យល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ស្នាមញញឹម​។ តា​ម៉ុក ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រើស​ម្តី​អាក្រក់ ប៉ុន្តែ​គាត់​តែង​គិតដល់​ប្រជាជន​ជានិច្ច​។ ម្យ៉ាងទៀត តា​ម៉ុក បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​មាន ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ ស្ពាន និង​សាលារៀន ជាដើម​។

​ផា បាន​បន្ថែមថា ទោះបីជា​ការដឹកនាំ​រប​ស់​ខ្មែរក្រហម​ពោរពេញ​ដោយ​អំពើ​សាហាវយង់ឃ្នង ព្រៃផ្សៃ ការ​បង្អត់អាហារ ការ​ធ្វើទុក្ខបុកម្នេញ និង​ការធ្វើ​ទារុណកម្ម មកលើ​ប្រជាជន​កម្ពុជា​យ៉ាងណាក៏ដោយ ប៉ុន្តែ ផ្ទុយ​ពី​ការដឹកនាំ​របស់ ប៉ុល ពត តា​ម៉ុក ទោះបីជា មានឈ្មោះ​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​បន្តិច​មែន ប៉ុន្តែ គាត់​មិនដែល​ឲ្យ​ប្រជាជន​ដែល​រស់នៅ ក្រោម ការគ្រប់គ្រង​របស់គាត់​ទទួលរង​ទុក្ខវេទនា​ដោយ​ការធ្វើ​ទារុណកម្ម ឬ​បង្អត់អាហារ​នោះទេ​។​

​ចំពោះ​ទស្សន​លើកឡើង​ដោយ​ប្រជាជន និង​អតីត​យោធា​មួយចំនួន​តូច ដែល​ធ្លាប់​រស់នៅ​ជាមួយ តា​ម៉ុក និង​ធ្លាប់​ទទួលបាន​ការគាំទ្រ និង​ឧបត្ថម​ពី តា​ម៉ុក ក្រោយពេល​របប​ខ្មែរក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ នៅក្នុង​តំបន់​អន្លង់វែង មិនមាន​ការគាំទ្រ​ពី ប្រជាជន កម្ពុជា​ដែលជា​ជនរងគ្រោះ​ទេ ហើយ​ការលើកឡើង​នេះ​បានធ្វើ​ឲ្យ​ក្មេងជំនាន់ក្រោយ ជា ពិសេស​សិស្សានុសិស្ស មានការ​យល់ច្រឡំ​ចំពោះ​ការប្រព្រឹត្តិ​អំពើ​អំពើ​ឃោរឃៅ​ពី​ឆ្នាំ ១៩៧៥-៧៩ និង​អ្វីដែល​ខ្មែរក្រហម​បាន​អនុវត្ត​ជាមួយ​ប្រជាជន​ក្រោយ​ឆ្នាំ​១៩៧៩​។ ដោយ សារ​គោលនយោបាយ​ដឹកនាំ​ផ្តាច់ការ នៅ​អំឡុងពេល​គ្រប់គ្រង​ពី​ឆ្នាំ​១៩៧៥-៧៩ តា​ម៉ុក បាន​ប្រើ​អំណាច​របស់ខ្លួន​ចាប់បញ្ជូន​យោធា និង​កម្មាភិបាល​នៅ​ភូមិភាគ​និរតី ដូចជា សេក សាត ហៅ និ​ន ហៅ ប្រាក់ លេខា​តំបន់​២៥ និង​ប្រពន្ធ​ឈ្មោះ ចាន់ គឹម​ស្រ៊ុន មក​ឃុំឃាំង និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ (​តាម​ការអះអាង​របស់ កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ប្រធាន​មន្ទីរ​សន្តិសុខ​ស​-២១ នៅ​ចំពោះមុខ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​) ដោយ​បន្សល់ទុក​នូវ​កូនស្រី​កំព្រា​ឈ្មោះ សេក សាយ រស់នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រហូតមកដល់​សព្វថ្ងៃ​។ តា​ម៉ុក ក៏បាន​សម្លាប់​ប្រជាជន រួមទាំង អតីត​យោធា និង​កម្មាភិបាល​ខ្មែរក្រហម ជាច្រើន​ទៀត​នៅ​ភូមិភាគ​បូព៌ា និង​ភូមិភាគ​ពាយ័ព្យ ដោយ​ចោទ ថា​ក្បត់​ដែរ​។ តា​ម៉ុក ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ខ្មែរ​ក្រហ ម​ដែល​បាន​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ប្រមាណ​ជាង​១.៧​លាន​នាក់​៕ L ដោយ​៖ ឆេង ហាក់ និស្សិត​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

ចាន់ គឹម​ស្រ៊ុន និង​កូន​ពេល​បញ្ជូនមក​ឃុំឃាំង និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១