​ទិវា​ជាតិ​នៃ​ការចងចាំ​

2612
ចែករម្លែក

.​ការ​ប្រារព្ធ​ទិវា​ចងកំហឹង ២០ ឧសភា លើកដំបូង​នៅ​ឆ្នាំ​១៩៨៤​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩

ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ទិវា​ចងកំហឹង​ចំពោះ​របប​ប្រល័យពូជសាសន៍​ដែល​បាន​ប្រារព្ធ​នា​ឆ្នាំ​១៩៨៤(​រូបថត​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​សែ្វ​ងរ​ក​ការពិត​

​ក្រោយ​របប​ខ្មៅ​ងងឹត​បាន​ដួលរលំ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​គួរ​ឲ្យ​សង្វេគ ប្រជាជន​បាន​បាត់បង់​សាច់ញាតិ ហើយ​អ្នក​ខ្លះទៀត​មិនដឹងថា​គ្រួសារ​របស់ខ្លួន​បាត់បង់​ជីវិត​ឬ​យ៉ាងណាទេ​។ ក្នុង​រយៈពេល​៣​ឆ្នាំ​៨ ខែ​២០​ថ្ងៃ​ប្រជាជន​កម្ពុជា​បាន​បាត់​បង់ជីវិត​ចំនួន​ប្រមាណ​ជា​ពីរលាន​នាក់ ហើយ​បាន​បន្សល់ទុក​ជនពិកា​រ​បាក់កម្លាំង ១៩១.៨៤៨​នាក់ , កុមារកំព្រា ២០០.០០០​នាក់ និង ស្ត្រី​មេម៉ាយ រាប់សែន​នាក់​។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន​ចំនួន​៥.៨៥៧ មន្ទីរពេទ្យ​ចំនួន​៧៩៦ វត្ត​អារាម ១.៩៦៨ ក៏​ត្រូវបាន​បំផ្លាញ (​យោងតាម​ស្ថិតិ​របប​សាធារណរដ្ឋ​ប្រជាមាណិត​កម្ពុជា​)​។

​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ​ជាង​៤​ឆ្នាំ នៅ​ថ្ងៃទី​១៥-១៨ ខែសីហា ឆ្នាំ​១៩៨៣ ក្នុងសម័យ​ប្រជុំ​លើក​ទី​៥ នីតិកាល​ទី​១ រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមាណិត​កម្ពុជា​បានអនុម័ត​យក​ថ្ងៃ ២០ ឧសភា ជា​រៀងរាល់ឆ្នាំ​ជា ”​ទិវា​ចងកំហឹង​” ចំពោះ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​, អៀង សារី​, ខៀវ សំផន ពីព្រោះ​កាលពី​ថ្ងៃទី​២០ ឧសភា ឆ្នាំ​១៩៧៣ របប​កម្ពុជា​ប្រជាធិបតេយ្យ បានចាប់ផ្ដើម​បង្កើត​សហករណ៍​នៅតាម​តំបន់ ដែល​ខ្លួន​បាន​គ្រប់គ្រង​ទូទាំងប្រទេស ហើយក៏​ជា​ថ្ងៃ​ដែល​ខ្មែរក្រហម​បង្ខំ​ប្រជាជន​ឲ្យ​រស់នៅ​ជាស​មូល​ហ​ភាព​ដោយ​ធ្វើ​ការងារ​រួម​, ហូប​រួម ,​ធ្វើ​ទារុណកម្ម និង​សម្លាប់​ជា ដើម​។ ក្នុងនោះដែរ​ក៏មាន​ញ​តិ្ត​របស់​ជនរងគ្រោះ​ទូទាំងប្រទេស គាំទ្រ​របប​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមាណិត​កម្ពុជា ដែល​កំណត់​យក​ថ្ងៃ ២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​ជា​ទិវា​ចងកំហឹង ក្នុង​គោលបំណង​ឲ្យ​សកលលោក​បានដឹង និង​ចង់​ឲ្យ​អង្គការសហប្រជាជាតិ​ដក​កៅអី​របស់ ប៉ុល ពត ពី​អង្គការសហប្រជាជាតិ ហើយ​ប្រគល់​មក​ប្រជាជន​កម្ពុជា​វិញ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន ហេង សំរិន ជៀសវាង​អសន្តិសុខ​ពិភពលោក និង​កសាង​បូជនីយដ្ឋាន​គោរព​ដល់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នេះ​។

​បន្ទាប់ពី​មានការ​អនុម័ត​ច្បាប់​ពីស​ភា​ក្នុង​ឆ្នាំ​១៩៨៣ រដ្ឋាភិបាល​របប​សាធារណៈរដ្ឋ​ប្រជាមាណិត​កម្ពុជា បានចេញ​សារាចរ លេខ ០៩.​ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៨៤ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បី​ឲ្យ​មានការ​ប្រារព្ធ​ទិវា​ចងកំហឹង ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៨៤ ដែលជា​ទិវា​ចងកំហឹង​លើក​ទី​១ នៅ​ទូទាំងប្រទេស​ចាប់ពី​ភូមិ​, ឃុំ​, ស្រុក​, ខណ្ឌ រហូតដល់​ថ្នាក់​ខេត្ត​-​រាជធានី​។ ក្នុងការ​ប្រារព្ធ​ពិធី​ចងកំហឹង​រាល់​សកម្ម​ភាពសប្បាយ​ទាំងឡាយ​បាន​ផ្អាក​ពេញ​មួយថ្ងៃ ដើម្បី​សម្ដែង​ការ​កាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ​។ រាល់​ការចាត់តាំង​មី​ទ្ទីង តាម​បណ្ដា​ខេត្ត ក្រុង បានរៀបចំ​នៅ​កន្លែង​ដែល​របប​ខ្មែរក្រហម​ធ្លាប់បាន​បង្ក​វិនាសកម្ម ដូចជា​នៅតាម​វត្ត​អារាម មន្ទីរពេទ្យ សាលារៀន​ជាដើម​។​

​ក្នុងការ​ប្រារព្ធ​ពិធី​នៃ​ការ​ចងកំហឹង​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ក្នុងឱកាស​នោះ រដ្ឋាភិបាល​បាន​ចាត់តាំង​ដូចតទៅ​៖
​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៨៤ រដ្ឋាភិបាល​បាន​ចាត់តាំង​កម្មាភិបាល​បុគ្គលិក ចំនួន​២០​នាក់ ឲ្យ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ដាក់​កម្រងផ្កា​នៅ​វិមាន​ជ័យជម្នះ និង វិមាន​សព​យុទ្ធជន​វៀតណាម​។​
​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​១៩៨៤ រដ្ឋាភិបាល​បាន​ចាត់តាំង​កម្មាភិបាល បុគ្គលិក​ចំនួន​២​នាក់ ជា​សម្ព័ន្ធ​យុវជន ទៅ​ចូលរួម​មី​ទ្ទីង​ចងកំហឹង​ឈឺចាប់ និង​ថ្កោលទោស បន​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​កន្លែង​រណ្ដៅ​សាកសព​រួម​នៅ​បឹង​ជើងឯក​។​
​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៨៤ រដ្ឋាភិបាល​បាន​ចាត់តាំង​កម្មាភិបាល បុគ្គលិក ចំនូ​ន​២០​នាក់ ទៅ​ចូលរួម មី​ទ្ទីង ចងកំហឹង ឈឺចាប់​បន​ប្រល័យពូជសាសន៍ នៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។
​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​១៩៨៤ នាពេល​ព្រឹក កម្មាភិបាល បុគ្គលិក កម្មករ នៅក្នុង​ទី​ស្ត្រី​ការ​គណៈ​សង្គមកិច្ច បេក្ខជន សម្ព័ន្ធ​យុវជន អង្គការ​មហាជន ជនជាតិ បញ្ញាវន្ត សរុប​ទាំងអស់​មាន​គ្នា​ប្រមាណ ១៣២ នាក់​បាន​ប្រារព្ធ​ធ្វើ មី​ទ្ទីង រំលឹក​ថ្ងៃ​អនុស្សាវរីយ៍ ទិវា​ចងកំហឹង​ឈឺចាប់​អំពី​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ”២០ ឧសភា​” ក្រោម​អធិបតីភាព​របស់លោក សា ប៊ុន ប្រធាន​គណៈ​សង្គមកិច្ច​។ ក្នុងឱកាស​នោះ លោក សា ប៊ុន បានធ្វើការ​ចាប់អារម្មណ៍ ចំពោះ​រដ្ឋសភាជាតិ​ដែល​បានអនុម័ត​ថ្ងៃ​២០​ឧសភា សម្រាប់​ធ្វើការ​ចងកំហឹង​ឈឺចាប់​ខ្លោចផ្សា ថ្កោលទោស​អំពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ ព្រៃផ្សៃ​យង់ឃ្នង ក្នុង​រយៈកាល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ក្រោម​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

​បន្ទាប់មក​នៅ​ថ្ងៃទី ២១ ឧសភា ឆ្នាំ​១៩៨៤ លោក សា ប៊ុន បាន​រំលឹក​ពី​អតីតកាល​ឈឺចាប់​ខ្លោចផ្សា​ពោរពេញ​ដោយ​ឈាម និង​ទឹកភ្នែក បាន​អង្រួន​បេះដូង​, សតិសម្បជញ្ញៈ​ប្រជាជន​គ្រប់រូប​ឲ្យ​ខ្លោចផ្សា​ក្រៃលែង​។ លោក​បាន​បន្តទៀតថា ប្រជាជន​ទទួលរង​ភាពលំបាក​វេទនា ហូបចុក​មិន​គ្រប់គ្រាន់ ធ្វើការ​ប្រមូល​ផ្ដុំគ្នា​នៅ​ការដ្ឋាន​, ជីក​ទំនប់​, ប្រឡាយ​, ព្រែក​, ធ្វើស្រែ​គ្មាន​ស្គាល់​ថ្ងៃ​យប់ គ្មាន​ពេល​សម្រាក​។ ពេលដែល​អង្គការ​ចង់​ហៅ​ប្រជាជន​យកទៅ​សម្លាប់​គ្រាន់តែ​ប្រើពាក្យ​ថា​យកទៅ​រៀនសូត្រ​, ទៅ​បោចវល្លិ​, ទៅ​ដឹក​អង្ករ​, ផ្លាស់ប្ដូរ​ភូមិ​ស្រុក​ប៉ុន​ន្ណោះ ប៉ុន្តែ​សុទ្ធតែជា​ល្បិច​បោកប្រាស់​របស់​អង្គការ​។ ប្រជាជន​ដែលជា​អ្នកទោស​ជាប់​ចំណង ត្រូវបាន​ខ្មែរក្រហម​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ទាត់​, ធាក់​, ចង​ព្យួរ​ជើង​ឡើងលើ​ហើយ​ក្បាល​ជ្រមុជ​ទឹក​ពាង​, ដុត​ដែក​ក្ដៅ​រួចហើយ​យក​អុជ​លើ​ខ្លួនប្រាណ​, យក​ដង្កាប់​ចាប់ដក​ក្រចក​រួចហើយ​ជ្រលក់​អាល់កុល​, រុំ​ស្បោង​កៅស៊ូ​ធ្វើ​ឲ្យ​ថប់ដង្ហើម​, ចង​ឆ្កាង​ពន្លះសាច់​, ពុះ​ទ្រូង​កាត់​យក​ថ្លើម​, ចំណែក​នារី​ត្រូវ​ខ្មែរក្រហម​ចាប់រំលោភ ហើយ​ត្រូវ​សម្លាប់​ដោយ​បុក​នឹង​ចំពុះទុង​, អា​ទម្លុះ​ដោះ , វាយ​សំពង​នឹង​ដំបង​,​កាំបិត​,​ពូថៅ​,​ត្បូងចប​ជាដើម​។ “​ប្រជាជន​ទាំងអស់គ្នា​រស់ក្នុង​គុក​ឥត​ជញ្ជាំង រស់​ដូច​សត្វ​តិរច្ឆាន រស់​បាន​មួយ​យប់​នៅ​ព្រួយ​មួយថ្ងៃ រស់​ដោយ​ក្ដី​ភ័យខ្លាច រស់​ដោយ​គ្មាន​សង្ឃឹមថានឹង​រស់​បន្ត​ទៀត​”​។

​បន្ទាប់មក​មានការ​ឡើង​ចាប់អារម្មណ៍ សម្ដែង​ការឈឺចាប់ ពី​គ្រប់​តំណាង​អង្គភាព បញ្ញាជន កុមារកំព្រា​។ ពេលនោះ​លោក ទែន វាំ បាន​ឡើង​ថ្លែង​ពី​ទុក្ខ​ទារុណកម្ម​ដែល​ខ្មែរក្រហម បាន​ប្រព្រឹត្ត​មកលើ​រូបលោក​ដែល​គ្មាន​កំហុស​។ ក្រោយមក​អង្គ​មី​ទ្ទីង​នេះ ត្រូវបាន​បញ្ចប់ទៅ​នៅ​ម៉ោង​១១ ដោយ​ដក់​ជាប់​នូវ​កំហឹង​ចំពោះ​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ការពារ​មិន​អនុញ្ញាត​ឲ្យ​បន​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​ជា​លើក​ទី​២​បានឡើយ​។ ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់ វណ្ណៈ គ្រប់​ជនជាតិ ព្រះសង្ឃ បញ្ញា​វ័​ន្ត ពិសេស​កម្លាំង​នគរបាល ទាំងមូល​ភ្ញាក់រលឹក ក្នុង​ក្រអៅបេះដូង ចំពោះ​ឧក្រិដ្ឋកម្ម របប ប៉ុល ពត​, អៀង សារី​, ខៀវ សំផន ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​វិនាស​អន្តរាយ​។​

ក្រោយមក​ទិវា​នេះ​បាន​ក្លាយជា​ទិវា​មួយ​សម្រាប់​ជាតិ​ទាំងមូល​ដោយ​ត្រូវបាន​ប្តូរ​ឈ្មោះថា “​ទិវា​ជាតិ​នៃ​ការចងចាំ​”៕ ល​