​ទិវា​បេតិកភណ្ឌ​៖​ស្ថានទូត​បារាំង​បើកទ្វារ​ទទួល​សាធារណជន​ចូល​ទស្សនា​

1829
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​ប្រារព្ធ​«​ទិវា​បេតិកភណ្ឌ​»​ជា​លើក​ទី​៤​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែកញ្ញា​នេះ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សាធារណជន​ចូល​ទស្សនា​ស្វែងយល់​ពី​អគារ​នានា​របស់​ស្ថានទូត។​

 

រួមទាំង​និវេសនដ្ឋាន​របស់​ឯកអគ្គរ​ដ្ឋ​ទូត​និង​ឧទ្យាន​ទំហំ​៤,៥​ហិកតា​ដែលជា​លំហ​បៃតង​ដ៏​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ស្ថានទូត​បារាំង​ស្ថិតនៅ​ទីតាំង​ដដែល​នេះ​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយ​។

​ស្ថានទូត​ត្រូវបាន​ជួសជុល​ឡើងវិញ​ទាំងស្រុង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​និង​ឆ្នាំ​១៩៩៥​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​ដែល​បាន​ប្រើប្រាស់​រចនាសម្ព័ន្ធ​អគារ​ចាស់ៗ​ដើម្បី​បង្កើតជា​បណ្តុំ​អគារ​ថ្មី​មួយ​មាន​លក្ខណៈ​សមសួន​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់បំព្រង​។​

នៅក្រោម​ប្រធានបទ​«​ទៅ​ប្រទេស​បារាំង​»​ទិវា​បេតិកភណ្ឌ​ឆ្នាំនេះ​នឹង​អនុញ្ញាតឱ្យ​សាធារណជន​ស្វែងយល់​កាន់តែច្បាស់​អំពី​ប្រទេស​បារាំង​និង​ភាព​សម្បូរបែប​នៃ​សម្បត្តិ​បេតិកភណ្ឌ​របស់​ប្រទេស​នេះ​។​

​បារាំង​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​ធំជាងគេ​ក្នុង​ពិភពលោក​ដោយ​ទទួលបាន​ភ្ញៀវ​ជាង​៨០​លាន​នាក់​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​ទេ​។​តែ​ក៏​ជា​ប្រទេស​ដ៏​ធំ​មួយ​ដែល​ទទួល​និស្សិត​អន្តរជាតិ​ឱ្យទៅ​សិក្សា​ផងដែរ​។

​ទិវា​បេតិកភណ្ឌ​នេះ​នឹង​ជា​ឱកាស​មួយ​ក្នុងការ​ស្វែងយល់​អំពី​សិល្បៈ​នៃ​ការរស់នៅ​និង​ជំនាញ​របស់​បារាំង​ដោយមាន​វត្តមាន​ក្រុមហ៊ុន​ផលិត​សម្ភារៈប្រើប្រាស់​Christofle​។​

​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​បារាំង​ទិវា​បេតិកភណ្ឌ​បច្ចុប្បន្ន​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​នានា​ប្រមាណ​៥០​។​នៅ​កម្ពុជា​អគារ​ដ៏​ស្រស់ស្អាត​ផ្សេងទៀត​ក៏​នឹង​បើកទ្វារ​ទទួល​សាធារណជន​ចូល​ទស្សនា​ផងដែរ​។​

ក្នុងនោះ​មាន​៖​សាលា​រាជធានី​ភ្នំពេញ​,​និវេសនដ្ឋាន​ឯកអគ្គរាជទូត​អង់គ្លេស​,​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​,​ការិយាល័យ​អង្គការ​យូណេស្កូ​,​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​,​សាលា​បារាំង​ដេ​កាត​,​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​អភិរក្ស​អង្គរ​នៅ​សៀមរាប​,​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នៅ​ភ្នំពេញ​,​និង​មហាសណ្ឋាគារ​អង្គរ​នៅ​ខេត្តសៀមរាប​។​

ម៉ោង​ពេល​និង​បែបបទ​នៃ​ការ​ទស្សនា​ត្រូវបាន​កំណត់ដោយ​ស្ថាប័ន​នីមួយៗ​។​លោកអ្នក​អាច​ស្វែងយល់​ព័ត៌មាន​បន្ថែម​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​www.facebook.com/HeritageDayKH ៕S/