​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ​១០​គីឡូម៉ែត្រ នៅ​ថ្ងៃទី​៨ មីនា​

78
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នៅ​ថ្ងៃទី​៨ មីនា ខាងមុខនេះ គណៈកម្មការ​ស្ត្រី អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០ គីឡូម៉ែត្រ ដើម្បី​បញ្ជាក់​អោយដឹងថា ស្ត្រី​ក៏​អាចធ្វើ​បាន និង​អាច​បំបែក​ឯតទគ្គ​កម្ម ក្នុង​វិស័យ​កីឡា ដូច​បុរស​ដែរ​។​

​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណ​:​ក​ម្មា​ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៣ មករា​ថា ដោយ​ថ្ងៃទី ៨ មីនា ជា​ថ្ងៃអាទិត្យ​នោះ គណៈកម្មការ​ស្ត្រី និង​កីឡា រួមជាមួយ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី ក្រុមហ៊ុន​ធានារ៉ាប់រង សុវណ្ណ​ភូមិ ឡាយ៍ បានរៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ស្ត្រី ផ្សារភ្ជាប់​ជាមួយ​បុណ្យ​ទិវា​សិទ្ធិនារី នៅ​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពីមុខ​វត្ត​បទុម​វ​ត្តី ដែលជា​ជម្រើស​ទី​១ របស់​គណ​:​កម្ម​ការ ដែល​រត់តាម​ផ្លូវ​សុធា​រស រួច​ចូលទៅក្នុង​ម​ជ្ឈ មណ្ឌល​កំសាន្ត កោះ​ពេជ្រ ហើយ​ចេញ​មកវិញ តាមផ្លូវ​ព្រះស៊ីសុវត្ថិ កាត់មុខ​វត្ត​ឧណ្ណាលោម ឆ្ពោះទៅ​ទី​ផ្តាច់ព្រ័ត្រ នៅមុខ​វត្ត​បុ​ទុម​វ​ត្តី​ដដែល​។​

​ទិដ្ឋភាព​សន្និសីទកាសែត​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​ទៀតថា ព្រឹត្តិការណ៍​នេះ មាន​រត់ ១០ គីឡូម៉ែត្រ​នារី និង​រត់ ៤ គីឡូម៉ែត្រ​នារី តែ​លោក​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ គឺ​បើកទូលាយ មិន​សម្រាប់តែ​នារី​ទេ បុរស​ក៏​អាច​ចុះឈ្មោះ ចូលរួម​បានដែរ​។​

​សម្រាប់​ការចុះឈ្មោះ​រត់ លើ​វិញ្ញាសា ១០ គីឡូម៉ែត្រ ជនបរទេស​តម្លៃ ២០ ដុល្លារ​អាមេរិក ប្រជាជន​ខ្មែរ ១២ ដុល្លារ​អាមេរិក ហើយ​សម្រាប់​វិញ្ញាសា ៤ គ​.​ម ជនបរទេស តម្លៃ ១៥ ដុល្លារ​អាមេរិក និង​ប្រជាជន​ខ្មែរ ៧ ដុល្លារ​អាមេរិក ។​

​លោកស្រី កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា បាន​មានប្រសាសន៍​ដែរ​ថា កម្មវិធី​រត់ប្រណាំង ចម្ងាយ ១០ គីឡូម៉ែត្រ​នេះ គឺ​យើង​ចង់បង្ហាញ​ពី ការគាំទ្រ ចំពោះ​ស្ត្រី ដែល​ឆ្លង​តាមរយៈ​ការរត់​នេះ ក៏​នឹង​បង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​អាច​បំបែក​ឯកទគ្គកម្ម​បាន​ដែរ នៅក្នុង​វិស័យ​កីឡា ពិសេស​កីឡា​រត់ប្រណាំង បន្ថែម​លើ​កីឡា​ផ្សេងៗ ដែល​ស្ត្រី​ធ្លាប់ធ្វើ​បានសម្រេច នាពេល​កន្លងមក​។ ជាមួយគ្នានេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​វីរៈ​កីឡាការិនី ដែលមាន​ស្នាដៃ​ឆ្នើម នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​មានការ​ចូលរួម ពី​តារាចំរៀង​សម្តែង​ល្បីៗ ដូចជា កញ្ញា មាន សុនី​តា ហើយ​និង​មិត្ត​ភ័ក្ត្រ​របស់​នាង ចូលរួម​ផងដែរ​។​

​ទិដ្ឋភាព​សន្និសីទកាសែត​

​លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង ទី​១ លើកកម្ពស់​ចលនា​ស្ត្រី នៅក្នុង​វិស័យ​កីឡា ទី​២ ការការពារ និង​លើកស្ទួយ​សមភាព​យេនឌ័រ និង​គោលបំណង​ទី​៣ គឺ​រួមចំណែក​ការពារ ថែរក្សា​បរិស្ថាន ដែល​កម្ពុជា​បច្ចុប្បន្ន កំពុងបើក​យុទ្ធនាការ​កម្ពុជា​ស្អាត​។​

​លោក​បាន​បន្ថែមថា ការរៀបចំ​ធ្វើ​កម្មវិធី​នេះ នៅ​ឆ្នាំ​ទី​១ ទី​២ ទី​៣ បើ​ទទួលបាន​ផល​ល្អ ឬ​បាន​អត្ថប្រយោជន៍​ច្រើន ពី​ការរៀប​ចំនេះ យើង​នឹង​រៀបចំ​កម្មវិធី​សម្រាប់​ស្ត្រី​ទៀត ដើម្បី​បង្កើតជា​មូល​នី​ធិ សម្រាប់​ទិញ​ជា​សម្ភារ​កីឡា ដូចជា​បាល់ និង​សម្ភារ​កីឡា​ផ្សេងៗ​ទៀត ឬ​ធ្វើ​កម្មវិធី សម្រាប់​ស្ត្រី នៅក្នុង​ចលនា​កីឡា ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​៕v