​ទិវា​ឯករាជ្យ​ជាតិ ម៉ា​សេ​ដូ​នី​

121
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ា​សេ​ដូ​នី ( ឬ ម៉ា​សេ​ដ្វា​ន ) ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៨ ខែកញ្ញា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ បោះឆ្នោត​ប្រជាមតិ ចាក​ចេញពី​សហព័ន្ធ​ប្រជាមានិត​យូ​ហ្គោ​ស្លា​វី​បង្កើតបានជា​សាធារណ រដ្ឋ​ម៉ា​សេ​ដូ​នី កាលពី​ឆ្នាំ ១៩៩១ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​ម៉ា​សេ​ដូ​នី មាន​ផ្ទៃដី ២៥.៧១៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប ខាងកើត នា​តំបន់​បាល់​កង់​មាន​ព្រំដែន ជាប់​ប្រទេស​ក្រិ​ក អាល់​បា​នី ប៊ុលហ្គារី ស៊ែ​ប និង កូ​សូ​វ៉ូ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ពីរលាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋធានី គឺ ទីក្រុង ស្កុប​ជេ ភាសាផ្លូវការ គឺ​ភាសា​ម៉ា​សេ​ដូ​នី ។​

ប្រវត្តិសាស្ត្រ​
​ទឹកដី​ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ ធ្លាប់​ត្រូវបាន​កាន់កាប់​ដោយ​មហា​អំ​ណាមួយ​ចំនួន ដូចជា ប៊ុលហ្គារី ប៊ី​ហ្សាំ​ង​តាំង (​អតីត​ចក្រភព​រ៉ូ​ម៉ាំង​ខាងកើត​) និង​ស៊ែ​ប​ជាដើម​។ លុះដល់​សតវត្សរ៍ ទី​១៤ តំបន់​បាល់​កង់​ទាំងមូល​ដោយ​រួមទាំង ម៉ា​សេ​ដូ​នី​ផង បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ចក្រភព​អូ​តូ​ម៉​ង់ ( តួ​ក​គី ) ទាំងស្រុង អស់​រយៈពេល ប្រមាណ​ជា​ប្រាំ សតវត្សរ៍ ។

​លុះដល់​ចុង​សតវត្សរ៍​ទី​១៩ មាន​ចលនា​ជាច្រើន បានកើត​ឡើង ក្នុង​គោលបំណង​ស្វែងរក​ការបង្កើត​រដ្ឋ​ម៉ា​សេ​ដូ​នី​ស្វយ័ត ។ ចលនា​ដែល​ត្រូវបាន​ចងចាំ​បំផុត មាន​ឈ្មោះថា អង្គការ បដិវត្តន៍​ម៉ា​សេ​ដូ​នី ដែល​ក្រោយមក បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា អង្គការ​សម្ងាត់​បដិវត្ត​ន៍ ម៉ា​សេ​ដូ​នី ដែលមាន​អក្សរ​កាត់ ជា​ភាសា​អង់គ្លេស​ថា SMARO។ លុះដល់​ឆ្នាំ​១៩០៥ SMARO បាន​ប្តូរ​ឈ្មោះ​ទៅជា អង្គការ​បដិវត្តន៍​ផ្ទៃក្នុង ម៉ា​សេ​ដូ​នី IMARO វិញ ។

​លុះ​ក្រោយ​សង្គ្រាមលោកលើកទី​១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) បាន​ប្តូរ​ឈ្មោះ​ទៅជា​អង្គការ​បដិវត្តន៍ ផ្ទៃក្នុង​ត្រា​ស៊ី ITRO ។ អង្គការ និង​ចលនា​ទាំងនោះ បាន​ជោគជ័យ​ខ្លះ​ដែរ ក្នុងការ​ប្រឆាំងនឹង​ការត្រួតត្រា​របស់​អូ​តូ​ម៉​ង់ ប៉ុន្តែ​ក៏​នៅតែ​មិនទាន់​អាច​រើខ្លួន​រួច​ពី​អូ​តូ​ម៉​ង់ នៅឡើយ ។

សង្គ្រាម​បាល់​កង់​
នៅ​ឆ្នាំ​១៩១២ និង ១៩១៣ រដ្ឋ​ចំនួន​បួន នៅ​តំបន់​បាល់​កង់ ដែល​កំពុង​ឋិត​ក្រោម​ការគ្រប់គ្រង​របស់ អូ​តូ​ម៉​ង់ គឺ ប៊ុលហ្គារី ម៉ុង​តេ​ណេ​ក្រូ ក្រិ​ក និង ស៊ែ​ប បាន​ងើប បះបោរ ​ប្រឆាំងនឹង អូ​តូ​ម៉​ង់ បង្កើតបានជា​សង្គ្រាម យ៉ាង​សន្ធោរ​សន្ធៅ ហៅថា សង្គ្រាម​បាល់​កង់ ហើយ​បានឈ្នះ​លើ​កងទ័ព​អូ​តូ​ម៉​ង់ ។ ទឹកដី​ដែលជា​ប្រទេស​ម៉ា​សេ​ដូ​នី សព្វថ្ងៃនេះ​ត្រូវបាន​ដាក់បញ្ចូល ជា​ទឹកដី​របស់ ស៊ែ​ប ភាគខាងត្បូង ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង នៅ​ថ្ងៃទី ២៨ ខែកក្កដា ១៩១៤ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ​១៩១៨ ។ នៅ​ឆ្នាំ​១៩១៥ ប៊ុលហ្គារី បាន​ឈរ​នៅ​ខាង​សម្ព័ន្ធ​មហាអំណាច​កណ្តាល (​មាន អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី អូ​តូ​ម៉​ង់ និង ប៊ុលហ្គារី ) ហើយ ប៊ុលហ្គារី ចំណេញ​បាន​ដី​យ៉ាងច្រើន មក​ត្រួតត្រា គឺ​ដី​ដែលជា​ប្រទេស​ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ ១៩១៩ ខណៈដែល​រដ្ឋ​ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី បង្កើតឡើង មាន​ចលនា​ប្រឆាំង​នឹ​ជនជាតិ ប៊ុលហ្គារី នៅ​ទីនោះ ដែលជា​លទ្ធផល គឺ​គ្រូបង្រៀន​បព្វជិត ភាសា សញ្ញា សៀវភៅ និង អង្គការ​ចាត់តាំង​នានា​របស់ ប៊ុលហ្គារី ត្រូវបាន​បណ្តេញចេញ និង​រំលាយចោល ហើយ​ទឹកដី​នោះ បាន​ឋិត​ក្រោម​ការត្រួតត្រា​របស់ ស៊ែ​ប វិញ ។​លុះដល់​ឆ្នាំ ១៩២៩ ទឹកដី​នៃ រដ្ឋ​ម៉ា​សេ​ដូ​នី ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី បង្កើតបានជា​ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ។​

​មិនយូរប៉ុន្មាន ក៏មាន​ចលនា​បង្កើត​រដ្ឋ​ម៉ា​សេ​ដូ​នី​ឯករាជ្យ ដោយ​បង្កើត​ទស្សនៈ រដ្ឋ ម៉ា​សេ​ដូ​នី រួបរួម ហើយ​គំនិត​នេះ បង្កើតឡើង​ដោយ​មេដឹកនាំ​ចលនា​អង្គការ​បដិវត្តន៍​ផ្ទៃក្នុង ម៉ា​សេ​ដូ​នី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស IMRO ។ គំនិត​រដ្ឋ​ឯករាជ្យ​ម៉ា​សេ​ដូ​នី រួបរួម មិនអាច​ចេញរួច​ឡើយ ដោយសារ ស៊ែ​ប និង ក្រិ​ក ជំទាស់ ។ នៅ​ឆ្នាំ​១៩២៤ គណ​បក្សកុម្មុយនិស្ត​អន្តរជាតិ បានស្នើ​យោបល់​ថា រាល់​បក្សកុម្មុយនិស្ត នៅ​តំបន់​បាល់​កង់​ទាំងអស់​គួរតែ​ទទួលយក នូវ​សេនារីយោ ម៉ា​សេ​ដូ​នី រួបរួម ។ ប៉ុន្តែ​គំនិត​នេះ ត្រូវបាន​បក្សកុម្មុយនិស្ត ប៊ុលហ្គារី និង កុ​ម្មុយ​និ​ស្ត ក្រិ​ក បដិសេធ ។

​ដោយហេតុ​នោះ អង្គការ​បដិវត្តន៍​ផ្ទៃក្នុង ម៉ា​សេ​ដូ​នី ឬ IMRO មួយអន្លើ​ដោយ​អង្គការ បដិវត្តន៍​សម្ងាត់​នៃ​យុវជន​ម៉ា​សេ​ដូ​នី បាន​បើក​សង្គ្រាម​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋបាល និង មន្ត្រី​កងទ័ព​ស៊ែ​ប នៅ​ទីនោះ ។ លុះដល់​ឆ្នាំ​១៩៣៤ ទើប​ជាតិ​សាសន៍ និង​ភាសា​ម៉ា​សេ​ដូ​នី ត្រូវបាន​ទទួលស្គាល់​ជា​លើកដំបូង ។ ទោះយ៉ាងណា ម៉ា​សេ​ដូ​នី នៅតែ​ស្ថិតនៅ ក្រោម​ដំបូល នៃ ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ជាមួយ ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី ដដែល ។​

​អំឡុង​សង្គ្រាមលោកលើកទី​២ (១៩៤១-១៩៤៥) ព្រះរាជាណាចក្រ​យូ​ហ្គោ​ស្លា​វី (​ដែល​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ​១៩២៩ ដោយមាន​ម៉ា​សេ​ដូ​នី ក្រូ​អាត ស៊ែ​ប និង ស្លូ​វ៉ា​នី​) បាន​ឋិត​ក្រោម​ការត្រួតត្រា​របស់​ស​ម្ព័​ន​មហាអំណាច AXIS (​អ៊ីតាលី អាល្លឺម៉ង់ និង ជប៉ុន​) ។​

ម៉ា​សេ​ដូ​នី​ឯករាជ្យ​
នៅ​ឆ្នាំ​១៩៤៤ សភា​ប្រឆាំង​ពួក​ហ្វា​ស៊ី​ស ដើម្បី​សេរីភាព​ជាតិ នៃ​ម៉ា​សេ​ដូ​នី ឬ ASNOM បានប្រកាស ម៉ា​សេ​ដូ​នី ថា​ជា​សាធារណរដ្ឋ ប្រជា​ជា​មានិត ម៉ា​សេ​ដូ​នី ដែលជា​ផ្នែក​មួយ នៃ សហព័ន្ធ​ប្រជាមានិត​យូ​ហ្គោ​ស្លា​វី ។ ASNOM នៅ​រក្សា​ភាពជា​រដ្ឋាភិបាល​ស្តីទី​របស់ ម៉ា​សេ​ដូ​នី រហូតដល់​ចប់​សង្គ្រាមលោកលើកទី​២ ហើយ ម៉ា​សេ​ដូ​នី​នៅតែ​ជា សាធារណរដ្ឋ​មួយ នៃ យូ​ហ្គោ​ស្លា​វី ។ ដោយសារ​ចលនា​ទាំងឡាយ នៅតែ​ចិញ្ចឹមចិត្ត​បង្កើត​នូវ​រដ្ឋ​ម៉ា​សេ​ដូ​នី ស្វយ័ត មួយ​នោះ ទើប​នៅក្រោយ​ឆ្នាំ​១៩៦៣ ម៉ា​សេ​ដូ​នី ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា សាធារណរដ្ឋ សង្គមនិយម ម៉ា​សេ​ដូ​នី ។​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​១៩៩១ ការបោះឆ្នោត​ប្រជាមតិ ត្រូវបាន​ធ្វើឡើង ។ ពេលនោះ​មាន​អ្នកបោះឆ្នោត ៩៥,៥ ភាគរយ បាន​បោះឆ្នោត​ចាក​ចេញពី សហព័ន្ធ​ប្រជាមានិត យូ​ហ្គោ​ស្លា​វី ហើយ​បង្កើតបានជា សាធារណរដ្ឋ​ម៉ា​សេ​ដូ​នី រហូតមកដល់​សព្វថ្ងៃ ។

​រដ្ឋាភិបាល និង​ប្រជា​ពរល​ដ្ឋ​ម៉ា​សេ​ដូ​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៨​ខែកញ្ញា​ដើម្បី​រំឭក​ព្រឹត្តិការណ៍ ដែល​ម៉ា​សេ​ដូ​នី ផ្តាច់ខ្លួន​ចេញពី​យូ​ហ្គោ​ស្លា​វី ដូចដែល​បានលើកឡើង​នេះឯង ៕​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

និស្សិត​ម៉ា​សេ​ដូ​នី ប្រារព្ធ​ពិធី​រាំ​នៅ​ទីលាន​សាធារណៈ​នៅ​ថ្ងៃទី បុណ្យ​ឯករាជ្យ​ជាតិ
ទីក្រុង ស្កុប​ជេ នៃ សាធារណរដ្ឋ ម៉ា​សេ​ដូ​នី
#