​ទិ​ន្និ​ផល​គ្រាប់ស្វាយចន្ទី​ល្អ​ប៉ុន្តែ​តម្លៃ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

376
ចែករម្លែក
  • 105
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​អ្នក​ដាំ​ដំណាំ​ស្វាយចន្ទី​អះ​អា​ថា ឆ្នាំនេះ​ទិ​ន្និ​ផល​គ្រាប់​ទទួលបាន​ផល​ល្អ ប៉ុន្តែ​តម្លៃ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​បន្តិច​។​ការដែល​ហាងឆេង​ធ្លាក់ចុះ​បែបនេះ ក៏​ជំរុញ​ចិត្ត​ដល់​ម្ចាស់​ចម្ការ​ខ្លះៗ ព្យាយាម​ហាល​គ្រាប់​វា​ឱ្យ​ស្ងួត​រក្សាទុក​សិន​រង់ចាំ​តម្លៃ​ឡើងថ្លៃ​វិញ​ទើប​លក់​ចេញ​។

​លោក ហ៊ុយ ភៀវ ម្ចាស់​ចម្ការ​ស្វាយចន្ទី​ដែលមាន​ផ្ទៃដី​រហូត​ជាង​៨០០​ហិកតា ស្ថិតនៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៥​ខែមីនា​នេះ​ថា ដោយសារតែ​មានការ​ថែទាំ​បានល្អ ទិ​ន្និ​ផល​គ្រាប់ស្វាយចន្ទី​របស់លោក​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ​ជាង​ឆ្នាំមុន​។

ប៉ុន្តែ​តម្លៃ​គ្រាប់ស្វាយចន្ទី​ពេលនេះ ១​គីឡូក្រាម​លក់បាន​តម្លៃ​ត្រឹមតែ​៥.៩០០​រៀល ខណៈ​ឆ្នាំមុន​លក់បាន​តម្លៃ​៨.០០០​រៀល​។ ដោយ សារ​តែ​ពេលនេះ​គ្រាប់ស្វាយចន្ទី​មានការ​ធ្លាក់ចុះ លោក​មិនអាច​លក់​ចេញ​បានទេ​គឺ​ត្រូវ​ហាល​គ្រាប់​វា​ឱ្យ​ស្ងួត​ហើយ​រក្សាទុក​សិន​រង់ចាំ​ដល់​ឡើងថ្លៃ​វិញ​ទើប​លក់​ចេញ​។​

​លោក​បន្តថា​ការធ្លាក់​ថ្លៃ​គ្រាប់ស្វាយចន្ទី​ពេលនេះ​សម្រាប់​លោក​គឺ​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​ការចំណាយ​សម្រាប់​ការថែទាំ និង​ថ្លៃ​ពលកម្ម​របស់​កម្មករ​នោះទេ​។ ប៉ុន្តែ​វា​បានធ្វើឱ្យ​បាត់ប្រាក់​ចំណេញ​ខ្លះ ព្រោះ​កាលពី​លោក​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ដំបូង​នៅ​ឆ្នាំ​២០១៥ គ្រាប់​របស់​វា លក់​បានតែ​៥.០០០​រៀល​ប៉ុណ្ណោះ​។​

ពេល នោះ​លោក​ទទួលបាន​ប្រាក់ចំណេញ​សមរម្យ​។ លុះ​ឆ្នាំ​២០១៦​ដល់​២០១៨ គឺ​លក់បាន​តម្លៃ​ខ្ពស់ គឺ​ក្នុង​១​គីឡូក្រាម​តម្លៃ​៨.០០០​រៀល ហើយ​លោក​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​២០១៨​នៅលើ​ផ្ទៃដី​ជាង​៨០០​ហិកតា​។ ចឹ​ង​ទេ​សម្រាប់​ឆ្នាំ​២០១៩​នេះ​បើ​យើង​ប្រញាប់​លក់​ក្នុងតម្លៃ​៥.៩០០​រៀល​នេះ យើង​អាច​ទទួលបាន​ប្រាក់ចំណេញ​តិចជាង​ឆ្នាំមុន​។​

​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក៏បាន​លើកឡើងថា ជាការ​ពិតណាស់​ពេលនេះ​គ្រាប់ស្វាយចន្ទី​មានការ​ធ្លាក់​ថ្លៃ​ជា​ឆ្នាំមុន​ប​ន្តិ​ត​។ ប៉ុន្តែ​ការធ្លាក់​តម្លៃ​នេះ​មិន​ធ្វើឱ្យប៉ះពាល់​ប្រាក់ចំណេញ​របស់​បងប្អូន​ធ្ងន់ធ្ងរ​នោះទេ​។

មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​គ្រាប់ស្វាយចន្ទី​នេះ គឺ​ដោយសារតែ​ផល​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ច្រើន យើង​មិនទាន់មាន​ទីផ្សារ​ទូលំទូលាយ ដែល​ធ្វើឱ្យ​ឈ្មួញ​អាច​ទម្លាក់​ថ្លៃ​បន្តិច​។ ការធ្លាក់​ថ្លៃ​នេះ គឺ​ចាប់ផ្តើម​តាំងពី​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​មក​។

​លោក​បន្តថា គ្រាប់ស្វាយចន្ទី​របស់​យើង​ភាគច្រើន​គឺ​នាំ​ចេញទៅ​ប្រទេស​វៀតណាម ដូច្នេះ​បើ​នៅ​វៀតណាម​មាន​បញ្ហា​ខាង​ទីផ្សារ វា​និង​ធ្វើឱ្យប៉ះពាល់​ដល់​យើង​ដែរ​។ តែ​លោក​រំពឹងថា តម្លៃ​គ្រាប់ស្វាយចន្ទី​នៅ​ខេត្តសៀមរាប នឹង​ល្អប្រសើរ​ឡើងវិញ ព្រោះ​បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុងតែ​រក​វិធី​ដោះស្រាយ​៕S/