​ទីក្រុង​ព្រះសីហនុ​សកម្ម​ភាព​សំណង់​មិនមាន​ដូច​ពី​ពេលមុន​ទេ​

685
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា នៅ​ចុងខែ​កញ្ញា​២០១៩​នេះ​ក្រោយពី​អាជ្ញាធរ​រឹតបន្តឹង​ច្បាប់​សាងសង់​និង​ផ្នែក​គុណភាព​សំណង់​។​ជាទូទៅ​នៅតាម​ការដ្ឋាន​សំណង់​នានា​ក្នុង​ក្រុងព្រះសីហនុ​ម្ចាស់​សំណង់​មួយចំនួន​បាន​បង្កើន​ការប្រុងប្រយ័ត្ន​មិន​សម្រុក​សាងសង់​ឱ្យតែបាន​លឿន​ឆាប់​រួចរាល់​ដូច​ពី​ពេលមុន​ទៀត​ទេ ។​

​មន្ត្រី​បាន​ថ្លែងបន្តថា​បើតាម​ការសង្កេត​ជាក់ស្តែង​នៅ​ថ្ងៃទី​២២​កញ្ញា​២០១៩​តាម​ការដ្ឋាន​សំណង់​ខ្លះ​ក្នុង​ក្រុងព្រះសីហនុ​មាន​សកម្មភាព​សាងសង់​ធម្មតា​។​ប៉ុន្តែ​ការដ្ឋាន​សំណង់​ខ្លះ​មិនឃើញ​មាន​សកម្មភាព​កម្មករ​ធ្វើការ​សាងសង់​ទេ​ទំនងជា​ម្ចាស់​ការដ្ឋាន​សំណង់​ឱ្យ​កម្មករ​ឈប់សម្រាក​។​ដែល​អាច​និយាយបានថា​មិន​សម្រុក​ធ្វើ​ទាំងថ្ងៃទាំងយប់​ឬ​ថ្ងៃ​ឈប់សម្រាក​ដោយ​មិន​គិតពី​សុវត្ថិភាព​សុខភាព​នោះ​ទៀត​ទេ ។
​មន្ត្រី​ដដែល​ថ្លែងបន្តថា​រដ្ឋបាលខេត្ត​នឹងមិន​បន្ធូរដៃ​ឡើយ​ទៅលើ​ចំណាត់ការ​ទប់ស្កាត់​ការសាងសង់​គ្មាន​ច្បាប់​ឬ​ការសាងសង់​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​គ្មាន​គុណភាព​ដូចដែល​វិធានការ​កន្លងមក​។​មាន​ការដ្ឋាន​សំណង់​ជាង​១០​កន្លែង​ហើយ​នៅក្នុង​ក្រុងព្រះសីហនុ​ដែល​អាជ្ញាធរ​បិទ​ផ្អាក​និង​បញ្ជា​ឱ្យ​រុះ​រើចេញ​វិញ ក្រោយ​រកឃើញថា ការសាងសង់​គ្មាន​គុណភាព​។

​ជុំវិញ​បញ្ហា​នេះ​នៅ​ស្ទើរតែ​គ្រប់​វេទិការ​ជួបប្រជុំ​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ជំរុញ​ឱ្យ​មន្ត្រី​បច្ចេកទេសផ្នែក​សំណង់​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​។​ដើម្បី​ទប់ស្កាត់​មិនឱ្យ​មានការ​សាងសង់​សំណង់​ខុសច្បាប់​ឬ​សាងសង់​ខុស​បច្ចេកទេស​ជាដាច់ខាត​។​ដើម្បី​ធានា​និរន្តរភាព​និង​សោ​ភ​ណ្ឌ័​ភាព​សំណង់​ក្នុង​ទីក្រុង​ព្រះសីហនុ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថេរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​