​ទីតាំង​ទេសចរណ៍​ចំនួន​៣ នឹង​បម្រើ​ដល់​ព្រឹត្តិការណ៍​សង្ក្រាន្ត​កោះកុង​ទ្រង់ទ្រាយ​ធំ ឆ្នាំនេះ​

4698
ចែករម្លែក
  • 2.7K
    Shares

ដោយ​៖ សុ​ផានី​តា / កោះកុង​៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​កោះកុង សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៨ ខាងមុខ នឹង​រៀបចំឡើង ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ខុសពី​បណ្តា​ឆ្នាំមុន ដោយ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ អាច​ដើរ​កម្សាន្ត​លេង​សប្បាយរីករាយ​ចំនួន ៣ ទីតាំង​ផ្សេងៗ​គ្នា​។ តាម​ការប៉ាន់ស្មាន ជាបឋម​របស់​លោកស្រី​អភិបាលខេត្ត​កោះកុង អាច​នឹងមាន​ភ្ញៀវទេសចរ និង​បរទេស​ជិត​៥ ម៉ឺន​នាក់ មកលេង​កម្សាន្ត​។​

​សង្ក្រាន្ត​កោះកុង ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ក្នុងទិសដៅ​បង្កើត​បរិយាកាស​សាមគ្គីភាព សប្បាយរីករាយ ផ្តល់ឱកាស​ឲ្យ​ក្រុមយុវជន ប្រជាពលរដ្ឋ បាន​ស្វែងយល់ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មកលេង​កាន់តែច្រើន​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត​កោះកុង នៅ​ថ្ងៃទី​១៦ មីនា​ថា សង្ក្រាន្ត​កោះកុង ឆ្នាំនេះ គឺមាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន ដោយ​តំបន់​ទី​១ ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ចូលរួម​ក្រុង​ពាលី បែប​សាសនា ទទួល​ទេវតា​ឆ្នាំ​ថ្មី លេងល្បែង​ប្រជាប្រិយ​ខ្មែរ ជាង​១២​ល្បែង កម្មវិធី​ប្រគំ​តន្ត្រី​រាំលេង បូក​រួមទាំង​កម្មវិធី​ស្រង់​ព្រះ ដែល​ត្រៀម​រួចរាល់​ស្រេច​នៅមុខ​សាលាខេត្ត​។​

​អភិបាលខេត្ត​កោះកុង បន្ថែមថា រីឯ​តំបន់​ទី​២ ឆ្នេរសមុទ្រ​កោះ​យ៉ ស្រុក​មណ្ឌលសីមា និង​ទី​៣ សហគមន៍​ទេសចរណ៍ ពាម​ក្រសោប ដែល​សុទ្ធសឹង​ជា​តំបន់​ដែលមាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ហើយ​ផ្តល់​ប្រាក់ចំណូល​ជូន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​។ តំបន់​ទាំង​៣​ខាងលើ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ សមត្ថកិច្ច​ខេត្ត និង​ស្រុក ជា​អ្នកទទួលខុសត្រូវ​។ បើតាម​ការរំពឹង ជាបឋម​របស់​លោកស្រី អភិបាលខេត្ត​កោះកុង អាច​នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​បរទេស ជិត​ម៉ឺន​នាក់ មកលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​។​

ដោយឡែក ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ខាងមុខ ត្រូវបាន​លោក ស សារ៉ាត់ ស្នងការរង​នគរបាល​ខេត្ត លើកឡើងថា លោក​ត្រៀមកម្លាំង​សមត្ថកិច្ច​ជាង ២០០ នាក់ ដោយ​ដាក់ពង្រាយ​ទៅតាម​គោលដៅ​សំខាន់ៗ​ដែល​អនុលោម​ក្នុង​កិច្ចប្រជុំ​របស់​គណៈបញ្ជាកា​រ​ខេត្ត រួចរាល់​ហើយ​។ ជាក់ស្តែង ឆ្នាំទៅ ពុំមាន​អសន្តិសុខ​ណាមួយ កើតមានឡើង គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។​

​គួរកត់សម្គាល់​ដែរ​ថា ក្រៅពី​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដ៏​ធំ នៅ​ខេត្តសៀមរាប ឆ្នាំនេះ ស្ទើរតែ​គ្រប់​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ក៏បាន​នាំគ្នា​បង្កើត​ឱ្យបាន​កម្មវិធី​សង្ក្រាន្ត​រៀងៗ​ខ្លួន​ផងដែរ រួមមាន​៖ រាជធានី​ភ្នំពេញ បាត់ដំបង ព្រៃវែង ស្វាយរៀង ជាដើម សម្រាប់​បង្កើន​បរិយាកាស​សប្បាយ​អំណ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​៕L