​ទីតាំង​រ៉ែ​មាស​ខុសច្បាប់​៣​កន្លែង​ត្រូវបាន​បង្ក្រាប​នៅ​ស្រុក​រវៀង​

1257
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ស្រុករ​វៀង​ដឹកនាំ​កងកម្លាំង​ចុះទៅ​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ចំនួន​៣​កន្លែង​បាន​ជាក់ស្តែង​ដោយ​រឹបអូស​សម្ភារៈ​វត្ថុតាង​មួយចំនួន​ឯ​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​បាត់អស់​។​

​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុករ​វៀង​ដែល​ដឹកនាំ​កងកម្លាំង​ចុះទៅ​បង្ក្រាប​បានឱ្យដឹងថា​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ចំនួន​៣​កន្លែង​នេះ​ស្ថិតនៅ​ចំណុច​រំដេង​ភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដោយ​សមត្ថកិច្ច​បាន​លុបរណ្តៅ​ចំនួន​៥​កន្លែង​។ជាមួយគ្នា​នោះអាជ្ញាធរ​ក៏បាន​ដកហូត​វត្ថុតាង​រួមមាន​៖​ម៉ាស៊ីន​គោយន្ត​ចំនួន​៨​គ្រឿង​,​ម៉ាស៊ីន​ខ្យល់​២​គ្រឿង​,​ឌី​ណា​ម៉ូ​២​គ្រឿង​,​ម៉ាស៊ីន​បុក​២​និង​កម្ទេច​រោង​ចំនួន​៧​កន្លែង​។​

លោក​អភិបាលស្រុក​បានដឹង​ទៀតថា​ទីតាំង​នេះ​ត្រូវបាន​បង្ក្រាប​ជា​ច្រើនដង​រួចមកហើយ​ឯ​ម្ចាស់​ទីតាំង​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ជាច្រើនលើក​ផងដែរ​តែ​ហាក់ដូច​ពុំ​រាងចាល​សោះ​។​កន្លែង​រុករក​រ៉ែ​មាស​ខុសច្បាប់​នេះ​ភាគច្រើន​គឺ​លួច​ធ្វើ​នៅ​ពេលយប់​ស្ងាត់​។​

ប៉ុន្តែ​លោក​ថាបើ​មាន​ករណី​ម្ចាស់​ទីតាំង​រ៉ែ​មាស​ខុសច្បាប់​ដែល​បានធ្វើ​កិច្ចសន្យា​អប់រំ​រួចហើយនោះ​នៅតែ​ប្រព្រឹត្ត​ខុសច្បាប់​ទៀត​លើក​ក្រោយ​និង​ចាត់ការ​តាមច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕S/​