​ទីតាំង​លក់​និង​បញ្ចូល​ហ្គ័ស​៣​កន្លែង​ត្រូវ​សមត្ថកិច្ចឱ្យផ្អាក​ប​ញ្ជូ​ល​និង​ស្តុក​ទុក​

529
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ទីតាំង​លក់​និង​បញ្ចូល​ហ្គ័ស​កំប៉ុង​ចំនួន​៣​កន្លែង​នៅ​ក្រុង​សៀមរាប​ត្រូវបាន​ផ្អាក​សកម្មភាព​ប​ញ្ជូ​ល​និង​ស្តុក​ហ្គ័ស​ទុក​ក្នុង​ទីតាំង​លក់​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​មាស​ជូ​រ៉ានី​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត សៀមរាប​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​មាស​ជូ​រ៉ានី​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រមទាំង​មន្ត្រីរដ្ឋបាល​ក្រុង​សៀមរាប​បាន​ចុះ​ពិនិត្យ​នូវ​រាល់​ទីតាំង​ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​។​ក្នុងឱកាស​នោះបាន​ចុះ​ផ្អាក​នូវ​រាល់​សកម្មភាព​បញ្ចូល​ផ្ទេរ​និង​ស្តុក​ទុក​ហ្គ័ស​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​ចំនួន​៣​កន្លែង ក្នុង​ក្រុង​សៀមរាប ។​

​លោក​បាន​បន្តថា​ទីតាំង​ចំនួន​៣​កន្លែង​ក្នុង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ដែល​បាន​ត្រូវ​ផ្អាក​សកម្មភាព​រួមមាន​ទី​តាំងនៅ​ភូមិ​មណ្ឌល​១,​ភូមិ​ស្ទឹង​ថ្មី​និង​ភូមិ​សាលាកន្សែង​។​ក្នុង​នោះបាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ប្រកប​អាជីវកម្ម​និង​បញ្ចូល​ហ្គាស​កំប៉ុង​ទាំង​៣​កន្លែង​នេះ​ឱ្យ​រើ​ឧបករណ៍​ផ្ទេរ​ហ្គ័ស​ចេញពី​ទីតាំង​លក់​។​ដែល​ទីតាំង​ទាំងនោះ​ជា​ផ្ទះថ្ម​ក្រោម​ឈើ​លើ​,​ផ្ទះល្វែង​និង​បន្ទប់​ប​ញ្ជូ​ល​ហ្គ័ស​ព្រមទាំង​បាន​តម្រូវឱ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ត្រូវដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត​និង​ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​និង​បទដ្ឋាន​បច្ចេកទេស​តាមច្បាប់​ជា​ធរមាន​ទៀតផង ។​

​លោក​បាន​ឱ្យដឹងទៀតថា​កន្លងមក​មន្ទីរ​តែង​តែ​ចុះ​អប់រំ​ណែនាំ​ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​បញ្ចូល​ហ្គ័ស​និង​ស្តុក​ហ្គ័ស​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​ក្នុងការ​បង្ការ​កុំឱ្យ​មាន​កើន​មាននូវ​ហា​នី​ភ័យ​។​ប៉ុន្តែ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​គឺ​បណ្តា​មកពី​ការធ្វេសប្រហែស​របស់​ម្ចាស់​អាជីវកម្ម​ព្រមទាំង​មិន​គោរព​ទៅតាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ​។​ខណៈ​ទីតាំង​មួយចំនួន​បាន​លួចលាក់​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​របស់ខ្លួន​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​ហេតុការណ៍​ផ្ទុះ​ហ្គ័ស​ឆេះ​ហាង​បញ្ចូល​ហ្គ័ស​រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប​។ ដែលជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គ័ស មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​គោក​ស្រុក​ឃុំ​ពួក​ស្រុក​ពួក​ខេត្តសៀមរាប​បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣​នាក់​៕S/

​រូបភាព​: ទីតាំង​លក់​និង​បញ្ចូល​ហ្គ័ស​កំប៉ុង​ចំនួន​៣​កន្លែង ត្រូវបាន​ផ្អាក​សកម្មភាព​ប​ញ្ជូ​ល និង​ស្តុក​ទុក​ហ្គ័ស​ក្នុង​ទីតាំង​លក់​៕ គូលែន​