​ទឹកទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​ហក់​ឡើង​ជាប់​រហូត​ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​

212
ចែករម្លែក

​ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំង​/​ទឹកទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​ហក់​ឡើង​ជាប់រ​ហូត​ខណៈដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ​។​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតាម​ខ្នង​កោះ​និង​ភូមិ​អ្នកស្រុក​តាម​កន្លែង​ខ្លះ​ទាបៗ​ក៏បាន​រង​ការលិចលង់​ចូល​ក្រោមផ្ទះ​ដោយ​ដំណើរ​តាម​ទូក​កា​រណូត​ឆ្លងទៅ​ឆ្លង​មក​។

លោក​ដោក​ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​ទោះបីជា​ទឹក​នៅតែ​បន្ត​ការឡើង​រហូត​ខ្លាំង​រាល់ថ្ងៃ​យ៉ាងណាក្តី​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​ទឹកទន្លេ​នៅតែមាន​កម្ពស​ទាប​ជាង​ឆ្នាំមុន​។​គ្រាន់តែ​ពេលនេះ​បាន​លិច​ផ្នែក​ទំនាប​ក្នុងភូមិ​អ្នកស្រុក​និង​ខ្នង​កោះ​ហើយ​ក្តី​ដែល​បានធ្វើ​ឱ្យមាន​ដី​ល្បប់​ហូរ​មក​នាំមក​នៅ​ជីជាតិ​ទឹកទន្លេ​ដែល​ធ្វើឱ្យ​ដំណាំ​របស់​អ្នកស្រុក​នៅពេល​ស្រក​ទៅវិញ​បានល្អ ។​

​លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​ទឹកទន្លេ​នៅ​ស្ថានីយ៍​ផ្សារ​ក្រោម​មាន​កម្ពស់​៨.៦​ម៉ែត្រ​បើ​ធៀប​ទៅ​ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ថ្ងៃ​ដូចគ្នានេះដែរ​ទឹក​មាន​កម្ពស់​១០.២៨​ម៉ែត្រ​។​ទឹកទន្លេ​ដែល​ត្រូវ​ប្រកាស់​អាស​ន្ន៍​មាន​កម្ពស់​១១​ម៉ែត្រ​។​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ទឹកជំនន់​នៅ​បឹង​ទន្លេសាប​និង​តាម​ដង​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​កើនឡើង​អាស្រ័យ​ដោយ​កត្តា​៣​យ៉ាង​ផ្សេងគ្នា​។​

ទី​១​គឺ​ទទួល​របប​ទឹក​ពី​ទន្លេមេគង្គ​ដែល​ហូរ​ដល់​ទន្លេ​៤​មុខ​និង​ហូរ​ត្រឡប់​ចូល​បឹង​ទន្លេសាប​វិញ​។​ទី​២ គឺ របប​ទឹកភ្លៀង​ដែល​ធ្លាក់​នៅតាម​ខេត្ត​នានា​ជុំវិញ​បឹង​ទន្លេសាប​។​ទី​៣​គឺ​ជំនន់​ទឹកភ្លៀង​ធ្លាក់​មកពី​ប្រទេស​ថៃ​កាត់​តាម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​បន្ទាយមានជ័យ​ជាដើម​ដែល​ហូរ​ចាក់​មក​កម្ពុជា​និង​បន្ត​ហូរ​ចូលទៅ​អាងទឹក​ទន្លេសាប​។​

​ទោះជា​យ៉ាងណា​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ធ្លាប់បាន​ជូនដំណឹង​រួចហើយ​នូវ​ការត្រៀម​បង្ការ​និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​មាន​ហេតុការណ៍​ណា​មូ​យ កើតឡើង​ជាយថាហេតុ​។ លោក​ឈួ​ច័​ន្ឌ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​និង​ត្រូវ​យកចិត្តទុកដាក់​មើលថែ​កូនតូចៗ​កុំឱ្យ​ចុះ​លេង​ទឹក​ឬ​ការ​ទុកចោល​កូន​ឱ្យនៅ​ម្នាក់ឯង​ដែល​អាច​នាំឱ្យមាន​គ្រោះថ្នាក់​លង់ទឹក​បណ្តាលឱ្យ​បាត់បង់​ជីវិត ៕S/