​ទឹកទន្លេ​នៅខេត្តកំពង់ចាម​អាច​នឹង​ឡើង​លើស​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​

180
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​ពី​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម គឺអាច​នឹង​ហក់​ឡើង​ពី​កម្ពស់​១៤,១០​ម៉ែត្រ ដល់ ១៥,២៤​ម៉ែត្រ ក្នុង​រង្វង់​ពីថ្ងៃ​ទី ៥​ដល់​៧​ខែកញ្ញា​នេះ។​កម្ពស់​ទឹក​ក្នុង​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយនេះកម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ននៅកម្ពស់​១៥,២០​ម៉ែត្រ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹងថា សម្រាប់​ព្រឹក​ថ្ងៃទី ៤​ខែកញ្ញា​នេះ​ទឹក​មាន​កម្ពស់​១៣,៦០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​៣​ម្សិលមិញ​០,២៧​ម៉ែត្រ​។​គឺ​នៅសល់​កម្ពស់​១,៨០​ម៉ែត្រ​ទៀត​ដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ​។​ដើម្បី​ត្រៀម​បង្ការ​ពី​គ្រោះទឹកជំនន់​នេះ​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​យក​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​ដំឡើង​ទុក​សម្រាប់​បូម​រំដោះ​ទឹក​ចេញពី​ប្រព័ន្ធ​លូ​មេ​ក្នុង​ក្រុង​កំពង់ចាម​នៅ​ចំណុច​ខាងក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ខេត្តកំពង់ចាម​គឺ​ថ្ងៃទី​៥​ទឹកទន្លេ​មេគង្គ​អាច​នឹង​ហក់​ឡើង​កម្ពស់​ដល់​១៤,១០ ម៉ែត្រ​, ថ្ងៃទី​៦​ឡើង​កម្ពស់​ដល់​១៤,៧៩​ម៉ែត្រ​និង​ថ្ងៃទី​៧​ខែកញ្ញា​ឡើង​កម្ពស់​ដល់ ១៥,២៤ ម៉ែត្រ​។​

លោក វិបុល បាន​បន្តថា​ទាក់ទង​នឹង​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​កាលពី​២០១៨​គឺ​ហក់​ឡើងដល់​កម្ពស់ ១៥,៥៧ ម៉ែត្រ​នៅ​ថ្ងៃទី​១​ខែកញ្ញា ឆ្នាំ​២០១៨​។ ប៉ុន្តែ​សម្ពស់​ទឹកជំនន់​ដដែល​នេះ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៤ ខែកញ្ញា នេះ គឺ​កម្ពស់​នេះ​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ទឹក​មាន​កម្ពស់ ១៥,៣២ ម៉ែត្រ គឺ​ខ្ពស់ជាង​ឆ្នាំ​២០១៩​នេះ ១,៧២ ម៉ែត្រ​៕S/​សរន


#