​ទឹកធ្លាក់​ក្បាល​ព្រះ​សម្រស់​ថ្មី​នៃ​ក្រុង​សែន​មនោ​រម្យ​

507

(មណ្ឌល​គី​រី)៖ ទឹកធ្លាក់​ក្បាល​ព្រះ គឺជា​តំបន់​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៍ ទាំង​ជាតិ​និង​អន្តរ​​ជាតិ ដែល​បាន​បង្កប់ខ្លួន​ក្នុងព្រៃ​ធម្មជាតិ​មួយ មាន​ទីតាំង​ក្នុងភូមិ​ពូ​ត្រំ សង្កាត់​រម្យ​នា ក្រុង​សែន​​មនោ​រម្យ ។​

​តំបន់​ទឹកធ្លាក់​ក្បាល​ព្រះ មាន​ចម្ងាយ​តែ​ប្រមាណ​១៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រូបសំណាក​​គោព្រៃ នៃ​ក្រុង​មនោ​រម្យ ។ អ្នកទេសចរ​ដែល​បាន​ទៅដល់​ទីនោះ តែងតែ​ទទួលបាន​បទ​ពិ​សោ​​ធ​ន៍ ពី​ការដើរ​កម្សាន្ត​ព្រៃព្រឹក្សា​ធម្មជាតិ​ដ៏​ស្រស់បំព្រង ទាំង​នៅ​រដូវវស្សា និង​រដូវប្រាំង ។នេះ​​បើតាម​គេហទំព័រ​ក្រសួងបរិស្ថាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧ ។​

​ពួកគេ​អាច​ងូតទឹក​ធ្លាក់​ដ៏​ស្រស់ស្អាត​នេះ ក្រោម​ម្លប់​ព្រៃឈើ​ត្រជាក់​ល្ហឹម ។ ក្នុងអំឡុង​​ពេលនា​រដូវវស្សា គឺ​ទឹកធ្លាក់​ក្បាល​ព្រះ មាន​ទំហំ​មុខកាត់​ជិត​៤០​ម៉ែត្រ នឹង​កម្ពស់​ប្រមាណ​៨​ម៉ែ​​ត្រ រីឯ​នៅ​រដូវប្រាំង​វា​បង្រួម​នៅត្រឹម​២០​ម៉ែត្រ នឹង​កម្ពស់​ប្រមាណ​ជិត​១០​ម៉ែត្រ ។

​បើទោះបី​យ៉ាងណាក៏ដោយ ក៏​សម្រស់​ធម្មជាតិ​នៃ​ទឹកធ្លាក់​ក្បាល​ព្រះ នៅតែ​ស្រស់​ស្អា​​ត ជាមួយនឹង​ទឹក​ត្រជាក់​ល្ហឹម​ក្រោម​ម្លប់​ត្រឈឹងត្រឈៃ នៃ​ដើមឈើ​តូចធំ ដែល​អាច​ឲ្យ​អ្នក​ទេ​​សចរ​ចុះ​ងូតទឹក និង​ហែល​ក្នុង​ថ្លុក​អាងទឹក​ធម្មជាតិ​យ៉ាង​សប្បាយរីករាយ ជាពិសេស នៅ​រដូវ​​កាលដែល​មានបុណ្យ​ជាតិ និង​ពេល​សម្រាក​ពី​ការងារ ៕ ​ដោយៈ​សម្បត្តិ​កញ្ញា​/sn

ទិដ្ឋភាព​ទឹកធ្លាក់​ក្បាល​ព្រះ ( រូប​ក្រសួងបរិស្ថាន​)