​ទឹក​ក្តៅ​ខ្លាំង​បណ្តាលឱ្យ​ត្រី​ចិញ្ចឹម​ក្នុង​បែរ​ងាប់​អស់​ជាច្រើន​តោន​នៅ​ក្រុង​កំពង់ឆ្នាំង​

1293
ចែករម្លែក

ដោយ​៖​សន សក្តា​/​កំពង់ឆ្នាំងៈ​ត្រី​ចិញ្ចឹម​ក្នុង​បែរ​តាម​ដង​ទន្លេ​ស្ថិតក្នុង​សង្កាត់​ខ្សា​ម និង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រមាណ​ជាង​១២​តោន​បាន​ងាប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ង​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ដោយសារតែ​ទឹកទន្លេ​បាន​ស្រក​ចុះ​យ៉ាងគំហុក និង អាកាសធាតុ​ក្ដៅ​ខ្លាំង​។ ប៉ុន្តែ​មកដល់នឹង​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០១៨​នេះ ត្រី​ឈប់​ងាប់​ទៀតហើយ ក្រោយពី​មន្ត្រី​ជំនាញ​ចុះទៅ​អន្តរាគមន៍ និង មាន​វិធានការ​មួយចំនួន​។​

ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​បាន​និយាយ​ឱ្យដឹងថា ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​​ទឹកទន្លេ​បាន​ស្រក​ចុះ​យ៉ាងគំហុក​បណ្តាលឱ្យ​ទឹក​រាក់ រួម​ជាមួយនឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បានធ្វើអោយ​ត្រី​ដែល​ពួកគាត់​ចិញ្ចឹម​នៅក្នុង​បែ​ងាប់​ជា​បន្តបន្ទាប់ ពី​២០០​គីឡូក្រាម​ទៅ​៣០០​គីឡូក្រាម​ក្នុង​មួយ​គ្រួសារ​។​ត្រី​ចិញ្ចឹម​ដែល​ងាប់​ទាំងនោះ​មាន​ត្រី​ខ្យា ត្រី​ប្រា ត្រី​ពោ ត្រី​ព្រលូង និង ប្រភេទ​ត្រី​មួយចំនួនទៀត​។​ត្រី​ប្រភេទ​នេះ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ដែល​ធ្វើឱ្យ​ពួកគាត់​ខាត​ប្រាក់​រាប់ពាន់​ដូ​ល្លា​ផងដែរ​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា​នេះ​ថា ក្រោយពី​ទទួលបាន​ព័​ត៌​ថា​មាន​ត្រី​ងាប់​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង និង​បាន​ជួយ​ពន្យល់​ណែនាំ​អំពី​វិធាន​ការបង្ការ​ទប់ស្កាត់​មិនអោយ​ត្រី​ងាប់​ជា​បន្តទៀត​ផងដែរ​។​

​បញ្ហា​ដែល​បណ្ដាលឱ្យ​ត្រី​ក្នុង​បែ​របស់​ប្រជាពលរដ្ឋ​ងាប់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គឺ បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង គឺ​ឡើងដល់​កម្រិត​ជិត ៤០ អង្សា​សេ ខណៈ​ជម្រៅ​ទឹកទន្លេ​នៅក្នុង​តំបន់​របស់​ពួកគាត់​រស់នៅ និង ចិញ្ចឹម​ត្រី​នោះបាន​ស្រក​មក​នៅត្រឹម​ចន្លោះ​ពី ១,៥ ម៉ែត្រ​ទៅ ៣ ម៉ែត្រ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ទឹក​ឡើង​កំដៅ និង​កង្វះ​ខ្យល់​អុកស៊ីសែន​។ ប៉ុន្តែ​មកដល់នឹង​ពេលនេះ ( ថ្ងៃ​២៦​មេសា )​ត្រី​ឈប់​ងាប់​ទៀតហើយ​៕S/

​ទឹក​ក្តៅ​ខ្លាំង​បណ្តាលឱ្យ​ត្រី​ចិញ្ចឹម​ក្នុង​បែរ​ងាប់​អស់​ជាច្រើន​តោន​នៅ​ក្រុង​កំពង់ឆ្នាំង​