​ទឹក​ផ្លែក្រូច​ស្រស់​ល្អ​ដល់​ថ្នាក់​នេះ​ផង

440
ចែករម្លែក

ទឹកក្រូច​ស្រស់ គឺ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ញា​ញ់ និង​ធ្វើឱ្យ​អ្នក​នូវ​អារម្មណ៍​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សុខភាព​បានជា​ច្រើន​ផងដែរ​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​សារធាតុ​សំខាន់ៗ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​។

១. សុខភាព​បេះដូង​

​អត្ថប្រយោជន៍​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ស្រស់ គឺ​ជួយ​ទប់ស្កាត់​បញ្ហា​ជំងឺ​បេះដូង​។ ក្រូច​មាន​ផ្ទុក​សារធាតុ Hesperidin ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការស្ទះ​តាមរយៈ​ការពង្រឹង​សុខភាព​នៃ​កោសិកា​។ ដូច្នេះ​គ្រាន់តែ​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់ ១ កែវជា​ប្រចាំ ក៏​អាច​កាត់បន្ថយ​
​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​បាន​យ៉ាង​ប្រសើរ​ដែរ​។​

២. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​ក្រូច​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ ជាពិសេស​បំបាត់​អាកា​រៈ​ទល់លាមក​។​

៣. បញ្ចុះ​សម្ពាធ​ឈាម​

​សារធាតុ Hesperidin ដែលមាន​ផ្ទុក​នៅក្នុង​ទឹកក្រូច​ស្រស់ គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក ក៏ដូចជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​នៃ​ស​សៃ​ឈាម​តូចៗ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ទឹកក្រូច​ច្របាច់​ស្រស់​ទៀងទាត់​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ក៏ដូចជា​បញ្ហា​សម្ពាធ​ឈាម​។​

៤. សុខភាព​ឆ្អឹង​

​នោះ​ក៏​ព្រោះតែ​ទឹកក្រូច​ស្រស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម​និង​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​និង​ភាពរឹងមាំ​នៃ​ឆ្អឹង​មិនអោយ​ឆាប់​បាក់​។​

៥. ទប់ស្កាត់​ជំងឺមហារីក​

​ក្រូច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​។ ការ​ទទួលទាន​ទឹកក្រូច​ស្រស់​ជាប្រចាំ​ជួយ​រក្សាសុខ​ភាពល្អ​នៃ​កោសិកា DNA មិនឱ្យ​ប្រែក្លាយជា​កោសិកា​មហារីក​។​

៦. ទប់ស្កាត់​គ្រួស​ក្នុង​តម្រងនោម​

​ទឹកក្រូច​ស្រស់​មាន​ផ្ទុក​អាស៊ីត​ស៊ី​ត្រាត និង​ស៊ី​ទ្រិ​ក​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀសផុត ឬ​ឆាប់​ជា​ពី​ជំងឺ​គ្រួស​ក្នុង​តម្រងនោម ចូរ​ព្យាយាម​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​។​

៧. ទប់ស្កាត់​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​

​ការទទួល​ទាន​ផ្លែឈើ​រសជាតិ​ជូរ ដូចជា​ផ្លែក្រូច និង​ទំពាំងបាយជូរ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ស្រី​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត សមាគមន៍​បេះដូង​អាមេរិក​បានផ្តល់​អនុសា​សន៍​ថា អ្នក​គួរ​ទទួលទាន​ផ្លែក្រូច​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​បាន​ដល់​ទៅ ១៩ ភាគរយ​ឯណោះ​។​

៨. សុខភាព​ស្បែក​

​ទឹកក្រូច​ស្រស់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C វីតាមីន A និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​សម្រាប់​ព្យាបាល​របួស ក៏ដូចជា​ទប់ស្កាត់​ការខូចខាត​នៃ​ស្បែក​ផងដែរ​។ វីតាមីន A ជួយ​បង្កើន​ការផលិត​កោសិកា​ឡើងវិញ​។ ការរួមបញ្ចូល​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​អាចជួយ​ពន្យឺត​រោគសញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក រួមបញ្ចូល​ទាំង​ស្នាម​ជ្រីវជ្រួញ និង​ស្បែក​ស្រអាប់​ជាដើម​៕ ដោយៈ health.com.kh