​ទឺ​ក​ចិត្ត​ឪពុកម្តាយ​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប​ដែល​សិស្ស​ត្រូវ​ចងចាំ​និង​ខិតខំ​រៀនសូត្រ​

938
ចែករម្លែក

ដោយៈដេប៉ូ​/​ភ្នំពេញៈ​ការប្រឡង​បាក់​ឌុប​បានបញ្ចប់​ហើយ ប៉ុន្តែ​អ្វីដែល​គេ​ចងចាំ​និង​អារម្មណ៍​នៅតែ​ដិតដាម​មិនអាច​បំភ្លេចបាន​នោះ​គឺ​ទឹកចិត្ត​ឪពុកម្តាយ​ដែល​តែង​ព្រួយបារម្ភ​ទៅលើ​កូនៗ​ជាទី​ស្រឡាញ់​របស់ខ្លួន ក្នុង​ពេលដែល​ប្រឡង​ដ៏​សំខាន់​ក្នុង​ជីវិត​មួយ​នេះ​។​

ទឺ​ក​ចិត្ត​ឪពុកម្តាយ​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប​ដែល​សិស្ស​ត្រូវ​ចងចាំ​និង​ខិតខំ​រៀនសូត្រ​

​​ការប្រឡង​បាក់​ឌុប​អាច​ចាត់ទុកថា​ជាការ​ប្រឡង​នៃ​របត់​ជីវិត​ដ៏​ធំ​សម្រាប់​កំណត់​ទិសដៅ​របស់​បេក្ខជន​ក្នុងការ​ឈោង​ចាប់​ការសិក្សា​បន្ត​ឬក៏​បន្ត​យកមុខ​ជំនាញ​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​បន្តិចទៀតនេះ​។​

​ទាំង​ថ្ងៃទី​២០​ខែសីហា​ដែលជា​ថ្ងៃ​ប្រឡង​ទី​១​និង​ថ្ងៃទី​២២​ខែសីហា​ជា​ថ្ងៃ​ប្រឡង​បញ្ចប់​បាក់​ឌុប​គេ​ឮ​តែ​ឪពុក​ម្តាយ​សាកសួរ​ទៅកាន់​កូនប្រុស​-​ស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​នូវ​ពាក្យ​មួយ​ឃ្លា​ថា “​ធ្វើ​ត្រូវ​ទេ​កូន​ឬក៏​យ៉ាងម៉េច​វិញ្ញាសារ​ថ្ងៃនេះ​កូន​…”​។​

​វា​ជា​ពាក្យ​សាកសួរ​សាមញ្ញ​ទេ​បើ​គេ​មិនបាន​ដឹង​ពី​ជម្រៅ​ចិត្ត​របស់​ឪពុកម្តាយ ប៉ុន្តែ​ពាក្​ទាំងនេះ ​វា​បាន​បង្កប់​នូវ​អារម្មណ៍​ក្តុក​ក្តុល​និង​ព្រួយបារម្ភ​របស់​ពួកគាត់​មិនតិច​សោះឡើយ​ចំពោះ​កូនៗ​ជាទី​ស្រឡាញ់​របស់ខ្លួន​។​

​សំឡេង​ទាំងនេះ​គេ​អាច​ស្តាប់ឮ​ទាំង ល្វើយៗ​និង​សម្លេង​ឮ​ផ្ទាល់​ត្រចៀក​និង​ព្រមទាំង​ឃើញ​ផ្ទាល់​ភ្នែក​ផងដែរ​។​នេះ​បើ​អ្នក​បាន​ទៅកាន់​ទី​មណ្ឌល​ប្រឡង​នីមួយៗ​ក្នុងពេល​ការប្រឡង​បាក់​ឌុប​នា​កន្លងមក​។​វា​ជា​ពាក្យ​ស័ព្ទ ដែល​​អ្នក​សារពត៌មាន​យើង​បាន​ស្តាប់ឮ​ក្នុងពេល​ចុះ​ទៅយក​ពត៌មាន​យ៉ាងហោចណាស់​៣​មណ្ឌល​ទាំង​ថ្ងៃទី​២០-២១​ខែសីហា​ឆ្នាំ​២០១៨​។​

ទឺ​ក​ចិត្ត​ឪពុកម្តាយ​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប​ដែល​សិស្ស​ត្រូវ​ចងចាំ​និង​ខិតខំ​រៀនសូត្រ​

​​រូបភាព​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​នៅ​មណ្ឌល​វិទ្យាល័យ​បឹងត្របែក​ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ការប្រឡង​បាក់​ឌុប​។​ក្នុង​សម្លៀកបំពាក់​សំពត់​ទឹកប៊ិច អាវ​ស​ដៃ​វែង​បេ​ក្ខ​នារី​ដែល​ដើរ​ចេញពី​មណ្ឌល​មួយរូប​មានទឹក​មុខស្រងូត​ស្រងាត់​បាន​ដើរ​តម្រង់​មកកាន់​ម្តាយ​ដែល​កំពុង​ភ្នែក​រំពៃ​រង់ចាំ​កូន​នៅ​ផ្នែក​ខាង​ក្រៅរបង​សាលារៀន​។​

​គ្រាន់តែ​កូន​មកដល់​ភ្លាម​ម្តាយ​មិន​ភ្លេច​ទេ​សាកសួរ​ទៅ​កូន​ភ្លាម​នូវ​ពាក្យ​មួយ​ឃ្លា​ថា “​ធ្វើ​ត្រូវ​ទេ​កូន​ថ្ងៃនេះ​?” គ្រានោះ​កូនស្រី​ឆ្លើយតប​ទាំង​អារម្មណ៍​ហាក់​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ថា “​ខ្ញុំ​ធ្វើ​ចប់​ប៉ុន្តែ​មិនដឹង​ខុសត្រូវ​ទេ​ម៉ែអើយ​!…​ព្រោះ​ខ្ញុំ​មិនសូវ​ចេះ​ទេ​វិញ្ញាសារ​គណិតវិទ្យា​ចុងក្រោយ​នេះ​”​។​គ្រាន់តែ​ឮ​កូន​ឆ្លើយតប​បែបនេះ​ម្តាយ​ទម្លាក់​ទឹកមុខ​បង្កប់​ដោយ​ក្តី​អស់សង្ឃឹម​ជាមួយ​កូនស្រី​មួយ​រំពេច​ទៅជា​មួយ​ផងដែរ​។​
​ ​តាមពិត​ស្ត្រី​វ័យ​ខ្ទង់​៤០​ប្លាយ​រូបនេះ​គឺ​អ្នកស្រី លន់​ចាន់ថា​ជា​អ្នករស់នៅ​ខេត្តតាកែវ​ដែល​បាន​បញ្ជូន​កូនស្រី​មក​រៀន​នៅ​ភ្នំពេញ​។​គាត់​មក​ភ្នំពេញ​លើក​នេះ​អស់​រយៈពេល​៥​ថ្ងៃ​ហើយ​ដើម្បី​លើកទឹកចិត្ត​កូន​ក្នុងពេល​មក​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ​។​អ្នក​សារពត៌មាន​យើង​សុំ​ថតរូប​ដើម្បី​បង្ហាញ​ប្រិយមិត្ត​អ្នកអាន​ក្នុង​ទឹក​ចិត្ត​ដ៏​ប្រពៃ​មួយ​នេះ។ ប៉ុន្តែ​គាត់​សុំទោស​និង​បដិសេធ​។​
​ ​
នេះ​គ្រាន់តែ​ជា​រូបភាព​មួយ​ដែល​អ្នក​សារពត៌មាន​យើង​លើកមកបង្ហាញ​ប្រិយមិត្ត​អ្នកអាន​ប៉ុណ្ណោះ​។​តាមពិត​មាន​រូបភាព​ស្រដៀងៗ​គ្នា​នេះ​ច្រើនណាស់​នៃ​ទឹកចិត្ត​ឪពុកម្តាយ​ក្នុងពេល​ប្រឡង​បាក់​ឌុប​កន្លងមក​។​

​សូមបញ្ជាក់ថា​រៀងរាល់​ការប្រឡង​បាក់​ឌុប​គេ​ឃើញ​ឪពុកម្តាយ​និង​អាណាព្យាបាល​ជាច្រើន​តែង​មក​រង់ចាំ​ខាងក្រៅ​របង​មណ្ឌល​ប្រឡង​កូនៗ​របស់ខ្លួន​។​ការ​មាន​វត្តមាន​របស់​ពួកគាត់​នេះ​ម្នាក់ៗ​សុទ្ធតែ​បញ្ចាក់​ប្រាប់​ពី​ការលើក​ទឺ​ក​ចិត្ត​និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ​ក្នុង​ថ្ងៃ​ប្រឡង​ដ៏​សំខាន់​នេះ​ទាំងអស់​៕សរន