​ទូក​.​ង​វែង​ជាងគេ​លើ​ពិភពលោក​ត្រូវបាន​ភ្ជាប់​ចេញ​ជា​រូបរាង​

2544
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក បាន​ដឹកនាំ​ក្រុមការងារ​ធ្វើ​ពិធី​ក្រុង​ពាលី តាម​ប្រពៃណី​សាសនា ដើម្បី​ភ្ជាប់​ទូក​ពីមួយ​កំណាត់​ទៅមួយ​កំណាត់ កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។

​ពិធី​ក្រុង​ពាលី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក​ងិន បា​ណា​ល់​អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ​ផលិត​ទូក​ព្រមទាំង​អ្នកមុខអ្នកការ​និង​សាធារណជន​ជាង​១២.០០០​នាក់​។​

ការតភ្ជាប់​ទូក​ពីមួយ​កំណាត់​ទៅមួយ​កំណាត់ គឺ​បន្ទាប់ពី​ក្រុម​ជាង​ជំនាញ បាន​លុង និង​បើក​សាច់​ទូក ដើម្បី​ទាន់ពេល ក្រុម​ជាង​ជំនាញ​បាន​សម្រុក​ធ្វើ​ទូក​នេះ​ទាំងថ្ងៃទាំងយប់ ដោយ​មកដល់ពេលនេះ ការ​ឆ្លាក់​ក្បាល​នាគ (​ក្បាលទូក​) និង​កន្ទុយ​ហង្ស (​កន្ទុយ​ទូក​) ក៏​ជិត​រួចរាល់​ជា​ស្ថាពរ​ដែរ​។​

​ទូក ង វែង​ជាងគេ​លើ​ពិភពលោក​នេះ មាន​ប្រវែង​៨៥.៥​ម៉ែត្រ ដោយ​ផ្ទុក​ចំណុះ​ទូក​ចំនួន​១៧៩​នាក់​។ ទូក​នេះ ធ្វើ​អំពី​ឈើ​គគីរ យ៉ាងតិច​៦​ដើម ដោយ​៣​ដើម​ធ្វើ​តួ​ទូក និង​៣​ដើម​ទៀត​ធ្វើ​ក្បាល កន្ទុយ និង​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​។

តាម​គម្រោង​ទូត ង វែង​ជា​គេ​នៅលើ​ពិភពលោក​នេះ នឹងធ្វើ​រួចរាល់​នៅក្នុង​ខែសីហា ខាងមុខនេះ​។ បន្ទាប់ពី​ធ្វើ​រួច​គណៈកម្មការ World Guiness Record នឹង​អញ្ជើញ​ចុះមក​ពិនិត្យមើល​ដើម្បី​វាយតម្លៃ​ក្នុងការ​ដាក់​ទូក ង វែង​ជា​គេ​នៅក្នុង​កំណត់ត្រា​ពិភពលោក​។ ទូក ង វែង​ជាងគេ​នៅលើ​ពិភព ដែល​កម្ពុជា​កំពុងតែ​ធ្វើ​នេះ នឹង​អាច​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​។​

​លោ​កស សុខា បាន​បញ្ជាក់ថា គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាងគេ​លើ​ពិភពលោក មាន​ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់ គឺ​ដើម្បី​បំបែក​ឯក​ត​ទគ្គ​កម្ម​ពិភពលោក​។ ដើម្បី​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ​ស្នារ​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​។

ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​កាន់តែច្បាស់​ថា​កម្ពុជា​អាចបង្កើត​ស្នារ​ដៃ​ដ៏​អស្ចារ្យ​មួយ និង​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។​

លោក​បាន​បន្តថា “​ការធ្វើ​ទូកង​វែង​ជាងគេ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន​អ្វី ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក​។ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាមរយ​:​ការកសាង​ទូក ង វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ​។

ដើម្បី​បណ្តុះ​ឆន្ទ​:​កូន​ខ្មែរ​យើង ឱ្យ​នាំគ្នា​បង្កើត​នូវ​អ្វីដែល​អស្ចារ្យ​សំរាប់​ខ្មែរលើ​ឆាក​អន្តរជាតិ ចៀសវាង​ការយក​ពេលវេលា​មាន​តំលៃ ទៅ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង បង្ហោះ​ម៉ូតូ និង​ក្មេង​ទំនើង ជាដើម​”​។​

​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕S/​

​ទូក​.​ង​វែង​ជាងគេ​លើ​ពិភពលោក​ត្រូវបាន​ភ្ជាប់​ចេញ​ជា​រូបរាង​