​ទូត​អាមេរិក​ជួប​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ និយាយអំពី​ស្ថានការណ៍​នយោបាយ និង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​

9946

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វីលៀម ហៃ​ស៍ (William A. Heidt) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ទាក់ទង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ការ ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ មកពី​សហរដ្ឋអាមេរិក​។​

ឯកអគ្គរដ្ឋទូត​អាមេរិក​ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ ​នៅក្នុង​ជំនួប​នោះ​លោក​ទូត​បានលើកឡើង អំពី​ដំណើរការ បន្ទាប់ពី​កិច្ចសម្ភាសន៍​របស់​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​បាន​បញ្ចប់ទៅ កាលពី​សប្តាហ៍​មុន​។​
​ ​ជាការ​ឆ្លើយតប​ចំពោះ ការ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា កម្ពុជា​នៅតែ​ឯកភាព​ទៅតាម​អ្វី ដែល​បាន​ព្រម ព្រៀងគ្នា និង​អ្វីដែល​បានធ្វើ​សម្ភាសន៍ កន្លងមកនេះ ដោយ​គ្រាន់តែ​ស្នើសុំ​ពិចារណា​ពន្យា​ពេល​ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែលមាន​ជំងឺ​ធ្ងន់​រង់ចាំ​ឲ្យ​គាត់​ព្យាបាល​ជំងឺ​រួចរាល់ហើយ​កម្ពុជា នឹង​ទទួលយក ស្របទៅតាម​អ្វីដែល​បាន​ព្រមព្រៀងគ្នា​។​
​ ​ឯកអគ្គរដ្ឋទូត​អាមេរិក ក៏បាន​លើកឡើង អំពី​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ទៅដល់​សហរដ្ឋអាមេរិក នៅ​ក្រោយ​​​ឆ្នាំ​១៩៩៤ តើ​កម្ពុជា មាន​ជំហរ​បែបណា​ចំពោះ​បញ្ហា​នេះ​? ។ ​ចំពោះ​បញ្ហា​នេះ សម្តេច​ក្រឡាហោម បាន​ឆ្លើយតប​ថា ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ទៅដល់​សហរដ្ឋអាមេរិក នៅក្រោយ​ឆ្នាំ​១៩៩៤ គឺ​កម្ពុជា​សុំ​ឲ្យ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ទៅលើ​ករណីនេះ​។ សម្តេច​បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក ចាត់​មន្ត្រី​ជំនាញ ធ្វើការ​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា និង​មន្ត្រី​អគ្គ​រដ្ឋបាល​ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន​​ក្រសួង​​មហាផ្ទៃ ដើម្បី​ពិនិត្យ​ករណីនេះ ឲ្យ​បាន​ជាក់ស្តែង​ថា តើ​គួរ​រក​ដំណោះស្រាយ បែប​ណាមួយ​សមស្រប​។​
​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ឯកអគ្គរដ្ឋទូត​អាមេរិក បាន​លើកឡើងថា អរគុណ​ដល់​សមត្ថ​កិច្ច​កម្ពុជា​ដែល​បាន​ជួយ​ទប់ស្កាត់​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អនាចារ មកលើ​កុមារ ចំនួន​១៣​រូប មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​។ អាមេរិក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ទប់ស្កាត់​សកម្ម​ភាព​ជន​ប្រព្រឹត្ត​អំពើ​អនាចារ​ជា​បន្តទៀត​។ ដោយសារ​ថា អាមេរិក ក៏បាន​ទទួល​ព័ត៌មាន​មួយចំនួន ពាក់ព័ន្ធ​នឹង​ជន​មួយ​ចំនួន ដែល​ប្រព្រឹត្ត​អំពើ​អានា​ចា​រលើ​កុមារ ហើយ​កំពុងតែ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទាក់ទង​កិច្ចសហការ រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​រវាង​អាមេរិក កម្ពុជា សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ក្រសួងមហាផ្ទៃ ក៏ដូចជា​ភ្នាក់ងារ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក ស្ថាប័ន FBI និង​ភ្នាក់ងារ​ដទៃទៀត​របស់​អាមេរិក លើ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការងារ​ប្រយុទ្ធប្រឆាំងអំពើ​អនាចារ​លើ​កុមារ ដោយ​គ្មានអ្វី​ប្រែប្រួល​ទេ រវាង​កិច្ចសហប្រតិបត្តិការ លើ​កិច្ចការងារ​ទាំងនេះ​។​
​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​អាមេរិក ក៏បាន​លើកឡើង អំពី​ដំណើរ​វិ​វត្ត​ចុងក្រោយ អំពី​ស្ថានភាព​នយោបាយនៅ​កម្ពុជា​ផងដែរ និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​។​
​ ​សម្តេច​ក្រឡាហោម បាន​ជម្រាប​ទៅវិញ​ថា អ្វីៗ​ដែល​ក្រសួងមហាផ្ទៃ បានធ្វើ​កន្លងមកនេះ គឺជា​ការអនុវត្ត​ច្បាប់ ស្របទៅតាម​ច្បាប់​ជា​ធរមាន និង​ក្នុងនាម​ក្រសួង មហាផ្ទៃ​កម្ពុជា គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​។ កម្ពុជា​តែង​ចាត់​ទុក​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ គឺជា​ដៃគូ​របស់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាលក៏​ចង់បាន​ឲ្យ​អង្គការ​​មិនមែនរដ្ឋាភិបាល​ទាំងនោះ ចាត់ទុក​រដ្ឋាភិបាល គឺជា​ដៃគូ​ទៅវិញទៅមក ពីព្រោះ​យើង​ធ្វើការ​ទាំងអស់គ្នា​ដើម្បី​​​ផលប្រយោជន៍​រួម​។​
​ ​សម្តេច​ក្រឡាហោម បានបញ្ជាក់​ជូន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា ចំពោះ​កិច្ចការងារ​ផ្សេងៗ ដែលក្រសួងមហាផ្ទៃ មាន​ជាមួយ​សហរដ្ឋអាមេរិក នៅតែ​បន្ត​កិច្ចសហប្រតិបត្តិ ការ​ជាមួយគ្នា ដើម្បី​ផលប្រយោជន៍​រួម ដើម្បី​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ ហេតុនេះ សូម​ឲ្យ​ធ្វើ​កិច្ចសហការ​ជាមួយគ្នា​ឲ្យ​បានល្អ​ប្រសើរ​រវាង​អង្គការ​មិនមែន​រដ្ឋា​បាល ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕MN/ដោយៈមុនីរ័ត្ន

ឯកអគ្គរដ្ឋទូត​អាមេរិក​ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ មុនី​រ័ត្ន​)