​ទូទាំងប្រទេស​កម្ពុ​ជាមាន​កាកសំណល់​ជាង​១​ម៉ឺន​តោន​ជា​រៀងរាល់ថ្ងៃ​

330
ចែករម្លែក

​•​កាកសំណល់​គឺជា​ការព្រួយបារម្ភ​និង​ត្រូវការ​ដំណោះស្រាយ​ជាបន្ទាន់​

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការគ្រប់គ្រង​កាកសំណល់​គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នៅក្នុង​ប្រទេស​កម្ពុជា​។​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ការពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស​និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​រួមជាមួយ​នឹង​ការកើនឡើង​នូវ​ការប្រើប្រាស់​របស់​ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម និង​ខ្ពស់​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​។​នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​បានធ្វើឱ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិមាណ​កាកសំណល់​នៅក្នុង​ប្រទេស​កម្ពុជា​។

ចំណងជើង​រូបថត​៖​កិច្ចប្រជុំ​កំពូល​ស្ដីពី​កាកសំណល់​នៅ​កម្ពុជា​ឆ្នាំ​២០១៩ បាន​ត្រូវធ្វើឡើង នា​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០១៩​នៅ Factory Phnom Penh) រាជធានី​ភ្នំពេញ​(​រូប សុផល​)

​ជា​រៀងរាល់ថ្ងៃ គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើតឱ្យមាន​កាកសំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី ២.០០០​ទៅដល់​៣.០០០​តោន​។​ក្នុងនោះ​មាន​៦០០​តោន​គឺជា​កាកសំណល់​ប្លា​ស្ទិ​ក​។​ប្រទេស​កម្ពុជា​ទាំងមូល​បាន​បង្កឱ្យមាន​កាកសំណល់​ជាង​១​ម៉ឺន​តោន​ជា​រៀងរាល់ថ្ងៃ​ឬ​ច្រើនជាង​៣.៦​លាន​តោន​នៅក្នុង​មួយឆ្នាំ​។​

កំណើន​នៃ​ការបង្ក​កាកសំណល់​នេះ​រួមមាន​កាកសំណល់​គ្រប់​ប្រភេទ​ទាំងអស់​គឺ​កាកសំណល់​រឹង​ទីក្រុង​កាកសំណល់​ឧស្សាហកម្ម​កាកសំណល់​គ្រោះថ្នាក់​កាកសំណល់​សំណង់​និង​កាកសំណល់​ពី​ការ​វាយកម្ទេច​អគារ​ដែល​បង្កឱ្យមាន​ប​ញ្ហា​ប្រឈម​ជាច្រើន​។​

​ជាទូទៅ​បញ្ហា​នៅក្នុង​ការគ្រប់គ្រង​កាកសំណល់​មានដូចជា​កង្វះខាត​ការប្រមូល​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព្រឹត្ត​កម្ម​បច្ចេកទេស​ការបណ្ដុះបណ្ដាល​បច្ចេកទេស​បុគ្គលិក​ក៏ដូចជា​គោលនយោបាយ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។​កាកសំណល់​ដែល​ចេះតែមាន​ចំនួន​កើនឡើង​បង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​និង​បរិស្ថាន​ដែល​ត្រូវបាន​លើកឡើង​ជារឿយៗ​នៅក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បណ្ដាញ​សង្គម​នានា​។​

​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​សម្រាម​និង​កាកសំណល់​នេះ​កិច្ចប្រជុំ​កំពូល​ស្ដីពី​កាកសំណល់​នៅ​កម្ពុជា​ឆ្នាំ​២០១៩ បាន​ត្រូវធ្វើឡើង នា​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០១៩​នៅ​ហ្វាក់​ធើ​រី ភ្នំពេញ​(FactoryPhnomPenh) រាជធានី​ភ្នំពេញ​។​កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ការជួបជុំ​អង្គ​ប្រតិបត្តិ​ពី​សហគមន៍​ធុរកិច្ច​កម្ពុជា​អ្នករៀបចំ​គោលនយោបាយ​និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ព្រមទាំង​អង្គការ​បរិស្ថាន​និង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ផងដែរ​។ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បានរៀបចំ​ដោយ​មូលនិធិ​អាល្លឺម៉ង់ Konrad-Adenauer-Stiftung (KAS) ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​(ADW)​និង​អង្គការ​កែច្នៃ​សំរាម​និង​ការសិក្សា​នៅ​កម្ពុជា​(COMPED)​។​

គោលដៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​ដើម្បី​បង្កើត​កិច្ចពិភាក្សា​ដែល​លើកទឹកចិត្ត​ឱ្យមាន​ភាពជា​ដៃគូ​រវាង​អ្នកដោះស្រាយ​បញ្ហា​វិស័យ​សាធារណៈ​និង​ផ្នែក​ឯកជន​វិនិយោគិន​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​វិស័យនេះ​។​អ្នកចូលរួម​ជាង​៣០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​នៅក្នុង​កម្មវិធី​នេះហើយ​ក៏មាន​ការចូលរួម​ពី​អ្នករៀបចំ​ពិ​ព័ណ៌​ចំនួន​២៥ នាក់​ផងដែរ​។​

​លោក​បណ្ឌិត​DanielSchmücking​នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​ខុនរ៉ាដ​បាន​មានប្រសាសន៍ថា​“​យើង​មាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ដែល​អាចបង្កើត​កម្មវិធី​ជួបជុំ​មនុស្ស​ជាច្រើន​ដើម្បី​លើកឡើង​អំពី​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​នេះ​ដែល​នេះ​ជាការ​សបញ្ជាក់​ថា​កាកសំណល់​គឺជា​ប្រធានបទ​ដែល​ធ្វើឱ្យ​យើងទាំងអស់គ្នា​មានការ​ព្រួយបារម្ភ ហើយ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ដែល​នឹង​ជួយ​កែលម្អ​បរិស្ថាន និង​សង្គម​របស់​យើង​ទាំងមូល​”​។​

លោក​បាន​ថ្លែង​បន្ថែមថា​“​ខ្ញុំ​សង្ឃឹមថា​យើង​អាច​ចូលរួមចំណែក​នៅក្នុង​កា​រ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​ស្ដីពី​ការគ្រប់គ្រង​កាកសំណល់​។​យើង​មានឱកាស​ជាច្រើន​ដើម្បី​សម្រេច​កិច្ចការ​នេះ​”​។​កិច្ចប្រជុំ​នេះ​មាន​វាគ្មិន​មួយចំនួន​មកពី​រដ្ឋបាល​សាធារណៈ សង្គម​ស៊ីវិល​ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​និង​គំនិត​របស់ខ្លួន​តាមរ​យៈ​ការធ្វើ​បទ​បង្ហាញ​និង​ការពិភាក្សា​តុមូល​។​

​ប្រធានបទ​គឺ​ស្ដីអំពី​ចក្ខុវិស័យ​សម្រាប់​ការគ្រប់គ្រង​កាកសំណល់​ប្រកបដោយ​ប្រសិទ្ធភាព​ដំណោះស្រាយ​កាកសំណល់​ប្រកបដោយ​ជោគជ័យ​និង​មាន​ភាព​ច្នៃប្រឌិត​របស់​ប្រទេស​កម្ពុជា​ព្រមទាំង​ការចែករំលែក​បទពិសោធ​ន៍​របស់​ប្រទេស​អាល្លឺម៉ង់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​និង​កែច្នៃ​កាកសំណល់​។​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ឈានមុខ​គេ​លំដាប់​អន្តរជាតិ​នៅក្នុង​ការគ្រប់គ្រង​និង​កែច្នៃ​កាកសំណល់​ប្រកបដោយ​ជោគជ័យ​ហើយ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយចំនួន​កំពុងដំណើរការ​អាជីវ​កម្ម​នៅក្នុង​វិស័យ​គ្រប់គ្រង​កាកសំណល់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​អ្នកចូលរួម​ក៏មាន​ឱកាស​សួរ​និង​ឆ្លើយ​សំណួរចម្លើយ​ក្នុង​កិច្ចពិភាក្សា​ទាំងឡាយ​ដែលមាន​ក្នុង​កិច្ចប្រជុំ​កំពូល​តាមរយៈ​ការលើក​ជា​សំណួរ​ផ្សេងៗ​។​ក្រៅពីនេះ​កិច្ចពិភាក្សា​នេះ​ផ្ដល់នូវ​ឱកាស​ទំនាក់ទំនង​ដើម្បី​ជួប​ជាមួយនឹង​ដៃគូ​សក្ដានុពល​ហើយនឹង​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ដំណោះស្រាយ​បែប​ទំនើប​ការច្នៃប្រឌិត​និង​កម្មវិធី​ផ្សេងៗ​ពី​អ្នករៀបចំ​ពិ​ព័ណ៌​ជាច្រើន​នាក់​នៅក្នុង​កម្មវិធី​នោះ​ផងដែរ​៕S/