ដោយៈ រូបថត និងអត្ថបទ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា / ភ្នំពេញ: ប្រពន្ធរបស់គាត់ ទេព ស៊ុយអៀង បាននិយាយរៀបរាប់ប្រាប់ថា៖ ខ្ញុំបានស្រឡាញ់ការរៀនសូត្រនៅពេលដែលខ្ញុំនៅវ័យក្មេង ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំចង់ឲ្យខ្ញុំរៀបការ។ ទោះបីជាខ្ញុំបានពរពោះ ខ្ញុំនៅតែបន្តរៀនសូត្រទាល់តែពោះខ្ញុំរីកធំ។ បន្ទាប់មកឪពុកម្តាយរបស់ខ្ញុំបានឲ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងអាជីវកម្មមួយដែលមានស៊ីក្លូឲ្យអ្នកជួល។
ប្តីរបស់ខ្ញុំឈ្មោះ ទេព គីមទ្រី ជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុងភ្នំពេញ។ យើងមិនដែលបានជួបគ្នា រហូតដល់ថ្ងៃយើងភ្ជាប់ពាក្យ។ ខ្ញុំមិនបានសប្បាយចិត្តឡើយ ហើយបានព្យាយាមជៀសវាងជួបគាត់។ ទង្វើនេះដែលបានធ្វើឲ្យ ទ្រី សង្ស័យថាខ្ញុំមានមិត្តប្រុស នៅពេលនោះខ្ញុំមិនទាន់បានដឹងអំពីអត្ថន័យនៃស្នេហា។ យើងបានរៀបការនៅឆ្នាំ១៩៧៣។
ពិធីជប់លៀងមង្គលការបានបញ្ចប់នៅម៉ោង៨យប់។ នៅពេលដល់វេលាចូលគេង ទ្រី និងខ្ញុំបានសន្ទនាជាមួយគ្នាយ៉ាងយូរ។ នេះជាពេលដែលយើងត្រូវស្គាល់គ្នាយ៉ាងម៉េច។ នៅមុនថ្ងៃពិធីមង្គលការខ្ញុំបានហៅគាត់ថា “លោកគ្រូពេទ្យ” ប៉ុន្តែឆាប់ៗមកយើងបានចាប់ផ្តើមហៅគ្នាយ៉ាង ផ្អែមល្ហែម “បងសម្លាញ់ អូនសម្លាញ់”។ មួយឆ្នាំក្រោយមក ខ្ញុំបង្កើតបានកូនប្រុសមួយដែលមានស្បែកស្អាត ហើយដូចទៅនឹងឪពុករបស់គេ។ វាបានស្លាប់ដោយសារជម្ងឺកញ្ជ្រឹលនៅពេលដែលវាមានអាយុបីខែ។ ទ្រី និងខ្ញុំបានគាំងបេះដូង។
ឪពុករបស់ខ្ញុំឈ្មោះ ស៊ាម ស៊ុក (ខ្ញុំហៅគាត់ថាប៉េ)គាត់ស្រឡាញ់ខ្ញុំជាខ្លាំង ប៉ុន្តែគាត់ក៏ស្រឡាញ់លុយដែរ។ នៅពេលដែលយើងបានកំពុងជម្លៀសចេញពីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ គាត់មិនបានចេញទៅជាមួយគ្រួសាររបស់គាត់ទេ ប៉ុន្តែបានស្នាក់នៅក្រោយគេ មើលថែរក្សាលុយរបស់គាត់។ គាត់ក៏បានជឿខ្មែរក្រហម នៅពេលខ្មែរក្រហមនិយាយថាអ្នករាល់គ្នាអាចត្រឡប់ចូលក្រុងវិញក្នុងពេលបីថ្ងៃ ដូច្នេះគាត់បានពួននៅក្នុងផ្ទះទាល់តែយោធាខ្មែរក្រហមបង្ខំគាត់ឲ្យចេញ។ គាត់បានចាប់ផ្តើមរកយើងជាច្រើនថ្ងៃបន្ទាប់ពីអ្នកទាំងអស់គ្នាក្នុងគ្រួសារយើងបានចាកចេញពីទីក្រុង។ សាច់ញាតិរបស់យើងខ្លះបានយកថង់ប្រាក់ជាច្រើនមកតាមខ្លួន នៅពេលដែលគេបានចាកចេញពីភ្នំពេញ។ ប៉ុន្តែឪពុកខ្ញុំយកបានស៊ីក្លូមួយគ្រឿង។ មានរបស់របរជាច្រើនបានដាក់ចូលក្នុងស៊ីក្លូ ហើយបានដោះដូររបស់ទាំងនោះយកអង្ករ។ យើងមានអង្ករគ្រប់គ្រាន់សម្រាប់រយ:ពេលខ្លី។
ប៉េ មានជំងឺមួយយូរមកហើយ ដែលធ្វើឲ្យជើងគាត់ហើមដូច្នេះគាត់មិនអាចដើរបានឆ្ងាយ។ បន្ទាប់ពីគាត់បានជួបជុំគ្រួសារយើង ជើងរបស់គាត់បានវិវត្តទៅជាដំបៅក្លាយ និងឈឺចាប់ជាខ្លាំង។ គាត់បានសុំខ្ញុំឲ្យកាត់វាចោល។ នៅលើកដំបូង ខ្ញុំបានរួញរាព្រោះអីខ្ញុំខ្លាចវានឹងនាំមកនូវសំណាងអាក្រក់។ ម្តាយរបស់ខ្ញុំឈ្មោះ វ័ល កាក់គីម ក៏បានបដិសេធដែរនូវការសុំរបស់គាត់ ហើយបានប្រាប់គាត់ថា សំណាងរបស់ខ្ញុំនឹងអាក្រក់ប្រសិនជាគាត់ឲ្យខ្ញុំធ្វើរឿងនេះ។ ប៉ុន្តែ ប៉េបានអង្វរខ្ញុំឲ្យកាត់ជើងគាត់ គាត់និយាយថាវានឹងធ្វើឲ្យខ្ញុំទៅជាកូនស្រីរឹងមាំម្នាក់ ហើយខ្ញុំនឹងអាចធ្វើអ្វីបានទាំងអស់នៅអនាគត។ ខ្ញុំបានសម្រេចចិត្តជាចុងក្រោយ ហើយបានកាត់កជើងឪពុកខ្ញុំនៅកណ្តាលវាល។ ខ្ញុំបានពរពោះនៅពេលនោះ ហើយកូនរបស់ខ្ញុំបានកើតមកយឺត។
ឪពុករបស់ខ្ញុំបានស្លាប់នៅឆ្នាំ១៩៧៦ ដោយសារកង្វះខាតស្បៀងអាហារ។ ខ្ញុំបានកំពុងរស់នៅក្នុងភូមិមួយផ្សេងទៀត ហើយបានមកមើលគាត់នៅមុនពេលគាត់ស្លាប់។ យើងមិនមានបន្ទះក្តារគ្រប់គ្រាន់ធ្វើក្តារមឈូសសម្រាប់គាត់ទេ ហើយខ្មែរក្រហមមិនអនុញ្ញាតឲ្យពូនដីនៅលើផ្នូររបស់គាត់ ព្រោះអីអង្គការត្រូវការដីសម្រាប់ដាំស្រូវ។ ប៉ុន្តែអង្គការបានអនុញ្ញាតឲ្យយើងកាប់ឬស្សី ក្រងត្បាញនិងរុំសាកសព ដែលយើងដាក់នៅក្នុងវាលស្រែ។
ខ្ញុំបានពរពោះម្តងទៀត។ ខ្ញុំត្រូវបានបញ្ជាឲ្យទៅធ្វើការនៅវាលស្រែ។ នៅពេលនោះហ្វូងកណ្តុរបានបំផ្លាញស្រូវអស់មួយភាគធំ ដូច្នេះខ្ញុំត្រូវបានប្រាប់ឲ្យចាប់កណ្តុតទាំងនោះ។ ប្រធានកងរបស់ខ្ញុំបានខឹងខ្ញុំជាខ្លាំង ព្រោះអីខ្ញុំខ្លាចកណ្តុរនិងមិនចាប់បានមួយខ្មែរក្រហម។ ប្តីខ្ញុំបានដឹងរឿងនេះ ដូច្នេះគាត់ដាក់អន្ទាក់បានកណ្តុរខ្លះ ហើយលាក់កណ្តុរនោះទុកនៅវាលស្រែ។ បន្ទាប់មកគាត់បានឲ្យសញ្ញាសំគាល់ដល់ខ្ញុំ អញ្ចឹងខ្ញុំអាចរកកណ្តុរទាំងនោះឃើញ។ ខ្ញុំបានដើរជុំវិញជាមួយកណ្តុរ ហើយអ្នករាល់គ្នាគិតថាខ្ញុំចាប់បានកណ្តុរទាំងនោះ។ ខ្ញុំក៏ខ្លាចខ្មោចលងដែរ ប៉ុន្តែព្រោះអីយើងស្រេកឃ្លាន ខ្ញុំបានដើរទៅបឹងម្នាក់ឯងនៅពេលយប់ទៅរាវខ្ចង ចាប់ក្តាម និងដកព្រលឹត។
កូនទីបីរបស់ខ្ញុំ ឈ្មោះ ភីរម្យ បានកើតនៅពេលប្រទេសមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ឬគិលានុបដ្ឋាយិកា ហើយវាបានឈឺជារឿយៗ។ ទោះជាវាមានអាយុដល់បីឆ្នាំ ភីរម្យនៅតែមិនអាចដើរបាន។
នៅពេលមួយ ខ្ញុំបានពុលដោយសារដំឡូង ខ្ញុំហូបនៅពេលអាហារថ្ងៃត្រង់។ ខ្ញុំបានសុំមិត្តខ្ញុំម្នាក់កោសខ្យល់ឲ្យខ្ញុំ ប៉ុន្តែវាមិនបានជួយខ្ញុំបានធូរច្រើនឡើយ។ បន្ទាប់មកមិត្តខ្ញុំបានយកខ្ញុំទៅមន្ទីរពេទ្យជាទីដែលកម្មាភិបាល រិន ឲ្យខ្ញុំផឹកអស់។ បន្ទាប់ពីចូលក្នុងមាត់ភ្លាម ខ្ញុំស្រែកថាវាជាប្រេងកាត។ កម្មាភិបាល រិន បានស្រែកតបវិញថាវាជាថ្នាំពេទ្យ ប៉ុន្តែបន្ទាប់មកវាជាក្លិនប្រេងកាតហើយបានឆែកដបនោះមើល។ ជាចុងក្រោយកម្មាភិបាលបានដឹងថាខ្ញុំមិនបាននិយាយកុហក ហើយនិយាយថាមានអ្នកណាម្នាក់បានដាក់ដបប្រេងកាតនៅជិតដៃគាត់។
នៅអំឡុងចូលឆ្នាំខ្មែរនៅឆ្នាំ១៩៧៧ អង្គការបានឲ្យអ្នកភូមិទាំងអស់ឈប់សម្រាកបីថ្ងៃ ពីការងារនៅវាលស្រែ។ បងប្រុសរបស់ខ្ញុំឈ្មោះ កៀង គាត់ធ្លាប់ធ្វើជាគ្រូបង្រៀននៅក្រុងភ្នំពេញ គាត់បានត្រឡប់មកផ្ទះជាមួយប្តីខ្ញុំ ហើយបានលេងបាល់ទាត់។ កៀងបានលេងឈ្នះ ដែលធ្វើឲ្យគណ:ភូមិចង់ដឹងច្រើនអំពីប្រវត្តិរូបរបស់គាត់។ អង្គការបានបញ្ជាកៀងនិងអតីតគ្រូបង្រៀនពីរនាក់ផ្សេងទៀតឲ្យទៅជញ្ជូនខ្សាច់នៅក្នុងភូមិមួយទៀត។ ការបាត់ខ្លួនបងប្រុសខ្ញុំបានធ្វើឲ្យម្តាយខ្ញុំគាំងបេះដូង។ ការបាត់ខ្លួនប្រជាជនមានបន្តបន្ទាប់ បានធ្វើឲ្យខ្ញុំបារម្ភអំពីប្តីរបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងភូមិបានដឹងថាគាត់ធ្លាប់ធ្វើជាជាគិលានុបដ្ឋាយិកា។
យប់មួយនោះ នៅអំឡុងរដូវស្ទូងប្តីខ្ញុំមិនបានមកផ្ទះទេ។ នៅពេលដែលខ្ញុំមកដល់ខ្ទមរបស់យើង ម្តាយខ្ញុំបានយំ និយាយថាប្តីខ្ញុំត្រូវបានខ្មែរក្រហមចាប់ខ្លួន។ ខ្ញុំបានខ្យល់ចាប់នៅខណ:ដែលខ្ញុំបានឮពត៌មាននោះ។ នៅពេលដែលខ្ញុំចូលទៅ ម្តាយខ្ញុំបាននិយាយថាកម្មាភិបាលម្នាក់ឈ្មោះ ផុន បានចងដៃទ្រីក្រពាត់ទៅក្រោយខ្នង ហើយនាំគាត់ចេញទៅតាមទូក។ បន្ទាប់មកផុនបានមកផ្ទះយើង ដើម្បីរកនាឡិកាដៃរបស់ទ្រី។ ខ្ញុំបានកុហកហើយនិយាយថាខ្ញុំមិនអាចរកឃើញនាឡិកានោះទេ។
បន្ទាប់ពីបាត់បង់ប្តីខ្ញុំ ខ្ញុំបានបាត់បង់ភាពក្លាហានរបស់ខ្ញុំ។ ម្តាយខ្ញុំបានខឹងនឹងខ្ញុំហើយបានធ្វើឲ្យខ្ញុំ នឹកឃើញនូវពាក្យពេជន៏របស់ទ្រី: ខ្ញុំត្រូវតែតស៊ូនិងព្យាយាមប្រសិនបើគាត់មិនបាននៅជាមួយខ្ញុំ។ ពាក្យទាំងនោះបានដាស់តឿនខ្ញុំឲ្យក្រោកឡើង ចាប់ផ្តើមហូបនិងធ្វើការដូចធម្មតា។ បន្ទាប់មកខ្ញុំបានកោរសក់ក្បាល ដែលខ្ញុំអាចបន់ស្រន់ឧទ្ទិសដល់គាត់។
នៅដើមឆ្នាំ១៩៧៨ ម្តាយខ្ញុំបានធ្លាក់ខ្លួនឈឺជាខ្លាំង ដូច្នេះខ្ញុំបានសុំការអនុញ្ញាតពីអង្គការទៅធ្វើការនៅជិតផ្ទះដើម្បីមើលថែទាំគាត់។ ម្តាយខ្ញុំគាត់មានជម្ងឺចម្លែក ដែលពោះរបស់គាត់បានហើមធំ ដូចស្ត្រីមានទម្ងន់។ គាត់តែងតែមានអារម្មណ៏ឃ្លានជាខ្លាំង។ មួយខែក្រោយមក គាត់បានស្លាប់គួរឲ្យរន្ឋត់។
សំឡេងកាំភ្លើងបានឮនៅក្នុងភូមិរបស់យើងនៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានចូលមកចូលមកជិតយ៉ាងលឿន។ ក្មេងដែលកំពុងធ្វើការនៅទីឆ្ងាយពីឪពុកម្តាយត្រូវបានបញ្ជូនត្រឡប់មកភូមិវិញ។ មន្ទីរពេទ្យបានបិទទ្វារ។ បន្ទាប់មកគណ:ភូមិ និងប្រធានកងបានបានរត់ចេញ ដូច្នេះយុវជន យុវនារីបានត្រឡប់មកវិញ។ ប្រជាជនបានព្យាយាមដណ្តើមយកស្បៀងដែលអាចយកបានពីរោងកិនស្រូវនិងឃ្លាំងជាច្រើន។
បងស្រីបង្អស់របស់ខ្ញុំឈ្មោះ ឆន បានត្រឡប់មកផ្ទះវិញនៅឆ្នាំ១៩៧៩ ខ្ញុំមិនមានពត៌មានអ្វីអំពីគាត់ពីរ បីឆ្នាំមកហើយ។ ខ្ញុំស្ទើរតែមិនស្គាល់គាត់នៅពេលដែលយើងបានជួបគ្នា គាត់ស្គមណាស់។ គាត់បានរស់រានមានជីវិតដោយសារប្តូរឈ្មោះរបស់គាត់ និងធ្វើការនៅក្នុងកងចល័តជាទីដែលមិនមានអ្នកណាម្នាក់ស្គាល់គាត់។
សព្វថ្ងៃនេះខ្ញុំរស់នៅប្រទេសបារាំង ប៉ុន្តែបេះដូងរបស់ខ្ញុំដក់ជាប់នៅឡើយជាមួយប្តីរបស់ខ្ញុំនៅប្រទេសកម្ពុជា។ នៅពេលណា ដែលខ្ញុំញ៉ាំត្រួយស្តៅល្វីងខ្ញុំគិតអំពីប្តីខ្ញុំ។ ប្តីខ្ញុំគេបានរម្លឹកខ្ញុំនៅពេលដែលខ្ញុំពរពោះហើយចង់ញ៉ាំត្រួយស្តៅ។ ប្តីខ្ញុំបានឡើងដើមស្តៅដើម្បីបេះត្រួយស្តៅ ដែលខ្ញុំចង់ញ៉ាំ៕ ល