​ទេព គីម​ទ្រី ៖ គិលានុបដ្ឋាយិកា​

“​ផេះផង់​ធូលី​”: រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

476
ចែករម្លែក

រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ប្រព​ន្ឋ​របស់គាត់ ទេព ស៊ុយ​អៀង បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​ខ្ញុំ​បាន​ស្រឡាញ់​ការរៀនសូត្រ​នៅពេលដែល​ខ្ញុំ​នៅ​វ័យក្មេង ប៉ុន្តែ​ឪពុកម្តាយ​របស់ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀបការ​។ ទោះបីជា​ខ្ញុំ​បាន​ពរ​ពោះ ខ្ញុំ​នៅតែ​បន្ត​រៀនសូត្រ​ទាល់តែ​ពោះ​ខ្ញុំ​រីក​ធំ​។ បន្ទាប់មក ឪពុកម្តាយ​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នកគ្រប់គ្រង​អាជីវកម្ម​មួយ​ដែលមាន​ស៊ីក្លូ​ឲ្យ​អ្នក​ជួល​។ ប្តី​របស់ខ្ញុំ​ឈ្មោះ ទេព គីម​ទ្រី ជា​គិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ យើង​មិនដែល​បាន​ជួបគ្នា​ទេ​រហូតដល់​ថ្ងៃ​យើង​ភ្ជាប់ពាក្យ​។ ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ ហើយ​បាន​ព្យាយាម​ជៀសវាង​ជួប​គាត់ ដែល​បានធ្វើ​ឲ្យ​គាត់​សង្ស័យថា​ខ្ញុំ​មាន​មិត្ត​ប្រុស​។ នៅពេលនោះ​ខ្ញុំ​មិនទាន់​បានដឹង​អំពី​អត្ថន័យ​នៃ​ស្នេហា​ឡើយ​។ យើង​បាន​រៀបការ​នៅ​ឆ្នាំ​១៩៧៣​។​

​ពិធីជប់លៀង​មង្គលការ​បានបញ្ចប់​នៅ​ម៉ោង​៨​យប់​។ នៅពេល​ដល់​វេលា​ចូល​គេង ទ្រី និង​ខ្ញុំ​បាន​សន្ទនា​ជាមួយគ្នា​យ៉ាងយូរ​។ នេះ​ជា​ពេលដែល​យើង​ត្រូវ​ស្គាល់គ្នា​យ៉ាងម៉េច​។ នៅមុន​ថ្ងៃ​ពិធីមង្គលការ ខ្ញុំ​បាន​ហៅ​គាត់​ថា “​លោកគ្រូ​ពេទ្យ​” ប៉ុន្តែ​ឆាប់ៗ​មក​យើង​បានចាប់ផ្តើម​ហៅ​គ្នា​យ៉ាង​ផ្អែមល្ហែម “​បង​សម្លាញ់ អូន​សម្លាញ់​”​។ មួយឆ្នាំ​ក្រោយមក ខ្ញុំ​បង្កើតបាន​កូនប្រុស​មួយ​ដែលមាន​ស្បែក​ស្អាត ហើយ​ដូច​ទៅនឹង​ឪពុក​របស់គេ​។ កូន​ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល​នៅពេលដែល​វា​មាន​អាយុ​បី​ខែ​។ ទ្រី និង​ខ្ញុំ​បាន​សោកសង្រេង​យ៉ាងខ្លាំង​។ កូន​របស់ខ្ញុំ​បាន​លាចាក​ពិភពលោក​នេះហើយ​។​

​ឪពុក​របស់ខ្ញុំ​ឈ្មោះ ស៊ា​ម ស៊ុ​ក (​ខ្ញុំ​ហៅ​គាត់​ថា ប៉េ​)​។ គាត់​ស្រឡាញ់​ខ្ញុំ​យ៉ាងខ្លាំង ប៉ុន្តែ​គាត់​ក៏​ស្រឡាញ់​ប្រាក់​ដែរ​។ នៅពេលដែល​យើង​បាន​កំពុង​ជម្លៀស​ចេញពី​ក្រុងភ្នំពេញ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ គាត់​មិនបាន​ចេញទៅ​ជាមួយ​គ្រួសារ​ទេ ប៉ុន្តែ​បាន​ស្នាក់នៅ​ក្រោយ​គេ​ដើម្បី​មើលថែរក្សា​ប្រាក់​របស់គាត់​។ គាត់​បាន​ជឿ​ខ្មែរក្រហម នៅពេល​ខ្មែរក្រហម​និយាយថា​អ្នក​រាល់គ្នា​អាច​ត្រឡប់​ចូល​ក្រុង​វិញ​ក្នុងពេល​បី​ថ្ងៃ ដូច្នេះ​គាត់​បាន​ពួន​នៅក្នុង​ផ្ទះ​ទាល់តែ​យោធា​ខ្មែរក្រហម​បង្ខំ​គាត់​ឲ្យ​ចេញ​។ គាត់​បានចាប់ផ្តើម​រក​យើង​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​សមាជិក​ទាំងអស់​នៃ​គ្រួសារ​យើង​បាន​ចាក​ចេញពី​ទីក្រុង​។ សាច់ញាតិ​របស់​យើង​ខ្លះ​បាន​យក​ថង់​ប្រាក់​ជាច្រើន​មក​តាម​ខ្លួន នៅពេល​ចាក​ចេញពី​ភ្នំពេញ ប៉ុន្តែ​ឪពុក​ខ្ញុំ​យកបាន​ស៊ីក្លូ​មួយគ្រឿង​។ មាន​របស់របរ​ជាច្រើន​ផ្ទុ​ន​នៅលើ​ស៊ីក្លូ ហើយ​យើង​បាន​ដោះដូរ​របស់​ទាំងនោះ​យក​អង្ករ​។ យើង​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​រយ​:​ពេល​ខ្លី​។​

​ប៉េ មាន​ជំងឺ​ប្រចាំកាយ​យូរ​មកហើយ ដែល​ធ្វើ​ឲ្យ​ជើង​គាត់​ហើម​ដូច្នេះ​គាត់​មិនអាច​ដើរ​បាន​ឆ្ងាយ​ឡើយ​។ បន្ទាប់ពី​គាត់​បាន​ជួបជុំ​គ្រួសារ ជើង​របស់គាត់​បាន​វិ​វដ្ត​ទៅជា​ដំបៅក្លាយ និង​ឈឺចាប់​ជាខ្លាំង​។ គាត់​បាន​សុំ​ខ្ញុំ​ឲ្យ​កាត់​វា​ចោល​។ នៅ​លើកដំបូង ខ្ញុំ​បាន​រួញរា​ព្រោះ​អី​ខ្ញុំ​ខ្លាច​ការវះកាត់​នេះ​នឹង​នាំមក​នូវ​សំណាងអាក្រក់​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ វ័ល កាក់​គីម ក៏បាន​បដិសេធ​ដែរ​នូវ​ការស្នើសុំ​របស់គាត់​ដែរ ហើយ​បាន​ប្រាប់​គាត់​ថា សំណាង​របស់ខ្ញុំ​នឹង​អាក្រក់​ប្រសិនជា​គាត់​ឲ្យ​ខ្ញុំ​ធ្វើ​រឿងនេះ​។ ប៉ុន្តែ ប៉េ បាន​អង្វរ​ខ្ញុំ​ឲ្យ​កាត់​ជើង​គាត់ គាត់​និយាយថា​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​ទៅជា​កូនស្រី​រឹងមាំ​ម្នាក់ ហើយ​ខ្ញុំ​នឹង​អាចធ្វើ​អ្វី​បាន​ទាំងអស់​នៅ​អនាគត​។ ខ្ញុំ​បានសម្រេច​ចិត្តជា​ចុងក្រោយ កាត់​កជើង​ឪពុក​ខ្ញុំ​នៅ​កណ្តាលវាល​។ ខ្ញុំ​បាន​ពរ​ពោះ​នៅពេលនោះ ហើយ​កូន​របស់ខ្ញុំ​បាន​កើតមក​យឺត​។​

ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៦ ដោយសារ​កង្វះខាត​ស្បៀងអាហារ​។ ខ្ញុំ​បាន រស់នៅក្នុង​ភូមិ​មួយ​ផ្សេងទៀត ហើយ​បានមក​មើល​គាត់​នៅមុន​ពេល​គាត់​ស្លាប់​។ យើង​មិនមាន​បន្ទះក្តារ​គ្រប់គ្រាន់​ធ្វើ​ក្តារ​មឈូស​សម្រាប់​គាត់​ទេ ហើយក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ពូនដី​នៅលើ​ផ្នូរ​របស់គាត់​ដែរ ព្រោះ​អង្គការ​ត្រូវការ​ដី​សម្រាប់​ដាំ​ស្រូវ​។ ប៉ុន្តែ​អង្គការ​បានអនុញ្ញាត​ឲ្យ​យើង​កាប់​ឫស្សី ក្រង​ត្បាញ និង​រុំ​សាកសព ហើយ​កប់​នៅក្នុង​វាលស្រែ​។

​រយៈពេល​កន្លងផុតទៅ ខ្ញុំ​បាន​ពរ​ពោះ​ម្តងទៀត​។ ខ្ញុំ​ត្រូវបាន​បញ្ជា​ឲ្យ​ទៅធ្វើ​ការ​នៅ​វាលស្រែ​។ នៅពេលនោះ​ហ្វូង​កណ្តុរ​បាន​បំផ្លាញ​ស្រូវ​អស់​មួយ​ភាគ​ធំ ដូច្នេះ​ខ្ញុំ​ត្រូវបាន​ប្រាប់​ឲ្យ​ចាប់​កណ្តុរ​ទាំងនោះ​។ ប្រធាន​កង​របស់ខ្ញុំ​បាន​ខឹង​ខ្ញុំ​ជាខ្លាំង ព្រោះ​ខ្ញុំ​ខ្លាច​កណ្តុរ​និង​មិនអាច​ចាប់​កណ្តុរ​បានឡើយ​។ ប្តី​ខ្ញុំ​បានដឹង​រឿងនេះ ដូច្នេះ​គាត់​ដាក់​អន្ទាក់​បាន​កណ្តុរ​ខ្លះ ហើយ​លាក់​កណ្តុរ​នោះ​ទុក​នៅ​វាលស្រែ​។ បន្ទាប់មក​គាត់​បាន​ឲ្យ​សញ្ញា​សម្គាល់​ដល់​ខ្ញុំ អញ្ចឹង​ខ្ញុំ​អា​ចរក​កណ្តុរ​ទាំងនោះ​ឃើញ​។ ខ្ញុំ​បាន​ដើរ​ជុំវិញ​រក​កណ្តុរ ហើយ​អ្នក​រាល់គ្នា​គិតថា​ខ្ញុំ​ចាប់បាន​កណ្តុរ​ទាំងនោះ​។ ខ្ញុំ​ក៏​ខ្លាច​ខ្មោចលង​ដែរ នៅពេលដែល​ខ្ញុំ​បាន​លួច​ដើរទៅ​បឹង​ម្នាក់ឯង​នៅពេល​យប់​ដើម្បី​រាវ​ខ្ច​ង ចាប់​ក្តាម និង​ដក​ព្រលឹត យកមក​ហូប ដោយសារ​ការស្រេកឃ្លាន​។​
​កូន​ទី​បី​របស់ខ្ញុំ ឈ្មោះ ភី​រម្យ បានកើត​នៅពេល​ប្រទេស​មិនមាន​ថ្នាំពេទ្យ​គ្រប់គ្រាន់ និង​មិនមាន​គិលានុបដ្ឋាយិកា​។ កូន​ខ្ញុំ​បាន​ឈឺ​ជារឿយៗ​។ ទោះបី កូន​ខ្ញុំ​មាន​អាយុដ​ល់បី​ឆ្នាំ​ហើយក៏​ដោយ ក៏​វា​នៅតែ​មិនអាច​ដើរ​បាន​។​

​នៅពេល​មួយ ខ្ញុំ​បាន​ពុល​ដោយសារ​ដំឡូង ខ្ញុំ​ហូប​វា​នៅពេល​អាហារ​ថ្ងៃត្រង់​។ ខ្ញុំ​បាន​សុំ​មិត្ត​ខ្ញុំ​ម្នាក់​កោសខ្យល់​ឲ្យ​ខ្ញុំ (​ការព្យាបាល​មួយ​នៅ​អាស៊ី ដែល​ប្រជាជន​ប្រើ​កាក់ កោស​នៅលើ​ទ្រូង និង​ខ្នង​) ប៉ុន្តែ​ការ​កោសខ្យល់​មិនបាន​ជួយ​ឲ្យ​ខ្ញុំ​បាន​ធូរ​ឡើយ​។ បន្ទាប់មក មិត្ត​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​ជាទី​ដែល​កម្មាភិបាល​ឈ្មោះ រិ​ន ឲ្យ​ខ្ញុំ​ផឹក​អ្វី​ម្យ៉ាង​។ បន្ទាប់ពី​ចូលក្នុង​មាត់​ភ្លាម ខ្ញុំ​ស្រែកថា វា​ជា​ប្រេងកាត​។ កម្មាភិបាល រិ​ន បាន​ស្រែ​កតប​វិញ​ថា​វា​ជា​ថ្នាំពេទ្យ ប៉ុន្តែ​បន្ទាប់​មកវា​ជា​ក្លិន​ប្រេងកាត ហើយ រិ​ន បាន​ឆែក​ដប​នោះ​មើល​។ ជា​ចុងក្រោយ​នាង​បានដឹងថា ខ្ញុំ​មិនបាន​និយាយ​កុហក​ឡើយ ហើយ​បាន​និយាយថា​មាន​នរណាម្នាក់​បានដាក់​ដបប្រេង​កាត​នៅ​ជិត​ដៃ​នាង​។​

​នៅ​អំឡុង​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​១៩៧៧ អង្គការ​បាន​ឲ្យ​អ្នកភូមិ​ទាំងអស់​ឈប់សម្រាក​បី​ថ្ងៃ​ពី​ការងារ​នៅ​វាលស្រែ​។ បងប្រុស​របស់ខ្ញុំ​ឈ្មោះ កៀង ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅ​ក្រុងភ្នំពេញ បាន​ត្រឡប់មកផ្ទះ​ជាមួយ​ប្តី​ខ្ញុំ ហើយ​បាន​លេង​បាល់ទាត់​។ កៀង បាន​លេង​ឈ្នះ ដែល​ធ្វើ​ឲ្យ​គណ​:​ភូមិ​ចង់ដឹង​ច្រើន​អំពី​ប្រវត្តិរូប​របស់គាត់​។ វា​នឹង​កើតឡើង អង្គការ​បាន​បញ្ជា​កៀង​និង​អតីត​គ្រូបង្រៀន​ពីរ​នាក់​ផ្សេងទៀត​ឲ្យ​ទៅ​ជញ្ជូន​ខ្សាច់​នៅក្នុង​ភូមិ​មួយទៀត​។ ការបាត់​ខ្លួន​បងប្រុស​ខ្ញុំ​បានធ្វើ​ឲ្យ​ម្តាយ​ខ្ញុំ​គាំងបេះដូង​។ ការបាត់​ខ្លួន​ប្រជាជនមាន​បន្តបន្ទាប់ បានធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​អំពី​ប្តី​របស់ខ្ញុំ អ្នក​រាល់គ្នា​នៅក្នុង​ភូមិ​បានដឹងថា​គាត់​ធ្លាប់​ធ្វើជា​ជា​គិលានុបដ្ឋាយិកា​។​

​យប់​មួយ​នោះ នៅ​អំឡុង​រដូវ​ស្ទូង ប្តី​របស់ខ្ញុំ​មិនបាន​មក​ផ្ទះ​ទេ ទោះបី​អ្នក​រាល់គ្នា​បាន​ត្រឡប់មកវិញ​ស្ទើ​ទាំងអស់​ក៏ដោយ​។ នៅពេលដែល​ខ្ញុំ​មកដល់​ខ្ទម​របស់​យើង ម្តាយ​របស់ខ្ញុំ​បាន​យំ រួចហើយ​និយាយថា​ប្តី​ខ្ញុំ​ត្រូវបាន​ចាប់ខ្លួន​។ ខ្ញុំ​បាន​សន្លប់​នៅ​ខណ​:​ពេលដែល​ខ្ញុំ​បានឮ​ព័ត៌មាន​នេះ​។ នៅពេលដែល​ខ្ញុំ​ចូលទៅ ម្តាយ​ខ្ញុំ​បាន​និយាយថា កម្មាភិបាល​ម្នាក់​ឈ្មោះ ផុន បាន​ចងដៃ ទ្រី ក្រពាត់​ទៅក្រោយ ហើយ​នាំ​គាត់​ចេញទៅ​តាម​ទូក​។ បន្ទាប់មក ផុន បានមក​ផ្ទះ​យើង​ដើម្បី​រក​នាឡិកាដៃ​របស់ ទ្រី​។ ខ្ញុំ​បាន​កុហក​ដោយ​និយាយថា​ខ្ញុំ​មិនអាច​រកឃើញ​នាឡិកា​នោះ​ឃើញ​ទេ​។​

​បន្ទាប់ពី​បាត់បង់​ប្តី​ខ្ញុំ ខ្ញុំ​បាន​បាត់បង់​ភាពក្លាហាន​របស់ខ្ញុំ​។ ម្តាយ​ខ្ញុំ​បាន​ខឹង​នឹង​ខ្ញុំ​ហើយ​រំឭក​ខ្ញុំ​នូវ​ពាក្យសម្តី​របស់​ទ្រី​ថា ៖ ខ្ញុំ​ត្រូវតែ​តស៊ូ និង​ព្យាយាម​ប្រសិនបើ​គាត់​មិនបាន​នៅ​ជាមួយ​ខ្ញុំ​។ ពាក្យ​ទាំង​នោះបាន​ដាស់តឿន​ខ្ញុំ​ឲ្យ​ក្រោក​ឡើង ចាប់ផ្តើម​ហូប និង​ធ្វើការ​ដូច​ធម្មតា​។ បន្ទាប់មក​ខ្ញុំ​បាន​កោរសក់​ក្បាល ដែល​ខ្ញុំ​អាច​បន់ស្រន់​ឧទ្ទិស​ដល់​គាត់​។​

​នៅ​ដើមឆ្នាំ​១៩៧៨ ម្តាយ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដូច្នេះ​ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​អង្គការ​ទៅធ្វើ​ការ​នៅ​ជិត​ផ្ទះ​ដើម្បី​មើលថែទាំ​គាត់​។ ម្តាយ​ខ្ញុំ​មាន​ជំងឺ​ចម្លែក​ដែល​ពោះ​របស់គាត់​បាន​ហើម​ធំ ដូច​ស្ត្រី​មាន​ទម្ងន់​។ គាត់​តែងតែមាន​អារ​ម្ម​ណ៏​ឃ្លាន​ជាខ្លាំង​។ មួយខែ​ក្រោយមក គាត់​បាន​ស្លាប់​គួរ​ឲ្យ​រ​ន្ឋ​ត់​។​

​សំឡេង​កាំភ្លើង​បានឮ​នៅក្នុង​ភូមិ​របស់​យើង​នៅ​ចុងឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​បាន​ចូលមក​និង​មាន​ល្បឿន​យ៉ាង​លឿន​។ ក្មេង​ដែល​កំពុងធ្វើការ​នៅ​ទី​ឆ្ងាយ​ពី​ឪពុកម្តាយ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ភូមិ​វិញ​។ មន្ទីរពេទ្យ​បាន​បិទទ្វារ​។ បន្ទាប់មក​គណ​:​ភូមិ និង​ប្រធាន​កង​បាន​បាន​រត់គេចខ្លួន ដូច្នេះ​យុវជន យុវនារី​បាន​ត្រឡប់មក​ភូមិ​វិញ​។ ប្រជាជន​បាន​ព្យាយាម​ដណ្តើមយក​ស្បៀង​ដែល​អាចយ​កបាន​ពី​រោង​ម៉ាស៊ីនកិនស្រូវ និង​ឃ្លាំង​ជាច្រើន​។​

​បងស្រី​បង្អស់​របស់ខ្ញុំ​ឈ្មោះ ឆន បាន​ត្រឡប់មកផ្ទះ​វិញ​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​មិនមាន​ព័ត៌មាន​អ្វី​អំពី​គាត់​ពីរ​បី​ឆ្នាំ​មកហើយ​។ ខ្ញុំ​ស្ទើរតែ​មិន​ស្គាល់​គាត់​នៅពេលដែល​យើង​បាន​ជួបគ្នា​។ គាត់​ស្គម​ណាស់​។ គាត់​បាន​រស់រានមានជីវិត​ដោយសារ​ប្តូរ​ឈ្មោះ​របស់គាត់ និង​ធ្វើការ​នៅក្នុង​កងចល័ត​ជាទី​ដែល​មិនមាន​អ្នកណាម្នាក់​ស្គាល់​គាត់​។​

​សព្វថ្ងៃនេះ​ខ្ញុំ​រស់នៅ​ប្រទេស​បារាំង ប៉ុន្តែ​បេះដូង​របស់ខ្ញុំ​ដក់​ជាប់​នៅឡើយ​ជាមួយ​ប្តី​របស់ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​។ នៅពេលណា​ដែល​ខ្ញុំ​ញ៉ាំ​ត្រួយ​ស្តៅ​ល្វីង​ខ្ញុំ​គិត​អំពី​គាត់​។ រឿង​របស់គាត់​បាន​រំឭក​ខ្ញុំ​នៅពេលដែល​ខ្ញុំ​ពរ​ពោះ​ហើយ​ចង់​ញ៉ាំ​ត្រួយ​ស្តៅ​។ ប្តី​ខ្ញុំ​បាន​ឡើង​ដើម​ស្តៅ​ដើម្បី​បេះ​ត្រួយ​ស្តៅ ពិតណាស់​ខ្ញុំ​នឹង​បាន​អ្វីដែល​ខ្ញុំ​ចង់​ញ៉ាំ​។​

​រឿងនេះ​យោងតាម​សំណេរ​ជ័យលាភី​មួយ​មាន​ចំណងជើង​ថា “​មិនអាច​បំភ្លេចបាន​” ដែល ទេព ស៊ុយ​អៀង បាន​ផ្ញើរ​មក​ចូលរួម​ក្នុង​វេទិកា​ប្រឡង​មួយ នៃ​ការថែរក្សា​ប្រវត្តិ​ខ្មែរក្រហម​ដែល​ឧបត្ថម​ដោយ​សមាគម​អ្នក​និ​ព​ន្ឋ​ខ្មែរ និង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ឆ្នាំ​២០០៦៕ ល​

#