​ទោះបី​ហូប​មិន​ឆ្អែត​ក៏​មិន​ហ៊ាន​តវ៉ា​

1492

ហាក់ ដឺ​លី​ណា និង សុខ វង់ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ

ស្រុក​អន្លង់វែង​គឺជា​ស្រុក​មួយ​ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ស្រុក​នេះ​ត្រូវបាន​មនុស្ស គ្រប់គ្នា​ស្គាល់​ដោយសារ​អន្លង់វែង​ជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ខ្មែរក្រហម​។ តាមរយៈ ដំណើរ​ទស្សនកិច្ច​សិក្សា​ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ខ្ញុំ​មានឱកាស មកកាន់​តំបន់​ប្រវត្តិសាស្ត្រ​នេះ និង​បាន​សម្ភាស​ជាមួយ​ប្រជាជន​ដែល​រស់នៅ​តំបន់​អន្លង់វែង​អំពី​ដំណើរ​ជីវិត​របស់គាត់ មុន និង​ក្រោយមក​រស់នៅ​អន្លង់វែង​។​

​ខ្ញុំ​បាន​សម្ភាស​ជាមួយ​តា សុខ វង់ មាន​វ័យ​៦៩​ឆ្នាំ​។​តា វង់ មាន​ប្រពន្ធ​ឈ្មោះ​ពា​ធិ ធឿ​ប​។ អ្នក​ទាំងពីរ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ តា វង់ មានកូន​ប្រុស​ស្រី​ប្រាំបួន​នាក់ (​ស្រី​៥ ប្រុស​៤​នាក់​)​។ ដោយសារតែ​វ័យ​របស់ តាវ​ង់ ជរា​បន្តិច ហេតុនេះ គាត់​មិនសូវ​ចងចាំ​បាន​ល្អិតល្អន់​ទេ​។ តាវ​ង់ បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ គាត់ និង​ក្រុមគ្រួសារ​រស់នៅ​ស្រុក​ស្រីស្នំ​នៅឡើយ​។ ប៉ុន្តែ​មួយរយៈ​ក្រោយមក ដោយមាន​ការទម្លាក់​គ្រាប់បែក​នៅ​ភូមិ​ស្រុក​ដែល​គាត់​រស់នៅ​ទើប​គាត់​និង​គ្រួសារ​បានសម្រេច​ចិត្ត​ចេញពី​ភូមិ​ទៅ​រស់នៅ​ខាង​សំរោង​រហូតដល់​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​ទទួល​ជ័យជម្នះ និង គ្រប់គ្រង​ប្រទេស​ទាំងស្រុង​។​

​ក្រោយ​ឆ្នាំ​១៩៧៥ អង្គការ​បាន​ជម្លៀស​គ្រួសារ តាវ​ង់ ឲ្យ​ទៅ​រស់នៅ​ភូមិ​ខ្ទំ ឃុំ​កូន​គ្រាល​។ នៅ​ទីនោះ តា វង់ ត្រូវបាន​អង្គការ​ចាត់តាំង​ចូល​កងចល័ត​លើក​ទំនប់​។ គាត់​បាន​ចូលរួម​លើក​ទំនប់​ពីរ​កន្លែង គឺ «​ទំនប់​លោក​» និង «​ទំនប់​ត្រពាំងវែង​» ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​ភូមិ​ខ្ទំ​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​។ តា វង់ បាន​បន្តថា ប្រជាជន​ជាច្រើន​បាន​ចូលរួម​ក្នុង​ការលើក​ទំនប់​នេះ ដែល​ប្រជាជន​ទាំងនោះ​មកពី​ស្រុក​ថ្មពួក ស្រុក​សំរោង និង​ស្រុក​ចុងកាល់​។ ក្រៅពី​ការងារ​លើក​ទំនប់ តា វង់ ក៏ត្រូវ​ទៅធ្វើ​ស្រែ ដក​ស្ទូង ដែរ​។ គាត់​បាន​រំ​ឮ​កថា ប្រជាជន​ម្នាក់ៗ​ត្រូវ​អង្គការ​ដាស់​ឲ្យ​ងើប​ទៅ​ធ្វើការ​តាំងពី​ម៉ោង​៣​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃ ទើប​អាច​សម្រាក​ហូប​បបរ បន្ទាប់មក​បន្តធ្វើ​ការ​ហូត​ដល់ពេល​ល្ងាច​ទើប​ហូប​បបរ​ម្តងទៀត​។ របប​បបរ​ដែល តាវ​ង់ ទទួលបាន​គឺ​មិន​គ្រប់គ្រាន់​ជាមួយ​កម្លាំង​ដែល​គាត់​បានធ្វើ​ពេញ​មួយថ្ងៃ​ឡើយ​។ ទោះបីជា ហូប​មិន​គ្រប់គ្រាន់​ក៏ដោយ ក៏ តា វង់ មិន​ហ៊ាន​តវ៉ា និង​លួច​អាហារ ដូចជា បន្លែ កូន​ត្រី ក្តាម នៅ តាម​វាលស្រែ​យកមក​ហូប​ដែរ ព្រោះ​ទង្វើ​នេះ ត្រូវបាន​អង្គការ​ចាត់ទុកថា ក្បត់​សមូហភាព ហើយនឹង​ត្រូវ​យកទៅ​កសាង​ភ្លាមៗ ប្រសិនបើ​ឈ្លប​ចាប់បាន​។​

​តាវ​ង់ បាន​និយាយថា ជា​ញឹកញយ ពេលដែល​គាត់​ត្រឡប់​មកពី​ស្រែ​វិញ ខោអាវ​របស់គាត់​សើម​ប្រឡាក់​ដោយ​ភក់ជ្រាំ ប៉ុន្តែ​ដោយសារ​គាត់​អស់កម្លាំង និង​មិនមាន​ពេល​គ្រប់គ្រាន់ ទើប​គាត់​មិនបាន​បោក​សម្អាត គឺ​គាត់​ដេក​ទាំង​សើម​។ គាត់​គិតតែ​ធ្វើយ៉ាងណា​សម្រាក​យក​កម្លាំង​ដើម្បី​ធ្វើការ​នៅ​ថ្ងៃស្អែក​បន្តទៀត​។ ការធ្វើការ​លើស​កម្លាំង ខ្វះ​អាហារ និង អនាម័យ បានធ្វើ​ឲ្យ​ប្រជាជន​ដែល​ធ្វើការ​នៅតាម​សហករណ៍​ធ្លាក់ខ្លួន​ឈឺ​ពីមួយថ្ងៃ​ទៅមួយ ហើយ​ម្នាក់ៗ​ស្គមស្គាំង នៅសល់តែ​ស្បែក​ដណ្តប់​ឆ្អឹង​ប៉ុណ្ណោះ​។

​តា វង់ បាន​ឲ្យ​ដឹងថា អង្គការ​បាន​តាម​សង្កេតមើល​ប្រជាជន​ណា​ដែល​ធ្វើការ​យឺត និង​ឈឺ​ច្រើន​ដើម្បី​យកទៅ​សម្លាប់ចោល ព្រោះ​អង្គការ​យល់ថា អ្នក​ទាំងនោះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ចលនា​បង្កបង្កើនផល​របស់​អង្គការ​។ ដូច្នេះ​ប្រជាជន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​កុំ​ឲ្យ​អង្គ​ការចាប់​ថ្នាក់​បាន​។ ក្មេង​តូចៗ​ត្រូវ​អង្គការ​យកទៅដាក់​ឲ្យ​យាយៗ​មើល ហើយ​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច អង្គការ​ចាត់​ឲ្យ​បុកស្រូវ​នៅ​រោង​បាយ​។ តា វង់ បន្តថា គ្មាន​នរណាម្នាក់​គេច​ពី​ការធ្វើការងារ​រួច​ឡើយ​។ តា វង់ នៅចាំ​បាន​ថា យូរៗ​ម្តង ទើប​អង្គការ ចែក​ចេក​ម្នាក់​២​ផ្លែ និង​អំបុក​ម្នាក់​១​កំប៉ុង​។ រីឯ​ពិធីបុណ្យ​ប្រពៃណីជាតិ ដូចជា ភ្ជុំបិណ្ឌ ឬ ចូលឆ្នាំ គឺ​មិនមាន​ទេ ហើយ​ការប្រតិបត្តិ​សាសនា​ផ្សេងៗ​ក៏​ត្រូវបាន​ហាមឃាត់​ដែរ​។ តា វង់ នៅតែមាន​ចម្ងល់​រហូតមកដល់​ស​ព្វ​ថ្ងៃ​ថា អំឡុង​ពេលនោះ សហករណ៍​នីមួយៗ​ធ្វើស្រែ​បាន​ទិន្នផល​ច្រើនណាស់ ប៉ុន្តែ​គាត់​មិនដឹងថា​អង្គ​ការយក​ទៅណា​ទេ ទើប​ធ្វើ​ឲ្យ​ប្រជាជន​អត់ឃ្លាន​បែបនេះ​។​

​ពេលធ្វើការ​នៅតាម​ការ​រដ្ឋា​ន អង្គការ​ជា​អ្នកផ្គត់ផ្គង់​ផ្នែក​សម្ភារ ដូច្នេះ​រៀងរាល់​ម៉ោង​ធ្វើការ​ប្រជាជន​អាច​ទៅយក​នង្គ័ល រនាស់ ចបកាប់ បង្គី​ពី​សហករណ៍ ។ ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​ធ្វើ​ឲ្យ​បែកបាក់​ឧបករណ៍​ធ្វើការ​ណាមួយ នឹងត្រូវ​អង្គការ​ចោទថា បំផ្លាញ​សហករណ៍ ហើយ​ត្រូវ​ប្រជុំ​ទិតៀន​មិន​ខាន​។ ចំពោះ​ខោអាវ អង្គការ​បើក​ឲ្យ​ពាក់​ម្ដង​មួយ​កំ​ប្លេ ខោ​ខ្មៅ​អាវខ្មៅ គឺ​គ្មាន​ពណ៌​ឆើតឆាយ​ទេ​។ អង្គការ​មិនបាន​កំណត់​ថា អាវ​មួយ​ត្រូវ​ពាក់បាន​ប៉ុន្មាន​ខែ​ទេ រហូត​អង្គការ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា ខោអាវ​ដែល​ពាក់​នោះ​រហែក​ប៉ះ​លែង​បាន ទើប​អង្គ​ការបើក​ខោអាវ​ថ្មី​ឲ្យ​ពាក់​ទៀត​។

​ជាទូទៅ អង្គការ​បាន​បំបែក​ស្រីៗ​ធ្វើការ​តាម​កង​ស្រីៗ ប្រុសៗ​ធ្វើការ​តាម​កង​ប្រុសៗ​។ ស្រីៗ​ធ្វើការ​ងារ​ខាង​ស្ទូង​ដក ដាំ​ដំណាំ ដាល់​អង្ករ ត្បាញ និង​រវៃអំបោះ ជាដើម​។ ចំណែក​ប្រុសៗ​វ័យ​ជំទង់ រហូតដល់​អាយុ​៤០​ឆ្នាំ អង្គការ​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ​នៅតាម​ការដ្ឋាន និង​វាលស្រែ​។ ចំណែក​ប្រុសៗ​មាន​អាយុ​៥០ រហូតដល់ ៦០​ឆ្នាំ​ឡើងទៅ អង្គការ​ចាត់​ឲ្យ​ធ្វើ​ន​ង្ក័​ល បង្គី កញ្ជើ ចង្អេរ ជាដើម​។ ក្នុង​សហករណ៍​នីមួយៗ​តែងតែមាន​ឈ្លបយកការណ៍​ជានិច្ច​។ រាល់ថ្ងៃ ឈ្លប​ដើរ​ឃ្លាំ​ចាំមើល​ពី​សកម្មភាពរ​បស់​ប្រជាជន​គ្រប់ពេល រួចហើយ​រាយការណ៍​នូវ​អ្វីដែល​មិន​ប្រក្រតី​ទៅ​អង្គការ​។​

​នៅក្នុង​របប​ខ្មែរក្រហម តា វង់ មិនដែល​ភ្លេច​នូវ​អំពើ​ព្រៃផ្សៃ​ដែល​ខ្មែរក្រហម បាន​ប្រព្រឹត្ត​មកលើ​ប្រជាជន​ឡើយ​។ តាវ​ង់ បាន​ឲ្យ​ដឹងថា ខ្មែរក្រហម​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​ទេ គ្រាន់​តែមាន​អ្នករាយការណ៍ ឬ ចោទថា នរណាម្នាក់​ជា​ខ្មាំង ឬ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ ម្នាក់ នោះ​នឹងត្រូវ​កងឈ្លប​យកទៅ​ធ្វើ​ទារុណកម្ម ឬ​សម្លាប់​ដោយ​គ្មាន​ការវិនិច្ឆ័យ​ឡើយ​។ តា វង់ ធ្លាប់បាន​អង្គការ​ព្រមាន​ពីរ​បី​ដង ព្រោះតែ​គាត់​ក្រោក​ទៅធ្វើ​ការមិន​ទាន់​ម៉ោង​។

​ថ្ងៃមួយ តា វង់ បានចេញ​ដំណើរ​ទៅ​ស្រែ ដោយមាន​ឆ្កែ​មួយ​ក្បាលរ​ត់ទៅ​ជាមួយ ប៉ុន្តែ​ចៃដន្យ​ឆ្កែ​នោះ​រត់​ទៅមុន​គាត់ ហើយ​ជាន់មីន​ផ្ទុះ ធ្វើ​ឲ្យ​អម្បែង​គ្រាប់​ខ្ទាត​មក​ត្រូវ​គាត់​បណ្តាល​ឲ្យ រងរបួស​។ ភ្លាមនោះ តា វង់ ត្រូវបាន​ប្រជាជន​ធ្វើស្រែ​នៅ​ម្តុំ​នោះ ដឹក​តាម​រទេះគោ​យកទៅ​ពេទ្យ​សហករណ៍ ប៉ុន្តែ​ដោយសារ​ពេទ្យ​សហករណ៍​មិនមាន​ឧបករណ៍ និង​ថ្នាំ​ព្យាបាល ទើប​ប្រជាជន​ដឹក​គាត់​បន្តទៅ​ពេទ្យ​តំបន់​។ តា វង់ ចាំបាន​ថា នៅ​ពេទ្យ​តំបន់​មាន​សុទ្ធតែ​នារី​ពេទ្យ​ទាំងអស់ និង​មាន​ថ្នាំ​ចិន​ល្អៗ​។ ជីវិត​របស់គាត់ ក៏បាន​រួច​ផុតពី​សេចក្តីស្លាប់​ម្តងទៀត​។​

​ក្រោយពេល​កម្លាំង​ដែល​នៅ​សេសសល់​របស់​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ជាមួយ រាជរដ្ឋាភិបាល តា វង់ និង​គ្រួ​សារបាន​ជួបជុំគ្នា​វិញ ហើយ​ធ្វើដំណើរ​មក​រស់នៅក្នុង​ភូមិ​លំ​ទង​ចាស់​។ ពេល​មក​នៅ​ភូមិ​ដំបូង មិនមាន​ការគ្រប់គ្រង​ច្បាស់លាស់​ទេ គឺ​គ្រួសារ​ណា​យក​ផ្ទះ ដីស្រែ​បាន​មុន អ្នកនោះ​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​។ ចំណែក​ការងារ គឺ​ប្រជាជន​នៅ​ធ្វើ​រួមគ្នា​ដូច​សម័យ​ខ្មែរក្រហម​ដដែល ប៉ុន្តែ​មិនមាន​ការ​រឹតតែ​បន្តឹង​និង​ជិះជាន់​កម្លាំង​ពលកម្ម​របស់​ប្រជាជន​ទេ​។ បន្ទាប់ពី​សាងសង់​ផ្ទះ​ស្នាក់​នៅបាន​ស្រួលបួល​ហើយ តា វង់ ត្រូវបានខាងភូមិឃុំ​ចាត់​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​ភ្ជួរ​រាស់ ដឹកនាំ​អ្នកភូមិ​ធ្វើស្រែ​ចម្ការ​រួមគ្នា ដើម្បី​ឧ​ត្ថ​ម្ភ​គ្នា​ទៅវិញទៅមក​៕L ដោយៈ ហាក់ ដឺ​លី​ណា និស្សិត​ឆ្នាំ​ទី​២ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​