​ទៅ​ផឹកស៊ី​លើ​កញ្ចុះ​បណ្តែត​ទឹកធ្លាក់​ពីលើ​បង្កាន់ដៃ​លង់​ស្លាប់​២​នាក់​

624
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ឪពុកម្តាយ​ទ្រហោ​យំសោក​បោក​ខ្លួន កាលបើ​ឃើញ​កូនប្រុស​ជាទី​ស្រឡាញ់ បាន​លង់ទឹក​ស្ទឹង​ព្រែក​ត្នោត​លិច​ស្លាប់បាត់​យ៉ាង​អាណោច​អ​ធ័​ម​។​ក្រុម​អ្នក​ចុះ​រាវរក​ទម្រាំ​ឃើញ​អស់​រយៈពេល​ច្រើន​ម៉ោង ស្រង់​ឡើងជា​បន្តបន្ទាប់ ចំនួន​២​នាក់។

ក្រោយពី​ជនរងគ្រោះ​រួមជាមួយ​មិត្តភក្តិ សរុបគ្នា​៥​នាក់​ទៅ​ផឹកស៊ី​នៅលើ​កញ្ចុះ​បណ្តែត​ទឹក​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ហាង​ជំនោរ​ស្ទឹង​ព្រែក​ត្នោត ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ស្លាប់​២​នាក់​ក្នុង​ហេតុការណ៍​ខាងលើ ទី​១ ឈ្មោះ ជង់ តុង​សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​សាគរ «​ក​» ឃុំ​សាគរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​ទី​២ ឈ្មោះ ជួង រដ្ឋា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ទាំង​២​នាក់ ធ្វើការ​ជាមួយគ្នា នៅ​ក្រុមហ៊ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ។​

​តាម​សាក្សី ជា​មិត្តភក្តិ វិស្វករ​សំណង់ ធ្វើ​ការងារ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ រួមជាមួយ​មិត្តភក្តិ​សរុបគ្នា​៥​នាក់ បាន​ទៅ​ជួល​កញ្ចុះ​បណ្តែត​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ហាង​ជំនោរ​ស្ទឹង​ព្រែក​ត្នោត ត្រង់​ទីតាំង​ខាងលើ​។ ពួកគេ​អង្គុយ​ហូប បាយទឹក ផឹកស៊ី​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ។​លុះ​រហូតដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទៅហើយ មាន​មិត្តភក្តិ​ម្នាក់​បាន​ទៅផ្ទះ​មុន​បាត់ សល់​គ្នា​៤​នាក់​អង្គុយ​ផឹកស៊ី​បន្ត​។

​ជនរងគ្រោះ​ទាំង​២​នាក់ អង្គុយ​លើ​បង្កាន់ដៃ​កញ្ចុះ ស្រាប់តែ​ពេល​ទឹករលក ធ្វើ​ឲ្យ​កញ្ចុះ​យោល​ទៅមក បែ​ជា​ធ្លាក់​ជនរងគ្រោះ​ទាំង​២​នាក់​ចូលក្នុង​ទឹកស្ទឹង មិនចេះ​ហែល​ទឹក រក​ជួយ​មិនទាន់ ម្យ៉ាង​ទឹក​ហូរ​ផង ធ្វើ​ឲ្យ​លង់​លិច​បាត់​ក្នុង​ទឹក ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ទាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ រក​វិធី​ចុះ​រាវ រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ទើប​រកឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់​ឡើងគោក សមត្ថកិច្ច​ពិនិត្យ​រួច ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ដោយ​ក្រុមគ្រួសារ មិនបាន​ប្តឹងផ្តល់​អ្វី​ឡើយ ។

ប្រភព​បន្តទៀតថា ក្រោយពី​ក្រុម​អ្នក​មុជទឹក​រាវរក​សាកសព​ឃើញ​ម្នាក់​ហើយ នៅ​បន្ត​រាវ​តាម​ស្វែងរក​សាកសព​ម្នាក់ទៀត លុះ​រហូតដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​រាវ​រកឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ជុង តុង​សាន ក្រោម​វត្តមាន​ឪពុក ម្តាយ ក្រុមគ្រួសារ យំសោក​បោក​ខ្លួន នឹក​សង្វេគ​កូនប្រុស​ជាទី​ស្រឡាញ់ ។​

​តែបើ​តា​ប្រភព​ពត៌មាន​មួយ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ រួមជាមួយ​មិត្ត​ភ័​ក្រ សរុបគ្នា​៥​នាក់ ទិញ​ស្រា​បៀ​៥​កេស យកទៅ​ផឹក​លើក​ញ្ចុះ​បណ្តែត​ទឹក នៅ​រសៀល​ថ្ងៃទី​០៣ ខែសីហា ហើយ​ក្រោយមក មិត្ត​ភ័​ក្រ​ម្នាក់ បាន​ទៅមុន​បាត់ សល់​គ្នា​៤​នាក់​ផឹក​បន្ត រហូតដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ជួប​រឿង​ជនរងគ្រោះ​ធ្លាក់​ពីលើ​បង្កាន់ដៃ លិច​បាត់​ក្នុង​ទឹកតែ​ម្តង ស្រា​បៀ​នៅសល់​១​កេស និង​៨​កំប៉ុង ផ្អាក​ផឹក នាំគ្នា​ឆោឡោ ។​

​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ធំ បាន​ឲ្យ​ដឹងថា សាច់ញាតិ​ជនរងគ្រោះ​ទាំង​២​នាក់ មិនបាន​ប្តឹងផ្តល់​អ្វី​ឡើយ ក្រោយពី​រក​សាកសព​កូន​ប្រុស​ហើយ សុំ​ដឹកយក​ទៅធ្វើ​បុណ្យ​ឯ​ស្រុកកំណើត ៕S/​