​ទំនប់​តា​សាល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់ធ្វើ​កសិកម្ម​និង​ប្រើប្រាស់​រដូវប្រាំង​និង​រដូវវស្សា​

1678
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បច្ចុប្បន្ននេះ​ទំនប់ទឹក​តា​សាល​ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​មិន​ត្រឹមតែ​អាច​ស្តុក​ទឹកបាន​រយ​លាន​ម៉ែត្រគូប​នោះទេ​តែ​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​ការធ្វើ​ស្រែ​ទាំង​រដូវប្រាំង​និង​រដូវវស្សា​របស់​កសិក​រ​នៅ​ស្រុក​ឱ​រ៉ា​ល់​។​

ថែមទាំង​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ និង​កាត់បន្ថយ​ទឹកជំនន់​នៅ​រដូវវស្សា​ទៀតផង​។​

​លោក​ញ៉ា​ញ់​ជៀប​ហ៊័​ង​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បានឱ្យ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ដឹ​ថា​ទំនប់​ធំ​មួយ​នៅ​ផ្នែក​ខាងលិច​នៃ​ខេត្តកំពង់ស្ពឺ​ស្ថិតនៅក្នុង​ក្នុងភូមិ​អូ​ចារ​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ត្រូវបាន​សាងសង់​នៅក្នុង​ឆ្នាំ​២០១០​និង​បានបញ្ចប់​ការសាងសង់​កាលពី​ឆ្នាំ​២០១៥​។​ទំនប់​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ចំនួន​១៥០​លាន​ម៉ែត្រគូប​អាច​ស្រោចស្រព​គ្រប់គ្រាន់​នូវ​ស្រូវ​រដូវប្រាំង​រដូវវស្សា​និង​ដំណាំ​ផ្សេងៗ​។​ល​។​

លោក​បាន​បន្តថា​ទំនប់​តា​សាល​អាច​ស្រោចស្រព​ដីស្រែ​ចម្កា​បាន​ប្រមាណ​៣៥.០០០​ហិកតា​របស់​កសិករ​រស់នៅ​ផ្នែក​ខាងក្រោម ក្នុង​ខេត្តកំពង់ស្ពឺ​។ ក្នុងនោះ​ស្រូវ​រដូវវស្សា​មាន​ចំនួន​២៥.០០០​ហិកតា និង​ស្រូវ​រដូវប្រាំង​ចំនួន​១​ម៉ឺន​ហិកតា​។ ជាងនេះទៀត ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​តាកែវ​កណ្តាល​និង​រាជធានី​ភ្នំពេញ​ក៏មាន​ទឹក​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ពិសេស​កាត់បន្ថយ​ទឹកជំនន់​នៅ​រដូវវស្សា​ផង ដែរ​។​

​លោក បាន​បន្តទៀតថា​ទំនប់​តា​សាល​មាន​ប្រវែង​៧២០​ម ដែលមាន​ភ្នំ​សង្ខាង ទប់​ទំនប់​កណ្តាល ទំហំ​បាត​ក្រោម​៤០​ម កម្ពស់​២០​ម ខ្នង​ទំនប់​លើក​៥​ម៉ែត្រ មាន​ទ្វារ​ទឹក​ចំនួន​៣ លូ​២​កន្លែង​និង​ទ្វារ​បង្ហៀ​១​។ ទំនប់​តា​សាល​ការសាងសង់ ដោយ​ថវិការ​របស់​រដ្ឋាភិបាល ក្រោម​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដោយ​សហការ​ជាមួយ ក្រុមហ៊ុន WAPCOO នៃ​ប្រទេស​ឥណ្ឌា​៕S/

​ទំនប់​តា​សាល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់ធ្វើ​កសិកម្ម​និង​ប្រើប្រាស់​រដូវប្រាំង​និង​រដូវវស្សា​